ក្រុមមន្ត្រីប៉ាគីស្ថានរាយការណ៍កាលពីថ្ងៃពុធ ទី២៧ ខែកញ្ញា ឆ្នាំ២០២៣ថា រដ្ឋាភិបាលប៉ាគីស្ថានប្រកាសឱ្យគ្រឹះស្ថានសាលារៀនទាំងអស់បិទទ្វារជាបណ្តោះអាសន្នសិន បន្ទាប់ពីផ្ទុះជំងឺមេរោគភ្នែកដ៏ធ្ងន់ធ្ងរមួយនៅក្នុងប្រទេស។ នៅក្នុងនោះ យ៉ាងហោចណាស់សាលាឯកជន និងសាលារដ្ឋជាង ៥ម៉ឺន ៦ពាន់គ្រឹះស្ថាន ត្រូវផ្អាកបើកបង្រៀនសិស្សមួយរយៈ ក្នុងគោលបំណងទប់ស្កាត់ការរីករាលដាលនៃមេរោគភ្នែក។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia។
តាមប្រភពសារព័ត៌មានដដែលបញ្ជាក់ថា សិស្សានុសិស្សប៉ាគីស្ថានរាប់លាននាក់ត្រូវស្នាក់នៅផ្ទះរៀងៗខ្លួនចាប់ពីថ្ងៃព្រហស្បតិ៍ ទី២៨ ខែកញ្ញានេះតទៅ រហូតរដ្ឋាភិបាលប្រកាសជូនដំណឹងសាជាថ្មី។ ចំណែកឯ ប្រជាពលរដ្ឋនៅខេត្តភាគខាងកើតនៃរដ្ឋ Punjab ក៏នាំគ្នាសម្ងំនៅក្នុងផ្ទះជាជាងការដើរចេញក្រៅ។
ទន្ទឹមគ្នានេះដែរ អ្នកនាំពាក្យនាយកដ្ឋានអប់រំ Punjab លោក Zulfiqar Ali បានប្រាប់សារព័ត៌មាន AFP ថា ការបិទទ្វារគ្រឹះស្ថានអប់រំនេះ ធ្វើឡើងក្នុងន័យចាត់វិធានការយ៉ាងសកម្ម និងរហ័សដើម្បីការពារសុខភាពសិស្សានុសិស្ស។ លោក Ali សង្ឃឹមថា វិធានការនេះអាចជួយកាត់បន្ថយការរីករាលដាលនៃមេរោគភ្នែកនៅក្នុងតំបន់។
គួរបញ្ជាក់ថា មេរោគភ្នែកនេះមានរោគសញ្ញាដូចជាភ្នែកឡើងក្រហម រមាស់ និងហូរទឹករំអិលចេញពីភ្នែកពិសេសអាចចម្លងទៅបុគ្គលផ្សេងទៀតតាមរយៈការប៉ះដៃ ការក្អក និងកណ្តាស់ជាដើម៕
ប្រភព៖ CNA ចុះថ្ងៃព្រហស្បតិ៍ ទី២៨ ខែកញ្ញា ឆ្នាំ២០២៣