en     km
en     km

សាច់ញាតិជនរងគ្រោះបន្តទាមទារយុត្តិធម៌ក្នុងសោកនាដកម្មរត់ជាន់គ្នានៅកីឡដ្ឋានឥណ្ឌូនេស៊ី

Share

កាលពីថ្ងៃអាទិត្យ ទី១ ខែតុលាម្សិលមិញ ប្រជាជនឥណ្ឌូនេស៊ីរាប់រយនាក់ចូលរួមគោរពវិញ្ញាណក្ខន្ធជនរងគ្រោះនៅក្នុងសោកនាដកម្មផ្ទុះហិង្សានិងរត់ជាន់គ្នាកាលពីឆ្នាំ២០២២។ ហេតុការណ៍នេះកើតឡើងនៅអំឡុងពេលប្រកួតកីឡាបាល់ទាត់រវាងក្រុម Arema FC និងក្រុម Persebaya Surabaya នៅកីឡដ្ឋាន Kanjuruhan ក្នុងទីក្រុង Malang នៃប្រទេសឥណ្ឌូនេស៊ី។​ នេះបើយោងតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន Channel News Asia។

ជុំវិញហេតុការណ៍នេះដែរ មានមនុស្សយ៉ាងហោចណាស់ ១៣៥នាក់បានស្លាប់ ដែលនៅក្នុងនោះមានកុមារ​ចំនួន ៤៣នាក់​។​ រីឯមនុស្សជាង ៣០០នាក់ផ្សេងទៀតរងរបួសធ្ងន់ស្រាលលើរាងកាយ ខណៈមនុស្សជាច្រើននាក់ក៏ជួបនូវវិបត្តិផ្លូវចិត្តដោយសារកត្តាបាត់បង់សាច់ញាតិ ឬបាក់ស្បាតនៅក្នុងព្រឹត្តិការណ៍កាលពីឆ្នាំនោះជាដើម។

អស់រយៈពេលជាង១ឆ្នាំហើយ ក៏ប៉ុន្តែសាច់​ញាតិ​របស់ជនរងគ្រោះមួយចំនួននៅ​តែបន្ត​ស្វែង​រក​យុត្តិធម៌ ដដែលដោយ​អះអាង​ថា ការ​កាត់​ទោស​មន្រ្តីប៉ូលីស ៣នាក់ និងជនស៊ីវិល ២នាក់ ឱ្យជាប់​ពន្ធនាគារ​ចន្លោះ​ពី១​ឆ្នាំ-២​ឆ្នាំ​កន្លះពីបទធ្វេសប្រហែសបណ្តាលឱ្យមានមនុស្សស្លាប់ ជាការដាក់ទោសក្នុងកម្រិតស្រាលនៅឡើយ។ ជាងនេះទៀត ទាំងសកម្មជន ក្រុមគ្រួសារជនរងគ្រោះ ជនរងគ្រោះ និងអ្នកពាក់ព័ន្ធក្នុងករណីនេះ​​ទាមទារ​ឱ្យសមាគម​បាល់ទាត់​ឥណ្ឌូនេស៊ី​ប្រកាស​ថ្ងៃទី ១ តុលា ជា​ថ្ងៃ​កាន់ទុក្ខ​របស់ជាតិ។

យ៉ាងណាមិញ តាមប្រភពសារព័ត៌មាន CNA ដដែលឱ្យដឹងទៀតថា ដំបូងឡើយការប្រកួតប្រព្រឹត្តទៅជាធម្មតាដោយក្រុមទាំងពីរស្វះស្វែងបញ្ចេញសមត្ថភាពនៅលើទីលានរៀងៗខ្លួន ហើយចុងក្រោយក្រុម Persebaya យកឈ្នះក្រុមម្ចាស់ផ្ទះក្នុងលទ្ធផល ៣ ទល់នឹង ២។ លទ្ធផលនេះហាក់ធ្វើឱ្យអ្នកគាំទ្រក្រុម Arema FC មិនពេញចិត្តជាខ្លាំង ទើបផ្ទុះការប្រើប្រាស់ពាក្យសម្តីមិនសមរម្យរហូតឈានដល់ការប្រើប្រាស់អំពើហិង្សា។

ទន្ទឹមគ្នានោះដែរ ក្រោមការអន្តរាគមន៍របស់ប៉ូលីសមិនបានធ្វើឱ្យស្ថានការណ៍ល្អប្រសើរនោះទេ ពោលគឺកាន់តែធ្វើឱ្យអ្នកគាំទ្រខឹងសម្បារ ដែលជាហេតុនាំឱ្យប៉ូលីសបាញ់ឧស្ម័នបង្ហូរទឹកភ្នែកចូលទៅក្នុងទីលានប្រកួត។ ចំណែកអ្នកគាំទ្រមួយចំនួនទៀតនាំគ្នាប្រញាប់ប្រញាល់រត់ចេញតាមច្រកតូចៗរបស់កីឡដ្ឋាន ដែលតម្រូវឱ្យប្រជ្រៀតគ្នាផង ជាន់គ្នាផង ពិសេសប៉ូលីសពីររូបវិះនឹងបាត់បង់ជីវិតនៅកន្លែងនោះផងដែរ៕

ប្រភព៖ CNA ចុះថ្ងៃច័ន្ទ ទី២ ខែតុលា ឆ្នាំ២០២៣

 

Share

Image Not Found
Image

ព័ត៌មានទាក់ទង