ភ្នំពេញ៖ ជុំវិញរបាយការណ៍ដែលក្រសួងទេសចរណ៍បង្ហាញថាចំនួនភ្ញៀវទេសចរណ៍ក្នុងរយៈពេល៨ខែ ឆ្នាំ២០២៣ មានកើនឡើងបើធៀបទៅនឹងឆ្នាំកន្លងទៅ ក៏គេនៅតែសង្កេតឃើញមាន ការលើកឡើងពីការរអ៊ូរទាំរបស់មហាជនជាពិសេសនៅលើបណ្តាញសង្គមថាភ្ញៀវទេសចរមានការថយចុះ នៅនៅតាមតំបន់រមណីយដ្ឋានសំខាន់ៗមួយចំនួន ដោយក្នុងនោះមានទីតាំងប្រាសាទអង្គរវត្តផងដែរ។ ជាមួយគ្នានេះ អ្នកជំនាញសេដ្ឋកិច្ចនៅតែស្នើឱ្យរដ្ឋាភិបាលគួរតែយកចិត្តទុកដាក់ និងមានយន្តការបន្ថែមក្នុងការស្តារវិស័យទេសចរណ៍។
កញ្ញា គុជ ស៊ីកុល រាយការណ៍ ….
ទន្ទឹមនឹងការរិះគន់ពីការថយចុះនូវចំនួនភ្ញៀវទេសចរមករមណីយដ្ឋានសំខាន់ៗ ក្រសួងទេសចរណ៍បានបង្ហាញរបាយការណ៍អំពីចំនួនភ្ញៀវទេសចរក្នុងអំឡុងខែកន្លងទៅ។ របាយការណ៍របស់ក្រសួងទេសចរណ៍នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ បង្ហាញឱ្យឃើញថា អាត្រានៃចំនួនភ្ញៀវទេសចរណ៍ក្នុងរយៈពេល៨ខែឆ្នាំ២០២៣ មានការកើនឡើងបើធៀបទៅនឹងឆ្នាំ២០២២។ ប៉ុន្តែកំណើនភ្ញៀវទេចរណ៍នេះ បើធៀបរយៈពេលដូចគ្នាឆ្នាំ២០១៩ គ្រាមុនវិបត្តិកូវីដ-១៩ ក្រសួងទេសចរណ៍គូសបញ្ជាក់ថា ចំនួននេះនៅមានការថយចុះ នៅឡើយ។ ជុំវិញបញ្ហានេះ អ្នកជំនាញសេដ្ឋកិច្ចនៅតែស្នើ ឱ្យមានការយកចិត្តដាក់បន្ថែមពីរាជរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធ ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍បន្ថែម។
យ៉ាងណាម៉ិញគេសង្កេតឃើញថា របាយការណ៍នេះបង្ហាញឡើងក្នុងពេលដែលមានការលើកឡើងវែកញែកជាហូរហែ ពីបញ្ហាដែលសារព័ត៌មាន និងអ្នកធ្វើមាតិកាតាមបណ្ដាញសង្គម លើកឡើងពីបញ្ហាស្ងាត់ភ្ញៀវទេសចរ នៅតាមតំបន់រមណីយដ្ឋានសំខាន់ៗមួយចំនួន ដោយក្នុងនោះមានទីតាំងប្រាសាទអង្គរវត្ត និងទីតាំងសំខាន់មួយចំនួនទៀតផងដែរ។
ទាក់ទងទៅនឹងការមើលឃើញពីអត្រាថយចុះនៃចំនួនភ្ញៀវទេសចររបស់មហាជននេះ លោក តុប សុភ័ក អ្នកនាំពាក្យក្រសួងទេសចរណ៍បកស្រាយថា មកពីកត្តាអកាសធាតុ មិនអំណោយផលដែលបង្កផលលំបាកដល់អ្នកទេចរ។ បន្ថែមពីនេះ ក្រសួងនឹងយកការរិះគន់ទៅពិភាក្សា និងចេញជាផែនការទាញយកភ្ញៀវទេចរ។
លោក តុប សុភ័ក៖« គឺក្រសួងស្ថាប័នទាំងអស់កំពុងតែខិតខំធ្វើការយ៉ាងសស្រាកសស្រាំង ចំពោះការងារនេះហើយយើងនឹងខិតខំធ្វើនូវអ្វីដែលជាការបន្សាបទៅនឹងឥទ្ធិពលដែលគេនិយាយមិនល្អអំពីកម្ពុជារបស់យើង អ៊ីចឹងយើងប្រែក្លាយពីចំណុចអវិជ្ជមានហ្នឹង ឱ្យក្លាយជាឱកាសនៃការទាក់ទាញវិញ អ៊ីចឹងក្រសួង និងស្ថាប័នពាក់ព័ន្ធទាំងអស់បាទយើងកំពុងតែខិតខំធ្វើការនេះហើយបាទ»
ដោយឡែក លោក គី សេរីវឌ្ឍ អ្នកជំនាញសេដ្ឋកិច្ច នៃបណ្ឌិត្យរាជសភាកម្ពុជា មើលឃើញថាស្ថានភាពនៃចំនួនភ្ញៀវទេសទេសចរនៅកម្ពុជានៅតែមិនទាន់មានភាពល្អប្រសើរនៅឡើយ ដោយលោកសំអាងលើហេតុផលវិបត្តិសេដ្ឋកិច្ចសាកល និងបញ្ហាក្នុងស្រុកដូចជាកង្វះនៃការផ្សព្វផ្សាយ ដែលជាបញ្ហាមួយបង្កឱ្យការស្គាល់ប្រទេសកម្ពុជាមិនទាន់ទូលំទូលាយ។
លោក គី សេរីវឌ្ឍ៖« ការផ្សព្វផ្សាយនៅតំបន់ទេសចរណ៍របស់យើងនែក៎ ការធ្វើការថតទីតាំងការរៀបចំសហគមន៍ទេសចរណ៍របស់យើងក៏នៅមានកម្រិតដែលដែរយើងមិនអាចបង្ហាញ មិនអាចទាក់ទាញឱ្យបានល្អ អ៊ីចឹងរដ្ឋាភិបាលក៏គួរតែពិចារណាទៅលើចំណុចនេះដែរថាតើគួរផ្សាយតំបន់ទេសចរណ៍យើងបន្ថែមទៀតក្នុងកម្រិតណាបែបណា និងទាមទារឱ្យមានការសិក្សាបន្ថែមទៀតដើម្បីឱ្យការផ្សព្វផ្សាយប្រកបដោយប្រសិទ្ធិភាពជម្រុញឱ្យភ្ញៀវទេចរបានឃើញ ព័ត៌មានហ្នឹងបានទៅដល់ភ្ញៀវទេសចរដដៃៗទៀត ពីព្រោះថាមានភ្ញៀវបរទេសច្រើនណាស់ជាពិសេសចិនហ្នឹងតែម្តងមានតែមួយចំនួនតូចទេបានស្គាល់កម្ពុជា មួយចំនួនធំទៀតមិនទាន់ស្គាល់ថាប្រទេសកម្ពុជានៅឯណានោះទេ»
លោក តុប សុភ័ក បានលើកឡើងថាក្រសួងទេសចរណ៍កំពុងតែដើរតាមនូវយុទ្ធសាស្រ្តធំៗចំនួន២។ ប៉ុន្តែលោកសង្កត់ធ្ងន់ចំពោះយុទ្ធស្រាស្រ្តទីមួយដែលហៅថាការ«បង្កើនប្រាំ» ដោយលោកអះអាងថាចំនុចទាំងនេះ មានសក្តានុភាពដើម្បីកែលម្អវិស័យទេសចរណ៍មានលក្ខណៈល្អប្រសើរ។ ជាពិសេសអ្នកនាំពាក្យក្រសួងទេសចរណ៍រូបនេះបន្ថែមថាក្រសួងនឹងយកចិត្តដាក់នូវក្នុងចំណុចទី២នៃការបង្កើនប្រាំ គឺ ពង្រឹងទៅលើការផ្សព្វផ្សាយនូវតំបន់ទេសចរណ៍កម្ពុជាទៅកាន់បណ្តាប្រទេសនានា។
លោក តុប សុភ័ក៖« បាទទី២គឺការបង្កើនប្រសិទ្ធភាពនៃការផ្សព្វផ្សាយទាក់ទាញទេចរណ៍ទៅកាន់ទីផ្សារធំៗគឺយើងនឹងធ្វើលារផ្សាយឱ្យចំគោលដៅរបស់យើងទៅកាន់ទីផ្សារធំៗបាទ»
បន្ថែមពីការមើលឃើញនូវបញ្ហាបង្កឱ្យមានការរាំងស្ទះទេសចរ លោក គី សេរីវឌ្ឍ ក៏បានផ្តល់នូវដំណោះស្រាយមួយចំនួនដោយផ្ដោតលើការពង្រឹងគុណភាព ដូចជាការច្នៃឱ្យមានផលិតផលសរីរាង្គដល់ទេសចរ ពង្រឹងប្រព័ន្ធគ្រប់គ្រងប្រាសាទ និងជាពិសេសលោកគូសបញ្ជាក់ទៅលើបញ្ហាសណ្តាប់ធ្នាប់ និងធានាសន្តិសុខដល់ដំណើរកំសាន្ត ដែលលោកស្នើឱ្យអជ្ញាធររដ្ឋាភិបាល យកចិត្តទុកដាក់ ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិឱ្យត្រឡប់មកចាប់អារម្មណ៍នឹងស្តារវិស័យទេសចរណ៍នៅកម្ពុជា។
លោក គី សេរីវឌ្ឍ៖«រៀបចំនូវផែនទីបង្ហាញផ្លូវតម្លៃភោជ្ជនីយដ្ឋាន តំលៃស្បៀងអាហារនៃការថ្លៃដឹកជញ្ជូនកន្លងមកភ្ញៀវទេសចរណ៍ដែលមកស្រុកយើងគាត់មានពីសោធដែលមានការចាញ់បោកអ្នកមគ្គុទេសក៍ ចាញ់បោកអ្នកដឹកជញ្ជូន ចាញ់បោកភោជ្ជនិយដ្ឋានដែលមានការគិតតំលៃខ្ពស់លើសលប់ជាដើមដែលធ្វើឱ្យខូចឈ្មោះប្រទេសរបស់យើងវិស័យរបស់យើងដូច្នេះកន្លែងហ្នឹងក័គួរតែពិចារណាឡើងវិញថា តើក្រសួងទេសចរណ៍ ឬអាជ្ញាធរពាក់ព័ន្ធគួរតែរៀបចំនូវយន្តការបែបណាដើម្បីគ្រប់គ្រងនូវសេវាកម្មទាំងអស់ហ្នឹង ឱ្យទៅជាសេវាកម្មប្រណិតដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ទើបយើងសង្ឃឹមថាមានកាទាក់ទាញភ្ញៀវទេសចរបានច្រើន»
ក្រសួងទេសចរណ៍ ឱ្យដឹងថា ក្នុងរយៈពេល៨ខែដើមឆ្នាំ២០២៣នេះ កម្ពុជាទទួលបានទេសចរអន្តរជាតិប្រមាណ ៣,៥ លាននាក់ កើនឡើង ២៥០,៨% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២២។ ដោយឡែកបើធៀបរយៈពេលដូចគ្នាឆ្នាំ២០១៩ គ្រាមុនវិបត្តិកូវីដ-១៩ ក្រសួងទេសចរណ៍ឃើញថា ចំនួននេះនៅមានការថយចុះ ១៩,៧% នៅឡើយ ពោលគឺកម្ពុជាទើបតែទទួលបានទេសចរអន្តរជាតិប្រមាណ ៨០% នៃកម្រិតមុនវិបត្តិសម្រាប់រយៈពេល៨ខែឆ្នាំ២០២៣នេះ។ ក្រសួងក៏បានដាក់ការរំពឹងទុកផងដែរថាកម្ពុជានឹងទទួលបានភ្ញៀវទេសចរក្នុងរង្វង់ប្រមាណ៤,៥ លាន ទៅ ៥ លាននាក់សម្រាប់ពេញមួយឆ្នាំ២០២៣នេះ៕