លោក វ៉ន ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យសេដ្ឋកិច្ចក្រៅប្រព័ន្ធ(IDEA) (រាប់ពីខាងស្តាំនៅលេខរាងទី៥) ជាមួយនឹងអ្នកពាក់ព័ន្ធនៅមុខសាលាឧទ្ធណ៍ភ្នំពេញ។
រូបភាព៖ទំព័រហ្វេសប៊ុកលោក វ៉ន ពៅ។
ភ្នំពេញ៖ ករណីសំណុំរឿង លោក វន់ ពៅ ទាក់ទងទៅនឹងការតវ៉ា ដែលឈានកុបកម្ម ប្រើហិង្សា រវាងអ្នកតវ៉ានឹងកងកម្លាំងអាជ្ញាធរនៅផ្លូវវេងស្រេង ដែលមានរយៈពេលជិត១០ឆ្នាំមកនេះ លោក នៅតែចាត់ទុកថាខ្លួនលោក រងភាពអយុត្តិធម៌។ មិនត្រឹមតែអយុត្តិធម៌ លោក វន់ ពៅ អះអាងថា សេរីភាពលោកបែរជាស្ថិតក្រោមការឃ្លាំមើលរបស់តុលាការបន្ថែមទៀត។ នៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣នេះ សាលាឧទ្ធរណ៍បានប្រកាសបដិសេធតែការពិន័យជាប្រាក់៨លានរៀលទៅលើលោកពីសាលាដំបូង ប៉ុន្តែទាក់ទងទៅនឹងទោសទណ្ឌគឺស្ថិតក្រោមការរក្សាទុករបស់សាលាដំបូងដដែល។
បន្ទាប់ពីមានវត្តមាននៅសាលាឧទ្ធរណ៍ ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ លោក វន់ ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យសេដ្ឋកិច្ចក្រៅប្រព័ន្ធ(IDEA) បានឱ្យដឹងជុំវិញករណីអំពើហិង្សានៅលើផ្លូវវេងស្រេងឆ្នាំ២០១៤ ថាខ្លួននៅតែរងភាពអយុត្តិធម៌នៅឡើយ។
លោកស្រាយបំភ្លឺថាពាក់ព័ន្ធទៅនឹងការប្រកាសរបស់សាលាឧទ្ធរណ៍ដោយរក្សាទោសរបស់លោកនេះ ចំពោះលោកផ្ទាល់ក៏លោកមិនទាន់បានដឹងច្បាស់ពីហេតុផលជាក់លាក់ណាមួយនៅពីក្រោយសំណុំរឿងក្តីសោះឡើយ។ លោក វ៉ន់ ពៅ សង្កត់ធ្ងន់ថា ការណ៍ដាក់ទោសលោកឱ្យនៅមានទោសដដែលនេះ ប្រៀបបាននឹងបិទសិទ្ធិសេរីភាពលោកបន្ថែមទៀត លើសពីនេះភាពយុត្តិធម៌នៅតែមិនទាន់រកឃើញចំពោះលោក ហើយបានបន្សល់នូវការឈឺចាប់ ដោយលោកអះអាងថា ខ្លួនរងគ្រោះព្រោះគេវាយស្ទើរតែស្លាប់បាត់បង់ជីវិតនៅក្នុងព្រិត្តិការណ៍អំពើហិង្សាកាលពីឆ្នាំ២០១៤។
សម្លេង វ៉ន ពៅ៖«ខ្ញុំមិនដឹងថាហេតុផលនយោបាយអ្វីនៅពីក្រោយទេ ប៉ុន្តែគ្រាន់តែថាការណ៍ដាក់ទោសខ្ញុំឱ្យនៅមានទោសដដែលមានន័យថាដូចជាចង់សេរីភាពរបស់ខ្ញុំអ៊ីចឹង ចងសេរីភាពរបស់យើងអ៊ីចឹងគឺមានន័យថាសេរីភាពរបស់យើងត្រូវបានកំណត់ដោយសារយើងមានទោសគេដាក់ទោសអ៊ីចឹងទៅណាស់ទី១ ទី២ខ្ញុំគិតថាយុត្តិធម៌យើងមិនទទួលបានយុត្តិធម៌ទេបាទ គឺយើងមិនទទួលបានយុត្តិធម៌ដែលយើងជាអ្នករងគ្រោះទេ អ៊ីចឹងចំណុចសំខាន់មាន២គឺទី១យើងមិនទទយលបានការលើកលែង ឬក៏ការចោទប្រកាន់ ទី២គឺយើងមិនទទួលបានយុត្តិធម៌នេះចំណុចសំខាន់ ហើយទី៣មានន័យថាសេរីភាពរបស់យើងគឺស្ថិតនៅក្រោមក្រសែភ្នែករបស់ តុលាការ»
ពាក់ព័ន្ធបញ្ហានេះ វិទ្យុស្រ្តីពុំទាន់ទាក់ទងទៅកាន់លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ បាននៅឡើយទេ គិតត្រឹម ថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ២០២៣នេះ ដោយទូរសព្ទខលចូលមិនមានអ្នកទទួល។
យ៉ាងណាមិញ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យសេដ្ឋកិច្ចក្រៅប្រព័ន្ធ(IDEA) លោក វ៉ន់ ពៅ បន្តថាកន្លងមកលោកទទួលបានយុត្តិធម៌ ពីពលរដ្ឋ កម្មកររួចមកហើយ នៅឡើយតែយុត្តិធម៌ផ្លូវច្បាប់ ហើយលោកបង្ហាញជំហរថាខ្លួននឹងប្រឹងប្រែងគ្រប់នីតិវិធីដើម្បីទាមទារយុត្តិធម៌ក្នុងសង្គមប្រជាធិបតេយ្យឱ្យបានជូនខ្លួនលោក។
លោក វ៉ន ពៅ៖«ខ្ញុំសូមបញ្ជាក់ដល់បងប្អូនជនរួមជាតិទាំងក្នុងនិងក្រៅប្រទេសជាពិសេសក្រុមសហជីពក្នុងវិស័យការងារទាំងអស់ថាយើងនឹងព្យាយាមរកយុត្តិធម៌នៅប្រព័ន្ធយុត្តិធម៌នៅប្រទេសកម្ពុជាឱ្យអស់នីតិវិធី ប្រសិនបើបានយុត្តិធម៌ ឬមិនបានយុត្តិធម៌ ឬយ៉ាងណានោះ គឺយើងនឹងធ្វើទៅតាមលទ្ធភាព ទៅតាមអ្វីដែលយើងនឹងសង្ឃឹម ប្រសិនបើប្រទេសកម្ពុជាមិនផ្តល់យុត្តិធម៌ដល់យើងទេអាហ្នឹងមានទែពលរដ្ឋឬអាចជាអង្គការដៃគូរ ឬក៏វិស័យការងារលើពិភពលោកផ្តល់យុត្តិធម៌ឱ្យខ្ញុំផងដែរ»
កាលពីថ្ងៃទី ១៧ ខែ សីហា ឆ្នាំ២០២៣ លោក វន់ ពៅ រួមទាំងលោក ថេង សាវឿន ប្រធានប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC) បានចូលក្នុងសាវនកាដែលតុលាកាបានកោះហៅ ដើម្បីជំនុំជម្រះពីបទ «ញុះញង់ឱ្យប្រព្រឹត្តអំពើបង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» ដែលពួកគេធ្លាប់ចាប់ខ្លួន និងឃុំខ្លួនក្នុងពន្ធនាគារ៕