បើយោងតាមសារព័ត៌មាន NDTV រាយការណ៍ថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិស្តីពីការហាមឃាត់ ឬរឹតបន្តឹងការធ្វើវិនិយោគជាមួយប្រទេសចិនពាក់ព័ន្ធនឹងគ្រឿងបច្ចេកវិទ្យាកាលពីខែសីហា ឆ្នាំ២០២៣។
នៅក្នុងនោះ បទបញ្ជាដែលលោក Biden បានចុះហត្ថលេខា ធ្វើឡើងក្នុងគោលបំណងការពារសន្តិសុខជាតិ ពិសេសរារាំងមិនឱ្យរដ្ឋធានីរបស់សហរដ្ឋអាមេរិកជួយផ្គត់ផ្គង់ទៅតាមតម្រូវការជាក់ស្តែងរបស់យោធាចិនបាននោះឡើយ។ គួរបញ្ជាក់ដែរថា បទបញ្ជាប្រតិបត្តិនេះនឹងត្រូវហាមឃាត់ ឬរឹតបន្តឹងការធ្វើវិនិយោគលើគ្រឿងអេឡិចត្រូនិក មីក្រូអេឡិចត្រូនិក គ្រឿងបច្ចេកវិទ្យាព័ត៌មាន និងAI(Artificial intelligence) ឬប្រព័ន្ធបញ្ញាសិប្បនិម្មិតមួយចំនួន។
ដោយឡែក ក្រុមប្រឹក្សាពាណិជ្ជកម្មអន្តរជាតិរបស់ប្រទេសចិនស្នើសុំសហរដ្ឋអាមេរិកជាផ្លូវការជុំវិញច្បាប់បម្រាមការធ្វើវិនិយោគខាងលើ ដោយឱ្យសហរដ្ឋអាមេរិកពិចារណាឱ្យបានប្រុងប្រយ័ត្ននិងម៉ឺងម៉ាត់បំផុត។ នេះបើយោងតាមទូរទស្សន៍រដ្ឋចិនរាយការណ៍នៅថ្ងៃសុក្រ ទី២៩ ខែកញ្ញា ឆ្នាំ២០២៣។
តាមប្រភពទូរទស្សន៍រដ្ឋដដែលឱ្យដឹងទៀតថា ក្រុមប្រឹក្សាចិនសម្រាប់ការលើកកម្ពស់ពាណិជ្ជកម្មអន្តរជាតិ អះអាងថា ការរឹតបន្តឹងការធ្វើពាណិជ្ជកម្មនេះបង្ហាញពីភាពមិនច្បាស់លាស់ និងការចែកដែនខណ្ឌឱ្យជាក់លាក់រវាងការធ្វើវិនិយោគសម្រាប់យោធា ឬសម្រាប់ជនស៊ីវិល។ ជាងនេះទៀត ក្រុមប្រឹក្សាចិនសង្កត់ធ្ងន់ថា ការចែងច្បាប់នេះមិនត្រឹមតែបន្ថែមនូវហានិភ័យនៃប្រតិបត្តិការ និងការចំណាយលើការអនុលោមប៉ុណ្ណោះទេ ក៏ប៉ុន្តែថែមទាំងធ្វើឱ្យខូចខាតដល់ខ្សែចង្វាក់ឧស្សាហកម្មសកលថែមទៀតផង។
សូមជម្រាបថា ក្រុមហ៊ុនហិរញ្ញវត្ថុរបស់សហរដ្ឋអាមេរិកបានស្នើសុំឱ្យប្រធានាធិបតីសហរដ្ឋអាមេរិកបំពេញ និងចុះហត្ថលេខាតាមកាលកំណត់នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ ដើម្បីផ្តល់ធាតុចូល ក៏ដូចជានឹងជំរុញឱ្យមានភាពច្បាស់លាស់បន្ថែមទៀតលើច្បាប់ថ្មីនេះ។ តួយ៉ាង ច្បាប់នេះនឹងដាក់ឱ្យអនុវត្តជាធរមាននៅក្នុងឆ្នាំក្រោយ ពោលគឺឆ្នាំ២០២៤ខាងមុខនេះហើយ៕
ប្រភព៖ NDTV ចុះថ្ងៃសុក្រ ទី២៩ ខែកញ្ញា ឆ្នាំ២០២៣