en     km
en     km

រថភ្លើងល្បឿនលឿនដំបូងនៅអាស៊ីអាគ្នេយ៍នឹងដាក់ឱ្យប្រើប្រាស់នៅឥណ្ឌូនេស៊ី ក្រោមជំនួយចិន

Share

អាជ្ញាធរឥណ្ឌូនេស៊ីប្រកាសថា ប្រទេសឥណ្ឌូនេស៊ីនឹងបើកឱ្យប្រជាពលរដ្ឋប្រើប្រាស់ផ្លូវរថភ្លើងល្បឿនលឿនជាផ្លូវការនៅថ្ងៃច័ន្ទ ទី២ ខែតុលា ឆ្នាំ២០២៣នេះ។ ផ្លូវរថភ្លើងល្បឿនលឿននេះ ជាផ្លូវមានល្បឿនលឿនដំបូងគេបង្អស់នៅក្នុងតំបន់អាស៊ីគ្នេយ៍ ពិសេសផ្លូវនេះអាចជួយសម្រួលពេលវេលាធ្វើដំណើររបស់ប្រជាពលរដ្ឋ ដែលជាគម្រោងសាងសង់ក្រោមគំនិតផ្តួចផ្តើមរបស់ចិន​ ក្រោមយុទ្ធសាស្រ្តខ្សែក្រវ៉ាត់និងផ្លូវ ដើម្បីរឹតបន្តឹងចំណងមិត្តភាពរវាងប្រទេសទាំងពីរ។

(កញ្ញា កែវ សុជាតា រាយការណ៍)

យោងតាមសារព័ត៌មាន Channel News Asia នាថ្ងៃច័ន្ទ ទី២ ខែតុលានេះប្រទេសឥណ្ឌូនេស៊ី នឹងបើកសម្ពោធដាក់ឱ្យប្រើប្រាស់នូវផ្លូវរថភ្លើងល្បឿនលឿន ដែលជាផ្លូវរថភ្លើងមានល្បឿនលឿនដំបូងគេបង្អស់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ រថភ្លើងមានល្បឿនលឿ​ននេះមានឈ្មោះថា «Whoosh» មានប្រវែង ២០៩ម៉ែត្រ និង​​មាន​ល្បឿន​ដល់​ទៅ ៣៥០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង។ ជាងនេះទៀត រថភ្លើងនេះ មានលទ្ធភាពដឹកអ្នកដំណើរចំនួន ៦០០នាក់ ដែលធ្វើដំណើររវាងទីក្រុងហ្សាការតា និងទីក្រុង Bandung ដែលមានទីតាំងស្ថិតលើកោះចាវ៉ា(Java)។

នៅក្នុងនោះដែរ ប្រធានាធិបតីឥណ្ឌូនេស៊ី លោក Joko Widodo កោតសរសើរចំពោះគម្រោងនេះជាខ្លាំង ដ្បិតខ្សែក្រវ៉ាត់នេះនឹងជួយសម្រួលការធ្វើដំណើររវាងទីក្រុងទាំងពីរនៅលើកោះ Java ដែលជាកោះមានប្រជាជនរស់នៅច្រើនបំផុត។

ក្រៅពីនេះ សារព័ត៌មានដដែលបញ្ជាក់ថា រថភ្លើងល្បឿនលឿននេះប្រើប្រាស់ពេលតែជាង ៤៥នាទីប៉ុណ្ណោះក្នុងការធ្វើដំណើរ ដែលធម្មតាគេត្រូវការចំណាយពេលជាង ៣ម៉ោងឯណ្ណោះ។ ទន្ទឹមគ្នានេះដែរ រថភ្លើងនេះសាងសងឡើងសម្រាប់តម្រូវទៅតាមការប្រែប្រួលអាកាសធាតុត្រូពិចនៅក្នុងប្រទេសឥណ្ឌូនេស៊ី ពោលគឺបំពាក់ប្រព័ន្ធសុវត្ថិភាពដែលអាចឆ្លើយតបទៅនឹងការរញ្ជួយដី ទឹកជំនន់ និងលក្ខខណ្ឌសង្គ្រោះបន្ទាន់ផ្សេងៗទៀត។

ជាការកត់សម្គាល់ ប្រទេសឥណ្ឌូនេស៊ីនិងចិនគ្រោងនឹងចំណាយទុន​វិនិយោគ​រួម​គ្នាតិចជាង ៥ ពាន់លានដុល្លារអាមេរិកប៉ុណ្ណោះ ក៏ប៉ុន្តែដោយសារតែការផ្ទុះជំងឺរាតត្បាតកូវីដ១៩បានរារាំងការសាងសងម្តងហើយម្តងទៀត ទើបធ្វើឱ្យការចំណាយកើនឡើង។ ជាក់ស្ដែងប្រទេសទាំងពីរបានចំណាយទុនជាង ៧ ពាន់លានដុល្លារអាមេរិកនៅក្នុងគម្រោងសាងសង់រថភ្លើងល្បឿនលឿននេះ។ រថភ្លើងល្បឿនលឿននេះ សាងសងឡើងដោយក្រុមហ៊ុន PT KCIC ដែលមានក្រុមហ៊ុនរដ្ឋឥណ្ឌូនេស៊ីចំនួន ៤សហការគ្នា រួមទាំងក្រោមជំនួយរបស់ក្រុមហ៊ុន China Railway International របស់ចិនផងដែរ៕

ប្រភព៖ CNA ចុះថ្ងៃច័ន្ទ ទី២ ខែតុលា ឆ្នាំ២០២៣

Share

ព័ត៌មានទាក់ទង

Image