ភ្នំពេញ៖ នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣នេញ ស្ថានទូតអូស្រា្តលី និង ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ អំពីផែនការយុទ្ធសាស្ត្របញ្ជ្រាបយេនឌ័រ របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ សម្រាប់ឆ្នាំ ២០២៣-២០២៨។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរួមរបស់ក្រសួងឧស្សាហកម្មនិងស្ថានទូតអូស្រ្តាលីចេញផ្សាយនៅថ្ងៃដដែរនេះ។
ទិដ្ឋភាពនៃសិក្ខាសាលាពិគ្រោះយោបល់ អំពីផែនការយុទ្ធសាស្ត្របញ្ជ្រាបយេនឌ័រ។រូបភាពពីក្រុមការងារពាក់ព័ន្ធ។
ផែនការយុទ្ធសាស្ត្របញ្រ្ជាបយេនឌ័រនេះ គឺជាផែនទីបង្ហាញផ្លូវសម្រាប់ក្រសួងក្នុងការដាក់បញ្ចូលការបញ្ជ្រាបយេនឌ័រ ទៅកាន់កិច្ចការងារនានា និងធ្វើការឆ្ពោះទៅសម្រេចបានសមភាពយេនឌ័រនៅក្នុងការងាររបស់ក្រសួង។ សេចក្តីប្រកាសព័ត៌ មានរួមបង្ហាញថា ការធ្វើបច្ចុប្បន្នភាពផែនការយុទ្ធសាស្ត្របញ្ជ្រាបយេនឌ័រនេះ មានសារៈសំខាន់ក្នុងការឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរបរិបទសង្គម ចំណុចអាទិភាព និងជាពិសេសដើម្បីឱ្យស្របទៅតាមយុទ្ធសាស្ត្របញ្ចកោណសម្រាប់អាណត្តិទី៧ នៃរាជរដ្ឋាភិបាលថ្មី។
ម្ចាស់អាជីវកម្មលក់សម្ភារៈកសិកម្ម។រូបភាពពីក្រុមការងារពាក់ព័ន្ធ។
សិក្ខាសាលានេះ ប្រព្រឹត្តទៅដោយុមានការចូលរួមពីលោក ហែម វណ្ណឌី រដ្ឋមន្ត្រី ក្រសួងឧស្សាហកម្ម លោក ចាស្ទីន វ៉ាយអេត ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅកម្ពុជា ដៃគូសហគ្រាសធុនតូច និងមធ្យម សមាគមធុរកិច្ច អង្គការមិនមែនរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ និងក្រសួងពាក់ព័ន្ធនានាផងដែរ។
លោក ហែម វណ្ណឌី មានប្រសាសន៍ថា ការធ្វើបច្ចុប្បន្នភាពផែនការយុទ្ធសាស្ត្របញ្ជ្រាបយេនឌ័រនេះ គឺជាជំហានមួយដ៏សំខាន់ឆ្ពោះទៅរកការសម្រេចគោលដៅនេះ តាមរយៈការប្រកាន់យកគោលការណ៍បរិយាបន្ន និងចាប់យកសក្តានុពលដែលមិនទាន់បានប្រើប្រាស់នៅក្នុងសហគមន៍ដោយរួមចំណែកកាន់តែប្រសើរឡើង ដល់យុទ្ធសាស្ត្របញ្ចកោណ ដែលផ្តោតលើកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងនិរន្តរភាព។
លោក ហែម វណ្ណឌី រដ្ឋមន្ត្រី ក្រសួងឧស្សាហកម្ម។រូបភាពពីក្រុមការងារពាក់ព័ន្ធ។
ដោយឡែកលោក ចាស្ទីន វ៉ាយអេត មានប្រសាសន៍ថា តំណាងទូតពិតជាមានមោទនភាពណាស់ ក្នុងការធ្វើជាដៃគូជាមួយក្រសួង លើគំនិតផ្តួចផ្តើមដ៏សំខាន់មួយនេះ។ លោកជឿជាក់ថា ផែនការយុទ្ធសាស្ត្រនេះ នឹងជួយដល់ស្រ្តីឱ្យទទួលបានអត្ថ ប្រយោជន៍ប្រកបដោយសមធម៌ ពីសកម្មភាពសេដ្ឋកិច្ចកម្ពុជា។ ជាមួយគ្នានេះដែរ លោកថា អូស្ត្រាលី ប្តេជ្ញាជួយដល់កម្ពុជា ក្នុងការសម្រេចបាន នូវកំណើនសេដ្ឋកិច្ចប្រកបដោយភាពធន់ បរិយាបន្ន និងនិរន្តរភាព។
លោក ចាស្ទីន វ៉ាយអេត។រូបភាពពីក្រុមការងារពាក់ព័ន្ធ។
សូមបញ្ជាក់ថា សិក្ខាសាលានេះ ត្រូវបានគាំទ្រដោយកម្មវិធី ភាពជាដៃគូកម្ពុជា អូស្រ្តាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ (CAPRED)៕