ភ្នំពេញ៖ យ៉ាងហោចណាស់មានប្រជាពលរដ្ឋចំនួនជន ប្រមាណ ១លាន ៧សែននាក់នៃ៣៥ ម៉ឺនគ្រួសារក្នុងខេត្តចំនួន៦ ក្នុងប្រទេសកម្ពុជាបានបញ្ឈប់ការបន្ទោរបង់ពាសវាលពាសកាល បន្ទាប់ពីបានចូលរួមជាមួយកម្មវិធីលើកកម្ពស់អនាម័យជនបទនៅកម្ពុជារយៈពេល៤ឆ្នាំ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរួមរបស់ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID ) មូលនិធិគ្រួសារស្តូន (SFF) និងអង្គការ អាយឌីអ៊ី (iDE)ចេញផ្សាយនៅថ្ងៃទី២៨ខែកញ្ញាឆ្នាំ២០២៣នេះ។
ពិធីអបអរសាទរសមិទ្ធផល និងភាពជោគជ័យនៃ “កម្មវិធីលើកកម្ពស់អនាម័យជនបទនៅកម្ពុជា” (DIB)។រូបភាពពីសហការី។
ការបង្ហាញនូវសមិទ្ធផលសម្រេចបានរយៈពេល៤ឆ្នាំនេះ ធ្វើឡើងក្នុងប្រារព្ធពិធីអបអរសាទរសមិទ្ធផល និងភាពជោគជ័យនៃ “កម្មវិធីលើកកម្ពស់អនាម័យជនបទនៅកម្ពុជា” (DIB) ដែលជាកម្មវិធីដំបូងបំផុតក្នុងពិភពលោកលើវិស័យ ទឹកស្អាត និងអនាម័យ (WASH)។កម្មវិធីនេះដែលរៀបចំឡើងនៅសណ្ធាគារ ហីម៉ាវ៉ារី ភ្នំពេញ កាលពីថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ២០២៣ ជាផ្នែកមួយនៃកម្មវិធីលើកកម្ពស់អនាម័យជនបទនៅកម្ពុជា (DIB) ដែលអ្នកពាក់ព័ន្ធប្រឹងប្រែងដើម្បីបញ្ឈប់ការបន្ទោរបង់ពាសវាលពាសកាល និងធ្វើឲ្យប្រសើរឡើងនូវសុខភាពប្រជាជននៅជនបទក្នុងខេត្តចំនួនប្រាំមួយរួមមាន៖ ខេត្ត ស្វាយរៀង កណ្តាល ព្រៃវែង កំពង់ធំ សៀមរាប និងឧត្តរមានជ័យ។
សកម្មភាពសង់បង្គន់អនាម័យរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។រូបភាពពីសហការី។
បើតាមសេចក្តីប្រកាសព័ត៌មាន ការអនុវត្តកម្មវិធីលើកកម្ពស់អនាម័យជនបទនៅកម្ពុជានេះ មូលនិធិគ្រួសារស្តូនជាអ្នកវិនិយោគដែលផ្តល់មូលនិធិដល់អង្គការ iDE សម្រាប់ការអនុវត្តកម្មវិធីផ្គត់ផ្គង់សម្ភារអនាម័យ បង្គន់ ដែលមានគុណភាពល្អ និងតម្លៃសមរម្យដល់រាប់ពាន់គ្រួសារនៅជនបទអាចមានលទ្ធភាពទិញសម្ភារអនាម័យ។
នាយិកាទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) ប្រចាំប្រទេសកម្ពុជា លោកស្រី Kerry Pelzman មានប្រសាសន៍ថា វិធីសាស្រ្តថ្មីនៃការផ្តល់មូលនិធិនេះ បានទទួលលទ្ធផលល្អប្រសើរឡើងលើវិស័យអនាម័យជនបទ។ លោកស្រីបញ្ជាក់ទៀតថា កម្មវិធីលើកកម្ពស់អនាម័យជនបទនៅកម្ពុជាដែលជាកម្មវិធីដំបូងបំផុតរបស់ USAID លើវិស័យអនាម័យនេះ គឺជាយន្តការមួយប្រកបដោយនវានុវត្តភាពក្នុងកិច្ចសហការ និងស្វែងរកដំណោះស្រាយជាមួយបណ្តាអ្នកពាក់ព័ន្ធនានា រួមទាំងវិស័យឯកជនក្នុងស្រុក ដើម្បីសម្រេចបាននូវលទ្ធ ផលនៃការអភិវឌ្ឍដ៏ប្រសើរនេះ។ លោកស្រីបង្ហាញការប្តេជ្ញាចិត្តក្នុងការគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីសម្រេចបាននូវគោលដៅរបស់ខ្លួនក្នុងការបញ្ឈប់ការបន្ទោរបង់ពាសវាលពាសកាលនៅឆ្នាំ២០២៥។
ដោយឡែកលោក John Stone ស្ថាបនិក និងជាប្រធានមូលនិធិគ្រួសារស្តូនមានប្រសាសន៍ថា មូលនិធិនេះបានត្រៀមខ្លួនរួចជាស្រេចហើយចំពោះហានិភ័យនៃភាពបរាជ័យ ដែលអាចកើតឡើង ហើយ USAID យល់ព្រមផ្តល់មូលនិធិសម្រាប់ភាពជោគជ័យនេះ។ លោកថា នេះជាជោគជ័យដ៏អស្ចារ្យមួយនៃភាពជាដៃគូជាមួយ iDE ដែលសម្រេចបាននូវលទ្ធផលដ៏ប្រសើរ ដោយបានផ្តល់ឱ្យប្រជាជន ប្រមាណ ១លាន ៧សែននាក់នៅក្នុងប្រទេសកម្ពុជា ទទួលបាននូវអនាម័យល្អ។ ការឈានដល់ការបញ្ឈប់ការបន្ទោរបង់ពាសវាសពាសកាល នៅក្នុងសហគមន៍ទាំងនេះគិតរាប់ចាប់តាំងពីគម្រោងដែលបានចាប់ផ្តើម ពីឆ្នាំ ២០១១ ដែលកាលនោះចំនួនគ្រួសារនៅជនបទមានចំនួនតិចតួចប៉ុណ្ណោះដែលមានបង្គន់អនាម័យប្រើប្រាស់។”
ក្នុងរឿងនេះដែរលោកស្រី Lizz Welch នាយិកាប្រតិបត្តិនៃ អង្គការ iDE បានលើកឡើងថា៖ “វាជាការរត់ប្រណាំងដ៏អស្ចារ្យមួយ ប៉ុន្តែយើងបានដឹងច្បាស់ថា ដើម្បីបញ្ឈប់ការបន្ទោរបង់ពាសវាលពាសកាល យើងត្រូវការកម្លាំងជំរុញពិសេសមួយ ដើម្បីអាចឈានទៅដល់ទី។ កម្មវិធីលើកកម្ពស់អនាម័យជនបទនៅកម្ពុជា (DIB) គឺជាអ្វីដែលយើងត្រូវការ៖ ការផ្តល់ហិរញ្ញប្បទានដែលអាចបត់បែនបាន ហើយវាមិនអាស្រ័យទៅលើរបៀបដែលយើងធ្វើការនោះទេ ប៉ុន្តែវាអាស្រ័យទៅលើលទ្ធផលដែលយើងសម្រចបាន។”
ប្រជាពលរដ្ឋដែលទទួលផលពីគម្រោង។រូបភាពពីសហការី។
ដោយឡែកលោក តូច ប៉ូលីវ៉ា អភិបាលរងនៃគណៈអភិបាលខេត្តស្វាយរៀង និងជាប្រធានក្រុមការងារផ្នែកទឹកនិងអនាម័យប្រចាំខេត្តស្វាយរៀងមានប្រសាសន៍ថា៖ “ដំណើរឆ្ពោះទៅកាន់ខេត្តដែលប្រកាសឈប់បន្ទោរបង់ពាសវាលពាសកាលដំបូងគេបំផុតនៃខេត្តស្វាយរៀង គឺជាឧទាហរណ៍អំពីអំណាចនៃការសហការគ្នា ការប្តេជ្ញាចិត្ត ការចែករំលែកទំនួលខុសត្រូវរវាងស្ថាប័នសាធារណៈ និងដៃគូអភិវឌ្ឍន៍នានា។ ដោយបានកំណត់អាទិភាពលើលទ្ធភាពទទួលបានទឹកស្អាតប្រើប្រាស់ និងអនាម័យប្រសើរ យើងមិនត្រឹមតែសម្រេចបានគោលដៅជាតិនោះទេ យើងថែមទាំងបានផ្លាស់ប្តូរនូវផ្នត់គំនិតសហគមន៍ជនបទទៀតផង។ កិច្ចសហការនៅគ្រប់កម្រិត បានជំរុញការផ្លាស់ប្តូរឥរិយាបថអនាម័យបីយ៉ាងដ៏សំខាន់គឺ៖ ប្រើប្រាស់បង្គន់អនាម័យជាប្រចាំ បរិភោគទឹកស្អាត និងលាងដៃជាមួយសាប៊ូជានិច្ច។ ភាពជោគជ័យនេះ នឹងជាឧទាហរណ៍គំរូនៃការផ្លាស់ប្តូរកើតចេញពីការចែករំលែកទំនួលខុសត្រូវដើម្បីធានាបាននូវសុខុមាលភាពនៅក្នុងសង្គមជាតិយើង។”
សកម្មភាពសង់បង្គន់អនាម័យរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។រូបភាពពីសហការី។
សូមជម្រាបថា ភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) បានផ្តល់មូលនិធិដល់មូនិធិគ្រួសារស្តូនវិញនៅពេល iDE និង មូលនិធិគ្រួសារស្តូនសម្រេចលទ្ធផលទៅតាមផែនការដែលបានកំណត់ និងព្រមព្រៀងគ្នារួច។ ជាសរុប USAID បានផ្តល់មូលនិធិក្នុងការអនុវត្តកម្មវិធីលើកកម្ពស់អនាម័យជនបទនៅកម្ពុជាមានចំនួនជិត ១០លានដុល្លារសហរដ្ឋអាមេរិក។
ចាប់តាំងពីខែវិច្ឆិកា ឆ្នាំ ២០១៩ ដល់ខែមិថុនា ឆ្នាំ ២០២៣ គម្រោងលើកកម្ពស់អនាម័យជនបទនៅកម្ពុជា បានជួយដល់សហគមជនបទដែលមានប្រមាណជិត ៣៥០,០០០ គ្រួសារទទួលបានការប្រកាសជាភូមិ “បញ្ឈប់ការបន្ទោរបង់ពាសវាសពាសកាល” ប្រកបដោយជោគជ័យដែលជាសមិទ្ធផលដ៏សំខាន់មួយ។
សកម្មភាពមន្រ្តីគម្រោងចុះអប់រំផ្សព្វផ្សាយពីអនាម័យដល់ប្រជាពលរដ្ឋតាមមូលដ្ឋាន។រូបភាពពីសហការី។
កម្មវិធីលើកកម្ពស់អនាម័យជនបទរបស់ USAID បានផ្តល់ដល់មូលនិធិគ្រួសារស្តូន និងអង្គការ iDE នូវលទ្ធភាពក្នុងការរៀនសូត្រ កែតម្រូវ និងបង្កើតនវានុវត្តន៍ថ្មីដែលធ្វើឲ្យកម្មវិធីនេះទទួលបានជោគជ័យលើសផែនការដែលបានគ្រោងទុក ទោះជាប្រឈមនឹងបន្ទុកបន្ថែមនៃជំងឺរាតត្បាត កូវីដ-១៩ក៏ដោយ។ កម្មវិធីលើកកម្ពស់អនាម័យជនបទនៅកម្ពុជានេះសម្រេចបានភូមិបញ្ឈប់ការបន្ទោរបង់ពាសវាលពាសកាលចំនួន ១,៧៨០ភូមិ លើសផែនការ ១,៦០០ភូមិ ទូទាំងខេត្តគោលដៅទាំងប្រាំមួយរបស់គម្រោង៕