en     km
en     km

សម្តេច​ ហ៊ុន​ សែន​ បង្ហាញ​ការ​សោកស្តាយ​ដែល​បាន​ថត​សែ​ល​ហ្វី​ជាមួយ​លោក​ សម​ រ​ង្ស៊ី​

Share

cover-HS-took-selfie-with-SRS
​ប្រមុខ​រដ្ឋាភិបាល​ និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ បាន​សម្ដែង​ការ​សោកស្តាយ​ ដែល​បាន​ថត​សែ​ល​ហ្វី​ ជាមួយ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​នា​ពេល​កន្លង​។​

សម្តេច​ ហ៊ុន​ សែន​ បាន​សរសេរ​នៅ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​លោក​នៅ​ថ្ងៃ​ទី​១៣​ ខែ​ មក​រា​ ឆ្នាំ​២០១៦​ នេះ​ថា​ កន្លង​មក​លោក​ធ្លាប់​ថត​សែ​ល​ហ្វី​ (Selfie)​ ជាមួយ​ដៃគូ​សន្ទនា​ នយោបាយ​ ដែល​មើលឃើញ​ពី​សំបក​ក្រៅ​ហាក់ដូចជា​ល្អូក​ល្អឺ​ន​ល្អជា​មួយ​គ្នា​ខ្លាំង​ណាស់​។​ តែ​ការ​ពិត​នោះ​គឺជា​ Selfie​ ដែល​បង្កប់​ដោយ​ភាព​មិន​ស្មោះត្រង់​ ដែល​ធ្វើ​ឱ្យ​លោក​សោកស្តាយ​បំផុត​មក​ទល់​ពេល​នេះ​។​

សម្តេច​បាន​សរសេរ​បន្ត​ថា​ ថ្មីៗ​នេះ​លោក​បាន​សាកល្បង​ Selfie​ ជាមួយ​យុវជន​ សិស្ស​ និស្សិត​ មន្ត្រីរាជការ​ និង​ប្រជាពលរដ្ឋ​ ដែល​លោក​បានឃើញ​ច្បាស់​នូវ​ការ​គោរព​ស្រឡាញ់​ស្មោះស្ម័គ្រ​ចេញពី​បេះដូង​ពិតប្រាកដ​របស់​ពួក​គេ​។​ លោក​ សូម​អរគុណ​ចំពោះ​ឱកាស​ដែល​បាន​ Selfie​ ជាមួយ​គ្នា​តាម​បែប​សាមញ្ញ​បំផុត​ ដែល​កាន់តែ​ធ្វើ​ឱ្យ​រូប​លោក​បាន​ជិត​ស្និ​ទ​ជាមួយ​បងប្អូន​ជនរួមជាតិ​ទាំងអស់​គ្នា​។​

សូម​ជម្រាប​ថា​ កាលពី​ពាក់កណ្តាល​ឆ្នាំ​ ២០១៥​ ក្រុម​គ្រួសារ​របស់​មេដឹកនាំ​គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ​ បាន​ពិសា​អាហារ​ពេល​ល្ងាច​រួម​គ្នា​ នៅ​សណ្ឋាគារ​កាំ​បូ​ឌី​យ៉ា​ណា​ ក្នុង​រាជធានី​ភ្នំពេញ​ ​ដោយពេល​នោះ​ សម្តេច​ និង​លោក​ សម​ រ​ង្ស៊ី​ បាន​ថត​សែ​ល​ហ្វី​ជាមួយ​គ្នា​ ដោយ​បង្ហាញ​ភាព​ល្អូកល្អើន​ជាមួយ​គ្នា​យ៉ាង​ខ្លាំង​ ដើម្បី​បញ្ជាក់​ជា​ថ្មី​អំពី​ការ​ផ្សះផ្សា​ខាង​នយោបាយ​។​

រូបថត​សែ​ល​ហ្វី​របស់​សម្តេច​ ហ៊ុន​ សែន​ និង​លោក​ សម​ រ​ង្ស៊ី​ ត្រូវ​គ្រួសារ​របស់​លោក​ទាំង​ពីរ​យក​មក​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ និង​ទទួល​បានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ ពី​សំណាក់​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​មួយ​នេះ​។​

លោក​ សម​ រ​ង្ស៊ី​ ដែល​ធ្លាប់​បាន​បង្ហោះ​រូប​នោះ​បាន​សរសេរ​ថា​ « ​កាលពី​យប់មិញ​នេះ​ ក្រុម​គ្រួសារ​ខ្ញុំ​ និង​ក្រុម​គ្រួសារ​សម្ដេច​ ហ៊ុន​ សែន​ បាន​ជួបជុំ​ទទួលទាន​អាហារ​ជាមួយ​គ្នា​។​ ​ការ​ជួបជុំ​បែប​នេះ​មាន​លក្ខណៈ​ជា​ប្រវត្តិសាស្ត្រ​ ​ពីព្រោះ​វា​ជា​លើក​ទី​១​ ហើយ​ នៅ​ក្នុង​ប្រទេស​កម្ពុជា​ ដែល​មាន​ជំនួប​បែប​នេះ​ រវាង​ក្រុម​គ្រួសារ​គណបក្សកាន់អំណាច​ ​និង​ក្រុម​គ្រួសារ​ប្រធាន​គណបក្សប្រឆាំង​»៕

Share

Image
Image
Image