នាយកអង្គការមូនិធិបង្ការរបួសអាស៊ីនៅកម្ពុជា ស្នើឱ្យរដ្ឋាភិបាល ពិចារណាឡើងវិញរឿងលុបចោលបណ្ណបើកបរ សម្រាប់អ្នកបើកបរម៉ូតូ ដែលមានទំហំស៊ីឡាំង ចាប់ពី ១២៥ CCចុះក្រោម។
លោក គឹម បញ្ញា បញ្ជាក់ថា មូលហេតុនៃការស្នើសុំនេះ ដោយសារតែលោកយល់ថា បញ្ហាគ្រោះថ្នាក់ចរាចរណ៍ មានស្ថានភាពធ្ងន់ធ្ងរហើយភាគច្រើន ពាក់ព័ន្ធនឹងអ្នកជិះម៉ូតូ ដែល មានទំហំស៊ីឡាំង ១២៥ CC ចុះក្រោមនេះ។
យោងតាមហ្វេសប៊ុកផ្លូវការរបស់លោក គឹម បញ្ញា នាយកអង្គការមូលនិធិបង្ការរបួសអាស៊ី (AIP) នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៦ បានឱ្យដឹងថា នៅក្នុងឱកាសនៃការចូលរួមក្នុងកម្មវិធី សន្ទនាថ្ងៃសៅរ៍ របស់ស្ថានីយ៍ទូរទស្សន៍ PNN កាលពីព្រឹក ថ្ងៃទី៩ ខែមករា កន្លងទៅ លោក បានធ្វើការស្នើសុំទៅរាជរដ្ឋាភិបាលកម្ពុជាឱ្យពិចារណាឡើងវិញ ថាតើចាំបាច់ត្រូវតែ លុបចោលបណ្ណបើកបរ សម្រាប់អ្នកបើកបរម៉ូតូ ដែលមានទំហំស៊ីឡាំងចាប់ពី ១២៥ CC ចុះ ក្រោមតែម្ដង ឬរដ្ឋាភិបាល អាចប្រើមធ្យោបាយផ្សេងទៀត ក្នុងការដោះស្រាយបញ្ហាប្រឈម មួយនេះ ដោយការពន្យារពេល នៃការអនុវត្ដច្បាប់លើផ្នែកមួយនេះ ឬត្រូវបន្ថែមពេលវេលា ក្នុងការធ្វើបណ្ណបើកបរម៉ូតូ។
នៅក្នុងខ្លឹមសារលើទំព័រហ្វេសប៊ុករបស់ លោក គឹម បញ្ញា ដដែលនោះបន្ដថា មូលហេតុនៃការ ស្នើសុំឲ្យមានការគិតគូរឡើងវិញនេះ ដោយសារតែ៖
ទី១. ភាគច្រើនបំផុតនៃជនរងគ្រោះ ដោយសារគ្រោះថា្នក់ចរាចរណ៍ នៅកម្ពុជាគឺជា អ្នកជិះម៉ូតូ និងមួយចំនួនធំ គឺជាអ្នកធ្វើដំណើរតាមម៉ូតូដែលមានទំហំស៊ីឡាំង ១២៥ CC ចុះក្រោម។ ដោយសារបញ្ហាគ្រោះថ្នាក់ចរាចរណ៍ មានស្ថានភាពធ្ងន់ធ្ងរ ហើយពាក់ព័ន្ធនឹងអ្នក ជិះម៉ូតូដែលមានទំហំស៊ីឡាំង ១២៥ CC ចុះក្រោមនេះ ទើបតម្រូវចាំបាច់ត្រូវខិតខំធ្វើការ កែសម្រួលឥរិយាបទ និងជំរុញឲ្យពួកគេបើកបរដោយគោរពច្បាប់ស្តីពីចរាចរណ៍។
លោកថា ការអប់រំផ្សព្វផ្សាយគឺជារឿងចាំបាច់មួយ ប៉ុន្តែការខិតខំ ដើម្បីឱ្យមានអ្នកបើកបរម៉ូតូ ប្រកបដោយសមត្ថភាព និងគុណភាព គិតទាំងសុជីវធម៌ និងការអធ្យាស្រ័យ។ ជាងនេះទៅ ទៀតលោកថា ការប្រឡងយកបណ្ណបើកបរ ឬឯកសារ បញ្ជាក់ពីសមត្ថភាពក្នុងការយល់ដឹង អំពីច្បាប់ (វិធានសុវត្ថិភាព និងបច្ចេកទេស ក្នុងការបើកបរ) គឺជាការចាំបាច់ដើម្បីធានាបាននូវ សមត្ថភាព របស់អ្នកបើកបរម៉ូតូ និងគុណភាពនៅលើដងផ្លូវ។
ទី២. រឿងនេះនឹងបង្កឱ្យមានការលំបាកក្នុងការអនុវត្តច្បាប់៖ ព្រោះក្នុងការអនុវត្តច្បាប់ ក្រៅពី ធ្វើការ ពិន័យអន្តរការ គេមានយន្តការក្នុងការអនុវត្តផ្សេងទៀត ដូចជា ការកាត់ពិន្ទុនៃពិន្ទុ ប័ណ្ណបើកបរ (សរុបមាន ១២ពិន្ទុ)។ នៅពេលកាត់ពិន្ទុអស់ដល់កម្រិតមួយណានោះ គេនឹងព្យួរ ឬដកយកប័ណ្ណបើកបរ ហើយបើជននោះនៅ តែបន្តបើកបរ និងបំពានច្បាប់ នឹងទទួលទោស ទណ្ឌផ្សេងៗទៀតតាមផ្លូវច្បាប់។
ទី៣. ការចូលរួមរបស់ប្រទេសកម្ពុជាក្នុងសមាហរណកម្មអាស៊ាន៖ បើនៅពេលខាង មុខមាន ការបើកឲ្យមានសេរីភាពសម្រាប់លំហូចរាចរណ៍យានយន្តឆ្លងកាត់ពីប្រទេសនីមួយៗ ក្នុង ចំណោមបណ្តាប្រទេសជាសមាជិកអាស៊ាន នោះនឹងបង្កឲ្យមានការលំបាក ដល់ស្ថាប័នរដ្ឋាភិបាល ក្នុងការសម្របសម្រួលជាមួយបណ្តាប្រទេសទាំងនោះ ហើយក៏ដូចជា អាចធ្វើឲ្យប្រជាពលរដ្ឋកម្ពុជាបាត់ឱកាសក្នុងការធ្វើលំហូចរាចរណ៍យានយន្ត ទៅកាន់បណ្តាប្រទេសទាំងនោះ។
លោក គឹម បញ្ញា បន្ថែមថា ចំណុចទាំងឡាយខាងលើ មិនទាន់បានគិតអំពីគោលការណ៍ មិន ស្មើភាពគ្នា ចំពោះមុខច្បាប់របស់អ្នកប្រើប្រាស់ផ្លូវ (អ្នកបើកបររថយន្ត ឬម៉ូតូមានទំហំស៊ីឡាំង ចាប់ពី ១២៦ CC ដែលគ្មានបណ្ណបើកបរហើយបង្កគ្រោះថ្នាក់នាំឱ្យជនរងគ្រោះ ពិការ ឬស្លាប់ នឹងត្រូវទទួលទោសធ្ងន់ធ្ងរជាង (មាត្រា៨៣ និង៨៥)។ ចុះពេល អ្នកបើកបរម៉ូតូ ទំហំស៊ីឡាំង ១២៥ CC ចុះក្រោមបង្កគ្រោះថ្នាក់ដល់គេវិញ?) និងភាពស្មុគស្មាញដែលអាចកើតមានក្នុងការ គ្រប់គ្រងចំពោះ កំណើនជនបរទេសនៅកម្ពុជាដែលបើកបរម៉ូតូមានទំហំស៊ីឡាំង ចាប់ពី ១២៥ CC ចុះ ក្រោមផង។
គួរបញ្ជាក់ដែរថា ការស្នើរសុំរបស់នាយកអង្គការមូលនិធិបង្ការរបួសអាស៊ីនេះ ធ្វើឡើងក្រោយ ប្រមុខរដ្ឋាភិបាលចេញសេចក្ដី ពីការបានលុបចោលបណ្ណបើកបរប្រភេទ ក១ ដែលអ្នកបើកបរទោចក្រយានយន្ត មានកម្លាំងចាប់ពី ១២៥ CC ចុះក្រោម មិនចាំបាច់មាន បណ្ណបើកបរ ហើយ ពលរដ្ឋ ដែលបានបង់លុយរួចហើយ សម្រាប់ថ្លៃប្រឡងយកបណ្ណបើកបរម៉ូតូ ១២៥ CC ចុះក្រោម ឱ្យទៅទទួលប្រាក់វិញឱ្យបានគ្រប់ៗគ្នា៕