en     km
en     km

UN៖ ស្ត្រីចិនកំពុងប្រឈមនឹងការគាបសង្កត់បិទសិទ្ធិសេរីភាពនៅក្នុងប្រទេស

Share

អង្គការសហប្រជាជាតិសង្កេតឃើញថា នៅក្នុងឆ្នាំ២០២៣នេះ ប្រទេសចិនព្យាយាមគាបសង្កត់ និងបំបិទសិទ្ធិសេរីភាពរបស់ក្មេងស្រីនិងស្រ្តីភេទនៅក្នុងប្រទេសចិនជាខ្លាំង។ តួយ៉ាង ជនជាតិភាគតិចនៅចិនជាច្រើនហាក់ទទួលការមាក់ងាយ បៀតបៀនផ្លូវភេទ និងមានរូបភាពមួយចំនួនដែលញ៉ាំងឱ្យអន្តរជាតិចូលរួមលូកដៃអន្តរាគមន៍ជាបន្ទាន់។ នេះបើយោងតាមសារព័ត៌មាន NDTV ចុះផ្សាយនៅថ្ងៃសុក្រ​ ទី២៩ ខែកញ្ញា ឆ្នាំ២០២៣។

ទន្ទឹមគ្នានេះ​ដែរ បើតាមអនុសាសន៍របស់អ្នកជំនាញក្នុងខែឧសភា ឆ្នាំ២០២៣ គណៈកម្មាធិការលុបបំបាត់ការរើសអើងប្រឆាំងនឹងស្ត្រី (CEDAW) បានកត់សម្គាល់ឃើញថា រដ្ឋាភិបាលចិនដាក់ចេញនូវយន្តការអប់រំដែលតម្រូវឱ្យសិស្សស្រីទីបេស្នាក់នៅក្នុងសាលារៀនរួមគ្នា ការបង្ខំឱ្យស្រ្តីជនជាតិអ៊ុយហ្គួររំលូតកូនចោលនិងក្រៀវប្រដាប់ភេទស្រ្តីមិនឱ្យមានលទ្ធភាពមានកូន និងហិង្សាផ្លូវភេទផ្អែកលើយេនឌ័រជាដើម។

ក្នុងនោះដែរ គណៈកម្មាធិការលុបបំបាត់ការរើសអើងប្រឆាំងនឹងស្ត្រីបាន​សម្តែងការ​ព្រួយ​បារម្ភ ខណៈខ្លួនក៏ចាប់ផ្តើមផ្តល់​អនុសាសន៍ដល់រដ្ឋាភិបាល​ចិនជា​បន្តបន្ទាប់ ដើម្បីទប់ស្កាត់ការរីករាលដាលនៃទង្វើអមនុស្សធម៌នៅក្នុងប្រទេសផងដែរ។

ជាងនេះទៀត គណៈកម្មាធិការស្នើឱ្យរដ្ឋាភិបាលចិនធានាការការពារសិទ្ធិស្ត្រីនៅក្នុងការអនុលោមតាមអនុសញ្ញាស្តីពីសិទ្ធិមនុស្សនៅក្នុងប្រទេសចិននៅឯក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិលើកទី៥៤ ដែលមានចំណងជើងថា «ការរកឃើញនៃគណៈកម្មាធិការសិទ្ធិស្ត្រីរបស់អង្គការសហប្រជាជាតិស្តីពីប្រទេសចិនក្រោមទស្សនវិស័យនៃសហគមន៍ដែលរងផលប៉ះពាល់»។

ដោយឡែក អង្គការសហប្រជាជាតិក៏បានផ្តល់អនុសាសន៍នៅក្នុងរបាយការណ៍មួយដែរថា ប្រទេសចិនត្រូវតែធានាថា កុមារីនិងស្ត្រីជនជាតិភាគតិចដែលកំពុងរស់នៅក្នុងប្រទេសចិនមានសិទ្ធិទទួលបានការណែនាំជាភាសាកំណើតរបស់ពួកគេដូចជាទីបេ អ៊ុយហ្គួរ និងកាហ្សាក់ស្ថាន ពិសេសបញ្ចៀសការបិទសាលារៀនដែលផ្តល់ការបង្រៀនជាភាសាជនជាតិភាគតិចផងដែរ៕

 

ប្រភព៖ NDTV ចុះថ្ងៃសុក្រ ទី២៩ ខែកញ្ញា ឆ្នាំ២០២៣

Share

ព័ត៌មានទាក់ទង

Image