ប្រមុខរដ្ឋាភិបាល និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានសម្ដែងការសោកស្តាយ ដែលបានថតសែលហ្វី ជាមួយប្រធានគណបក្សសង្គ្រោះជាតិនាពេលកន្លង។
សម្តេច ហ៊ុន សែន បានសរសេរនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់លោកនៅថ្ងៃទី១៣ ខែ មករា ឆ្នាំ២០១៦ នេះថា កន្លងមកលោកធ្លាប់ថតសែលហ្វី (Selfie) ជាមួយដៃគូសន្ទនា នយោបាយ ដែលមើលឃើញពីសំបកក្រៅហាក់ដូចជាល្អូកល្អឺនល្អជាមួយគ្នាខ្លាំងណាស់។ តែការពិតនោះគឺជា Selfie ដែលបង្កប់ដោយភាពមិនស្មោះត្រង់ ដែលធ្វើឱ្យលោកសោកស្តាយបំផុតមកទល់ពេលនេះ។
សម្តេចបានសរសេរបន្តថា ថ្មីៗនេះលោកបានសាកល្បង Selfie ជាមួយយុវជន សិស្ស និស្សិត មន្ត្រីរាជការ និងប្រជាពលរដ្ឋ ដែលលោកបានឃើញច្បាស់នូវការគោរពស្រឡាញ់ស្មោះស្ម័គ្រចេញពីបេះដូងពិតប្រាកដរបស់ពួកគេ។ លោក សូមអរគុណចំពោះឱកាសដែលបាន Selfie ជាមួយគ្នាតាមបែបសាមញ្ញបំផុត ដែលកាន់តែធ្វើឱ្យរូបលោកបានជិតស្និទជាមួយបងប្អូនជនរួមជាតិទាំងអស់គ្នា។
សូមជម្រាបថា កាលពីពាក់កណ្តាលឆ្នាំ ២០១៥ ក្រុមគ្រួសាររបស់មេដឹកនាំគណបក្សជាប់ឆ្នោតទាំងពីរ បានពិសាអាហារពេលល្ងាចរួមគ្នា នៅសណ្ឋាគារកាំបូឌីយ៉ាណា ក្នុងរាជធានីភ្នំពេញ ដោយពេលនោះ សម្តេច និងលោក សម រង្ស៊ី បានថតសែលហ្វីជាមួយគ្នា ដោយបង្ហាញភាពល្អូកល្អើនជាមួយគ្នាយ៉ាងខ្លាំង ដើម្បីបញ្ជាក់ជាថ្មីអំពីការផ្សះផ្សាខាងនយោបាយ។
រូបថតសែលហ្វីរបស់សម្តេច ហ៊ុន សែន និងលោក សម រង្ស៊ី ត្រូវគ្រួសាររបស់លោកទាំងពីរយកមកបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុក និងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់អ្នកប្រើប្រាស់បណ្តាញសង្គមមួយនេះ។
លោក សម រង្ស៊ី ដែលធ្លាប់បានបង្ហោះរូបនោះបានសរសេរថា « កាលពីយប់មិញនេះ ក្រុមគ្រួសារខ្ញុំ និងក្រុមគ្រួសារសម្ដេច ហ៊ុន សែន បានជួបជុំទទួលទានអាហារជាមួយគ្នា។ ការជួបជុំបែបនេះមានលក្ខណៈជាប្រវត្តិសាស្ត្រ ពីព្រោះវាជាលើកទី១ ហើយ នៅក្នុងប្រទេសកម្ពុជា ដែលមានជំនួបបែបនេះ រវាងក្រុមគ្រួសារគណបក្សកាន់អំណាច និងក្រុមគ្រួសារប្រធានគណបក្សប្រឆាំង»៕