en     km
en     km

រដ្ឋមន្ត្រីក្រសួង​វប្បធម៌​៖​ សមាហរណកម្ម​អាស៊ាន​មិន​បង្ក​ផល​ប៉ះពាល់​ខ្លាំងក្លា​ដល់​វប្បធម៌​ខ្មែរ​នោះ​ទេ​

Share

cover-MoCFA's-work-assembly
ថ្លែង​ក្នុង​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​វប្បធម៌​ឆ្នាំ​ ២០១៥​ និង​លើក​ទិស​ដៅ​ការងារ​វប្បធម៌​ឆ្នាំ​ ២០១៦​ នៅ​ថ្ងៃ​ទី​១៣​ ខែមករា​ ឆ្នាំ​២០១៦​នេះ​ រដ្ឋមន្ត្រីក្រសួង​វប្បធម៌​ និង​វិចិត្រសិល្បៈ​ លោកស្រី​ ភឿ​ង​ ស​កុ​ណា បាន​លើក​ឡើង​ថា​ វប្បធម៌​ខ្មែរ​ គឺ​មាន​វ័យ​ចំណាស់​ជាងគេ​ក្នុង​ចំណោម​ប្រទេស​នៅ​តំបន់​អាស៊ាន​ ដូច្នេះ​សមាហរណកម្ម​អាស៊ាន​នឹង​មិន​បង្ក​ផល​ប៉ះពាល់​អ្វី​ខ្លាំងក្លា​នោះ​ទេ​ដល់​វប្បធម៌​ខ្មែរ​។​

​តែ​អ្នក​សិក្សា​ស្រាវជ្រាវ​សង្គម​កម្ពុជា​វិញ​មើលឃើញ​ថា​ វប្បធម៌​បរទេស​បច្ចុប្បន្ន​កំពុង​មាន​ឥទ្ធិពល​ក្នុង​សង្គម​កម្ពុជា​ ដែល​ទាមទារ​ឱ្យ​ស្ថាប័ន​ពាក់ព័ន្ធ​ត្រូវ​ពង្រឹងសមត្ថភាព​ការពារ​វប្បធម៌​ជាតិ​ជា​បន្ទាន់​។​

លោកស្រី​ ភឿ​ង​ ស​កុ​ណា
លោកស្រី​ ភឿ​ង​ ស​កុ​ណា

រដ្ឋមន្ត្រីក្រសួង​វប្បធម៌​ និង​វិចិត្រសិល្បៈ​ថ្លែង​ថា​ ប្រទេស​កម្ពុជា​ជា​ប្រទេស​ដែល​មាន​អរិយធម៌​ខ្ពស់​ផ្នែក​វប្បធម៌​ និង​មាន​វ័យ​ចំណាស់​ជាងគេ​ក្នុង​បណ្តា​ប្រទេស​នានា​នៅ​តំបន់​អាស៊ាន​។​

លោកស្រី​បន្ថែម​ថា​ កម្ពុជា​មាន​ធនធានមនុស្ស​ដែល​មាន​សមត្ថភាព​គ្រប់គ្រាន់​ ដើម្បី​ចែករំលែក​បទ​ពិសោធ​របស់​ខ្លួន​ ទៅ​កាន់​ប្រទេស​ជិតខាង​បាន​ថែម​ទៀត​ផង​ ក្នុង​បរិបទ​សមាហរណកម្ម​អាស៊ាន​នេះ​។​  តែ​យ៉ាងណា​ក៏​ដោយ​ លោកស្រី​បញ្ជាក់​ថា​ ការ​រៀនសូត្រ​ និង​ការ​ចែករំលែក​គ្នា​ទៅ​វិញ​ទៅ​មក​ពី​វប្បធម៌​ ប្រពៃណី​របស់​ជាតិ​នីមួយៗ​គឺជា​ប្រការ​ដែល​គួរតែ​ធ្វើ​។​

លោកស្រី​ ភឿ​ង​ ស​កុ​ណា​៖​ «​ចំពោះ​សមាហរណកម្ម​អាស៊ាន​យើង​បាន​ត្រឹម​ធនធានមនុស្ស​ ធនធានមនុស្ស​ដូច​ខ្ញុំ​ថា​អ​ញ្ចឹ​ង​ វប្បធម៌​របស់​ខ្មែរ​គឺជា​វប្បធម៌​មួយ​ខ្ពង់ខ្ពស់​។​ យើង​មាន​មោ​ទក​ ភាព​ចំពោះ​វប្បធម៌​ជាតិ​យើង​ កាលណា​យើង​និយាយ​អំពី​សហគមន៍​អាស៊ាន​ពេល​យើង​ទៅ​ វប្បធម៌​របស់​យើង​ជួនកាល​អាច​ដឹង​នាំ​គេ​ផង​ និង​ចែករំលែក​បទ​សោធន៍​របស់​វប្បធម៌​យើង​ទៅ​ប្រទេស​ជិតខាង​ផង​។​ កន្លែង​នេះ​មួយ​ យើង​មិនមែន​ថា​មោទកភាព​ខ្ពស់​រហូត​មិន​បារម្ភ​ទេ​ ក៏​ប៉ុន្តែ​យើង​ក៏​មិន​មាន​គួរ​ឱ្យ​ភ័យ​ខ្លាច​ណាស់​ដែរ​ ព្រោះ​ខ្មែរ​មាន​វប្បធម៌​ច្រើន​ដែល​ចែករំលែក​»​។​

លោក​ មាស​ នី
លោក​ មាស​ នី

អ្នក​សិក្សា​ពី​ការ​អភិវឌ្ឍ​សង្គម​ លោក​ មាស​ នី​ មិន​យល់​ស្រប​នឹង​ការ​លើក​ឡើង​ខាងលើ​នេះ​ទេ​ ដោយ​លោក​មាន​ប្រសាសន៍​ថា​ នៅ​ក្នុង​សម័យ​សកលភាវូបនីយកម្ម​នេះ​ វប្បធម៌​ប្រទេស​មួយ​តែងតែ​ទទួល​រង​ផល​ប៉ះពាល់​ពី​ប្រទេស​មួយ​ដោយ​ជៀស​មិន​ផុត​។​ ជា​ការ​សង្កេត​ លោក​ មាស​ នី​ យល់​ឃើញ​ថា​ វប្បធម៌​បរទេស​បច្ចុប្បន្ន​កំពុង​វាយលុក​ចូល​ក្នុង​សង្គម​កម្ពុជា​គួរ​ឱ្យ​កត់សម្គាល់​ ស្តែង​ឡើង​តាម​រយៈ​ការ​ស្លៀកពាក់​របស់​យុវវ័យ​ជាដើម​។​

អ្នក​សិក្សា​ពី​ការ​អភិវឌ្ឍ​សង្គម​រូប​នេះ​ ផ្តល់​ជា​អនុសាសន៍​ថា​ កម្ពុជា​ត្រូវ​តែ​ពង្រឹង​សមត្ថភាព​ផ្នែក​វប្បធម៌​របស់​ខ្លួន​ ដើម្បី​ជៀសវាង​ការ​បាត់បង់​។​ លោក​ មាស​ នី​៖​ «​រឿង​ដែល​ពិតមែនតែ​ន​នោះ​គឺ​វប្បធម៌​វា​នឹង​ហូរ​ចូល​មក​ ទោះបីជា​យើង​ចង់​ទប់​ក៏​ទប់​មិន​ជាប់​ដែរ​ ប៉ុន្ដែ​រឿង​សំខាន់​គឺ​សមត្ថភាព​របស់​សង្គម​មួយ​ សមត្ថភាព​របស់​វប្បធម៌​ក្នុង​ការ​ត្រៀមខ្លួន​ដើម្បី​ សម្របសម្រួល​ជាមួយ​វប្បធម៌​ដទៃ​ហ្នឹង​ ដើម្បី​ជៀសវាង​ធ្វើ​យ៉ាងម៉េច​ការពារ​សមត្ថភាព​ខ្លួនឯង​ កុំ​ឱ្យ​វា​បាត់បង់​»​។​

​យោង​តាម​របាយការណ៍​បូក​សរុប​លទ្ធផល​ការងារ​របស់​ក្រសួង​វប្បធម៌​ និង​វិចិត្រសិល្បៈ​ឆ្នាំ​ ២០១៥​ បាន​បង្ហាញ​ថា​ ក្រសួង​សម្រេច​បាន​ ៧៦%​ នៃ​សកម្មភាព​ការងារ​ចំនួន​ ៣៧៣​ ដែល​បាន​ដាក់​ចេញ​។​ ក្នុង​នោះ​ កា​ងារ​នៅ​ថ្នាក់​កណ្ដាល​សម្រេច​បាន​ ៧៧%​ នៃ​សកម្មភាព​ការងារ​សរុប​ចំនួន​ ១២៣​  និង​នៅ​ថ្នាក់​មន្ទីរ​វប្បធម៌​ និង​វិចិត្រសិល្បៈ​រាជធានី​ ខេត្ត​សម្រេច​បាន​ ៧៥%​នៃ​សកម្មភាព​ការងារ​សរុប​ចំនួន​ ២០៥​។​ សម្រាប់​ឆ្នាំ​២០១៦​ ក្រសួង​បាន​ដាក់​ចេញ​នូវ​ផែនការ​សកម្មភាព​ ចំនួន​ ៦៨៦​ សកម្មភាព​ ក្នុង​នោះ​អង្គភាព​ថ្នាក់​កណ្ដាល​មាន​ ១៩២​ សកម្មភាព​ និង​ថ្នាក់​រាជធានី​-​ខេត្ត​មាន​ ៤៩៤​ សកម្មភាព​៕​

Share

ព័ត៌មានទាក់ទង

Image