៥ថ្ងៃនៃការធ្វើសមយុទ្ធយោធារួមគ្នាជាលើកដំបូងរបស់ប្រទេសទាំង១០នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ប្រព្រឹត្តទៅជាទីគាប់ប្រសើរដោយសម្ព័ន្ធមិត្តទាំងអស់សហការគ្នាបង្កើនជំនឿទុកចិត្តរវាងគ្នានិងគ្នា ចូលរួមដោះស្រាយបញ្ហាជាអន្តរប្រតិបត្តិ និងបង្កើតសក្តានុពលក្នុងសមាគមប្រជាជាតិអាស៊ានជាដើម។ តើសមយុទ្ធយោធារបស់អាស៊ានសម្រាប់ឆ្នាំ២០២៣ ធ្វើឡើងក្នុងគោលបំណងអ្វី? ចង់ជ្រាបច្បាស់សូមនាងកញ្ញា លោកលោកស្រី អញ្ជើញស្តាប់ការអត្ថាធិប្បាយរបស់នាងខ្ញុំដូចតទៅ៖
តាមសារព័ត៌មាន Channel News Asia ឱ្យដឹងថា សមាគមប្រជាជាតិអាស៊ាន(ASEAN) ចាប់ផ្តើមធ្វើសមយុទ្ធយោធារួមគ្នាជាលើកដំបូងនៅក្នុងប្រទេសឥណ្ឌូនេស៊ី កាលថ្ងៃទី១៩-២៣ ខែកញ្ញា ឆ្នាំ២០២៣ ដែលមានរយៈពេល៥ថ្ងៃ។ សមយុទ្ធយោធានេះទៀតសោតមានឈ្មោះថា សមយុទ្ធសាមគ្គីភាពអាស៊ានឆ្នាំ២០២៣ (ASEAN Solidarity Exercise 2023) ដែលមានប្រទេសជាសមាជិកអាស៊ានចំនួន ៤បានចូលរួមមានដូចជា ឥណ្ឌូនេស៊ី ប្រ៊ុយណេ ម៉ាឡេស៊ី និងសិង្ហបុរី។
ទន្ទឹមគ្នានេះដែរ ឥណ្ឌូនេស៊ីជាធ្វើម្ចាស់ផ្ទះនៅក្នុងព្រឹត្តិការណ៍សមយុទ្ធនេះគូសបញ្ជាក់ថា សមយុទ្ធយោធានៅក្នុងតំបន់អាស៊ីអាគ្នេយ៍មិនមានការចូលរួម ឬពាក់ព័ន្ធពីភាគីខាងក្រៅនោះទេ ពោលគឺគ្មានការជ្រៀតជ្រែកពីបណ្តាប្រទេសណាមួយឡើយ។ ជាក់ស្តែង សមយុទ្ធនេះគឺមិនមានការបាញ់បោះប្រយុទ្ធគ្នាទៅវិញទៅមកនោះទេ ផ្ទុយទៅវិញមានសកម្មភាពចុះល្បាតដែនសមុទ្រ ប្រតិបត្តិការស្វែងរកនិងជួយសង្គ្រោះ ការអនុវត្តជំនួយមនុស្សធម៌ ការជម្លៀសតាមបែបវេជ្ជសាស្រ្ត និងរបៀបជួយសង្រ្គោះក្នុងគ្រោះមហន្តរាយ។
ដោយឡែក ចំពោះសមយុទ្ធសាមគ្គីភាពអាស៊ានឆ្នាំ២០២៣នេះ ធ្វើឡើងក្នុងគោលបំណងសំខាន់ៗចំនួន៣ ដែលមានដូចជា៖ ទី១ រក្សាសន្តិសុខសុវត្ថិភាពក្នុងដែនសមុទ្រ ខណៈចិននិងសហរដ្ឋអាមេរិកកំពុងប្រឈមមុខដាក់គ្នា ដែលមន្រ្តីការពារជាតិអាស៊ានព្រួយបារម្ភថា ជម្លោះរវាងប្រទេសទាំងពីរនេះអាចជះផលប៉ះពាល់ដល់ដែនទឹកក្នុងតំបន់អាស៊ាន។ លើសពីនេះ សមយុទ្ធនេះ ធ្វើឡើងក្នុងគ្រាដែលចិនយាយី និងទាមទារដែនសមុទ្រចិនខាងត្បូងយកធ្វើជាកម្មសិទ្ធិផ្តាច់មុខស្ទើរតែទាំងស្រុង។
ចំណែកគោលបំណងសំខាន់ទី២នៃការសមយុទ្ធយោធានេះ គឺផ្តល់លទ្ធភាពឱ្យកងកម្លាំងយោធាអាស៊ានទាំងអស់អាចកសាងទំនុកចិត្តរវាងគ្នាទៅវិញទៅមកដោយមិនមានការចូលរួមពីកងកម្លាំងខាងក្រៅ។ កត្តាបណ្តុះនូវការជឿទុកចិត្តគ្នានេះអាចឈានដល់ការប្រាស្រ័យទាក់ទងគ្នាឱ្យកាន់តែប្រសើរឡើង ពិសេសនៅពេលអាស៊ានត្រូវការប្រើកម្លាំងយោធាក្នុងតំបន់ ដើម្បីដោះស្រាយវិបត្តិនាពេលអនាគត។
រីឯគោលបំណងសំខាន់ទី ៣ វិញ សមយុទ្ធយោធាក្នុងតំបន់នេះអាចចូលរួមចំណែកដល់ការកសាងសមត្ថភាពដល់កងទ័ពជើងទឹកអាស៊ានផងដែរ។ តួយ៉ាង អន្តរប្រតិបត្តិការមានសារៈសំខាន់ណាស់ក្នុងការអនុវត្តបេសកកម្មមនុស្សធម៌ ដែលតែងអនុវត្តជាក់ស្តែងក្នុងគ្រោះមហន្តរាយធម្មជាតិនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ ក្រៅពីនេះ អន្តរប្រតិបត្តិការក្នុងចំណោមកងកម្លាំងយោធាអាស៊ាន អាចប្រើប្រាស់នៅក្នុងប្រតិបត្តិការជម្លៀសប្រជាជនជាង ៧៣ ម៉ឺននាក់ដែលកំពុងធ្វើការនៅក្នុងកោះតៃវ៉ាន់ ដោយជម្លៀសពួកគេទៅកាន់ទីកន្លែងសុវត្ថិភាព ប្រសិនជាចិនបន្តដាក់សម្ពាធលើកោះតៃវ៉ាន់ធ្ងន់ធ្ងរនោះ។
យ៉ាងណាមិញ គ្មានសមាជិកអាស៊ានណាម្នាក់មានសមត្ថភាពលើផ្លូវអាកាស និងផ្លូវសមុទ្រគ្រប់គ្រាន់ ដើម្បីជម្លៀសប្រជាជនរៀងៗខ្លួនបានឡើយ ដូច្នេះបេសកកម្មមនុស្សធម៌អាស៊ានត្រូវចាំបាច់សហការរួមគ្នា។ សូមជម្រាបថា ការចូលរួមរបស់សមាជិកអាស៊ានទាំងអស់មានសារៈសំខាន់ណាស់ ដោយសារសមាគមប្រជាជាតិអាស៊ានទាំង១០មិនមែនជាសម្ព័ន្ធមិត្តយោធានោះទេ តែការធ្វើសមយុទ្ធយោធានេះនឹងបង្កើនជំនឿទុកចិត្ត សាមគ្គីភាពមួយកម្រិតទៀត និងបន្តធ្វើអន្តរប្រតិបត្តិការឱ្យកាន់តែល្អប្រសើរ៕
ប្រភព៖ CNA ចុះថ្ងៃព្រហស្បតិ៍ ទី២៨ ខែកញ្ញា ឆ្នាំ២០២៣