ភ្នំពេញ៖ ក្នុងឱកាសទិវាអន្តរជាតិសម្រាប់សិទ្ធិទទួលព័ត៌មានជាសកលនៅកម្ពុជាដែលបានប្រារព្ធកាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ សង្គមស៊ីបានស្នើសុំរដ្ឋាភិបាលរៀបចំច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មានឡើងវិញ ដើម្បីលើកកម្ពស់សេវាសាធារណៈ និងដំណោះស្រាយបញ្ហាប្រឈមនានាលើគ្រប់វិស័យ។ ក្នុងរឿងនេះ មន្រ្តីរដ្ឋាភិបាលបញ្ជាក់ថារដ្ឋាភិបាលនឹងពន្លឿនដាក់ឱ្យអនុវត្តឱ្យបានឆាប់ ដោយតម្កល់សិទ្ធិទទួលបានព័ត៌មានដែលបានអនុវត្តតាំងពីអាណត្តិទី៦។
(កញ្ញាទាវ ឧស្សា ជូននូវសេចក្តីរាយការណ៍)
ការប្រារព្ធទិវាអន្តរជាតិសម្រាប់សិទ្ធិទទួលព័ត៌មានជាសកលនៅកម្ពុជា តែងតែប្រារព្ធឡើង នៅថ្ងៃទី២៨ ខែកញ្ញា ជារៀងរាល់ឆ្នាំ។ ដោយឡែកក្នុងឆ្នាំ ២០២៣នេះ តំណាងរាជរដ្ឋាភិបាល វិស័យឯកជន និងសង្គមស៊ីវិលនឹងនិយាយពិភាក្សាអំពីសារៈសំខាន់នៃការទទួលព័ត៌មានក្នុងយុគសម័យឌីជីថល ក្រោមប្រធានបទ “សារៈសំខាន់ នៃលំហអ៊ីនធឺណែតសម្រាប់សិទ្ធិទទួលព័ត៌មាន”។ នាក្នុងឱកាសនេះ បណ្តាអង្គការសង្គមស៊ីវិលស្នើរាជរដ្ឋាភិបាល និងស្ថាប័នសភាជាតិអនុម័តច្បាប់សិទ្ធទទួលព័ត៌មានដើម្បីលើកកម្ពស់សេវាសាធារណៈ និងដំណោះស្រាយបញ្ហាប្រឈមនានាលើគ្រប់វិស័យ។
លោក ឡាំ សុជាតិ នាយកប្រតិបត្តិអង្គការវិទ្យាស្ថាន តស៊ូមតិនិងគោលនយោបាយ និងជាប្រធានក្រុមការងារសិទ្ធិទទួលព័ត៌មាននៃក្រុមអង្គការសង្គមស៊ីវិល បានលើកឡើងថា ក្រុមការងារសិទ្ធិទទួលព័ត៌មាននៃអង្គការសង្គមស៊ីវិល គាំទ្រឱ្យមានច្បាប់ទទួលបានព័ត៌មានតាមស្តង់ដាអន្តរជាតិពេញលេញ និងស្នើសុំរាជរដ្ឋាភិបាលកែលម្អនូវសេចក្តីព្រាងច្បាប់សិទ្ធិទទួលបានព័ត៌មានមួយចំនួន។
លោក ឡាំ សុជាតិ ៖« ដូចជាក្នុងមាត្រា ១៥ ក្នុងជំពូកទី៣ ម្នាក់ៗទាល់តែ ៤០ ថ្ងៃ សុំព័ត៌មានបានម្តង និង៤០ ថ្ងៃទើបអាចទទួលបានព័ត៌មានបានម្តងទៀត។ សង្គមស៊ីវិលស្នើសុំរដ្ធាភិបាលលុបចំណុចរិតត្បិតមិនចាំបាច់កំណត់ពេល ព្រោះសម័យឌីជីថលអាចទទួលបានព័ត៌មានគ្រប់ពេល ទាំងយប់ ទាំងថ្ងៃ ដោយស្នើសុំព័ត៌មានតាមរូបភាពជា Email ជាពិសេសអ្នកសារព័ត៌មាន សិស្ស និសិត្ស អ្នកប្រកបមុខរបបដែលមានតម្រូវការដើម្បីទទួលបានព័ត៌មានដែលត្រូវការព័ត៌មានជារៀងរាល់ថ្ងៃ ។ សុំស្នើលុបនៅមាត្រា ២០ ចំណុចទី៧ នៃសេចក្តី ព្រាងច្បាប់ ឆ្នាំ២០២០ មានចំណុចចុងក្រោយដែលថា រដ្ឋាភិបាលអាចបដិសេធផ្តល់ព័ត៌មានទាំងឡាយណាដែលប៉ះពាល់ អន្តរាយសណ្ដាប់ធ្នាប់សាធារណៈ ឬព័ត៌មានឯកជនដែលប៉ះពាល់ ប៉ុន្តែព័ត៌មានសម្ងាត់ផ្សេងៗទៀត ដែលមានចែងក្នុងច្បាប់បច្ចុប្បន្ន ចឹងច្បាប់បច្ចុប្បន្នហាក់មានការរឹតត្បិតច្រើនទាក់ទងនឹងការបើកចំហព័ត៌មាន ចង់ឱ្យមានសិទ្ធទទួលព័ត៌មាននេះ គាត់ធានានូវឧត្តមភាពដើម្បីឱ្យច្បាប់ផ្សេងៗ គឺបើកចំហព័ត៌មាន។»
លោក ឡាំ សុជាតិ នាយកប្រតិបត្តិអង្គការវិទ្យាស្ថាន តស៊ូមតិនិងគោលនយោបាយ និងជាប្រធានក្រុមការងារសិទ្ធិទទួលព័ត៌មាននៃក្រុមអង្គការសង្គមស៊ីវិល
ជាមួយគ្នានេះដែរ លោក ណុប វី នាយកប្រតិបត្តិសមាគមន៍សម្ព័ន្ធអ្នកសារព័ត៌មាន(ខេមបូចា) តំណាងក្រុមការងារសិទ្ធិទទួលព័ត៌មាន ក៏បានគាំទ្រនូវការដកចេញនូវមាត្រច្បាប់មួយចំនួន ដែលបានបញ្ជាក់ពីប្រភេទដែលមិនគួរផ្សព្វផ្សាយដែលសាធារណជនមិនអាចស្នើសុំបាន ដូចក្នុងក្នុងមាត្រា២០ជាដើម។
បន្ថែមពីនេះ លោកមានប្រសាសន៍ថា ការទទួលបានព័ត៌មានសាធារណៈមានភាពចាំបាច់និងមានសារៈសំខាន់ណាស់សម្រាប់អ្នកសារព័ត៌មានក្នុងការបង្ហាញដល់សាធារណជន។ លោកលើកឡើងផងដែរថា នៅកម្ពុជាមិនទាន់មានច្បាប់ស្តីពីសិទ្ធទទួលព័ត៌មានទេ ដូច្នេះលោកសំណូមពរដល់តំណាងស្ថាប័នរបស់រាជរដ្ឋាភិបាលពន្លឿនក្នុងការពិនិត្យសេចក្តីព្រាងច្បាប់ស្តីពីសិទ្ធទទួលបានព័ត៌មាននេះ។
លោក ណុប វី៖ «ចំណុចមួយដែលយើងពិនិត្យមើលគឺនៅក្នុងប្រទេសកម្ពុជាយើងអត់ទាន់មានច្បាប់ស្តីពីសិទ្ធទទួលព័ត៌មានទេ ដូចខាងដើមលោកឡាំ សុជាតិលោកបានបញ្ជាក់ហើយថា ដោយមានឯកឧត្តមតំណាងក្រសួងព័ត៌មាន ឯកឧត្តមតំណាងពីស្ថាប័នរដ្ឋាភិបាលផ្សេងៗទៀត សុំថាធ្វើយ៉ាងមិចឱ្យ លើកអ្វីដែលជាការស្នើរបស់សង្គមស៊ីវិលដែលលើកឡើងនៅថ្ងៃនេះ ដាក់ជូនទៅប្រមុខដឹកនាំរដ្ឋាភិបាល ដើម្បីឱ្យមានការពិនិត្យនិងការជំរុញច្បាប់ស្តីពីសិទ្ធទទួលព័ត៌មានណ្អឹងឱ្យបានអនុម័តបានឆាប់រហ័ស។ »
លោក ណុប វី នាយកប្រតិបត្តិសមាគមន៍សម្ព័ន្ធអ្នកសារព័ត៌មាន(ខេមបូចា) តំណាងក្រុមការងារសិទ្ធិទទួលព័ត៌មាន
ពាក់ព័ន្ធនឹងការលើកឡើងរបស់អង្គការសង្គមស៊ីវិល លោក គឹម គុណវឌ្ឍន៍ ជារដ្ឋលេខាធិការក្រសួងព័ត៌មានបានឆ្លើងតាមថា ការតម្កល់សិទ្ធិទទួលបានព័ត៌មានដែលបានអនុវត្តតាំងពីអាណត្តិទី៦ ថ្នាក់ដឹងនាំក្រសួងព័ត៌មានក្នុងអាណត្តិថ្មីនេះ នឹងដាក់ចេញអនុវត្តន៍ក្នុងពេលខាងមុខនេះ។
លោកបានបន្ថែមថា៖ «សូមជម្រាបថា សិទ្ធិទទួលបានព័ត៌មាននេះ ពាក្យងាយស្រួលណាស់ access to information ប៉ុន្តែ relate ជាមួយនឹងអន្តរក្រសួង បាទមានន័យថាពាក់ព័ន្ធនឹងអន្តរក្រសួង មានន័យថាពាក់ព័ន្ធជាមួយនឹងស្ថាប័នទូទៅទាំងស្ថានប័នរាជរដ្ធាភិបាលនិងស្ថាប័នថ្នាក់ក្រោមជាតិ ហេតុដូច្នេះហើយយើងត្រូវតែមានចំណុចដែលយើងត្រូវពិចារណា មានចំណុចដែលត្រូវបន្តការពិភាក្សា ប៉ុន្តែយ៉ាងណាក៏ដោយក្រសួងព័ត៌មានបានអះអាងនៅទីនេះថា យើងនឹងខិតខំធ្វើឱ្យច្បាប់សិទ្ធិទទួលបានព័ត៌មានដែលបានដាក់ចេញ អស់រយៈពេលរាងវែងបន្តិចហើយនោះ នឹងក្លាយជាការពិតសម្រាប់បម្រើប្រជាពលរដ្ឋយើងទាំងមូល។»
សូមបញ្ជាក់ថា អង្គការយូណេស្កូបានកំណត់ថ្ងៃទី២៨ ខែកញ្ញា ជា “ទិវាអន្តរជាតិសម្រាប់សិទ្ធិទទួលព័ត៌មានជាសកល” ជារៀងរាល់ឆ្នាំចាប់តាំងពីឆ្នាំ២០១៦មក បន្ទាប់ពីមានការអនុម័តសេចក្តីសម្រេចមួយ (៣៨C/៧០) ប្រកាសនៅថ្ងៃទី ២៨ ខែកញ្ញា ជារៀងរាល់ឆ្នាំថា ជាទិវាអន្តរជាតិសម្រាប់សិទ្ធិទទួលព័ត៌មានជាសកល។ នេះយោងតាមបង្ហាញពីឯកសាររបស់អង្គការយូណេស្កូ។
ឯកសាររបស់អង្គការយូណេស្កូបញ្ជាក់ថា សិទ្ធិទទួលបានព័ត៌មាន គឺជាសមាសធាតុស្នូលនៃសិទ្ធិសេរីភាពនៃការបញ្ចេញមតិ ដូចដែលត្រូវបានកត់ត្រានៅក្នុងសេចក្តីសម្រេចលេខ ៥៩ នៃមហាសន្និបាតអង្គការសហប្រជាជាតិឆ្នាំ ១៩៤៦ និងនៅក្នុងកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិស៊ីវិល និងនយោបាយ ដែលត្រូវបានគេអនុម័តដោយការិយាល័យឧត្តមស្នងការសិទ្ធិមនុស្ស។ មាត្រា ១៩ នៃសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្សចែងថា សិទ្ធិសេរីភាពក្នុងការបញ្ចេញគំនិត និងការបញ្ចេញមតិរួមមានសេរីភាពក្នុងការទទួល និងចែកចាយព័ត៌មាន និងគំនិតតាមរយៈប្រព័ន្ធផ្សព្វផ្សាយណាមួយដោយមិនគិតពីព្រំដែន៕