ភ្នំពេញ៖ យោងតាមសេចក្តីជូនដំណឹងរបស់អាជ្ញាធរជាតិអប្សរាកាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ បានបង្ហាញថា អាជ្ញាធរមិនមានការហាមឃាត់សាធារណជនក្នុងការថតរូបភាព ឬវីដេអូ សម្រាប់ចងក្រងជាអនុស្សាវរីយ៍ផ្ទាល់ខ្លួន ឬលក្ខណៈទេសចរណ៍ ក្នុងគោលបំណងផ្សព្វផ្សាយសិល្បៈ និងវប្បធម៌ របស់កម្ពុជានោះទេ។
ទោះបីជាយ៉ាងណា ដើម្បីបញ្ចៀសនូវកំហុសឆ្គងដោយអចេតនាកើតចេញពីការផ្សព្វផ្សាយ និងអាចធ្វើឲ្យប៉ះពាល់គុណតម្លៃនៃប្រាសាទបុរាណមរតកបានរបស់បុព្វបុរសខ្មែរ និងជាសម្បត្តិបេតិកភណ្ឌពិភពលោក អាជ្ញាធរជាតិអប្សរា តម្រូវឱ្យភ្ញៀវទេសចរជាតិ-អន្តរជាតិដាក់ពាក្យស្នើសុំមកអាជ្ញាធរ ជាតិអប្សរា ចំពោះគោលបំណងមួយចំនួនដើម្បីអនុញ្ញាតឱ្យមន្ត្រីជំនាញមានលទ្ធភាពពិនិត្យជាមុន នូវទិដ្ឋភាពបច្ចេកទេសមួយចំនួន ដូចជាខ្លឹមសារផ្សព្វផ្សាយ និងសម្ភារប្រើប្រាស់ជាដើម។
ក្នុងនោះដែរអាជ្ញាធរជាតិអប្សរាបានបង្ហាញពីគោលបំណងមួយចំនួនដែលតម្រូវឱ្យភ្ញៀវទេសចរជាតិ-អន្តរជាតិស្នើសុំអនុញ្ញាតនោះមានដូចជា ទី១ ការថតរូបភាព ថតភាពយន្ត ឬវីដេអូ ក្នុងគោលបំណងផ្សព្វផ្សាយពាណិជ្ជកម្ម ផលិតផល ឬបង្កើតអាជីវកម្មនានា។
ទី២ ការប្រកបអាជីវកម្មថតសម្លៀកបំពាក់ប្រពៃណីបុរាណ (ថតរូបមុនអាពាហ៍ពិពាហ៍) ដើម្បីអនុញ្ញាតឱ្យមន្រ្តីពិនិត្យភាពសមស្របនៃសម្លៀកបំពាក់ប្រពៃណីបុរាណ។
និងចំណុចចុងក្រោយដែលត្រូវឱ្យសាធារណជនសុំអនុញ្ញាតនោះគឺការថតវីដេអូផ្សាយបន្តផ្ទាល់ដោយក្រុមហ៊ុនទេសចរណ៍ ឬមគ្គុទ្ទេសក៍ទេសចរណ៍ ដែលមានអាជ្ញាបណ្ណត្រឹមត្រូវពីក្រសួងទេសចរណ៍ ក្នុងគោលបំណងផ្សព្វផ្សាយប្រាសាទនានាតាមប្រព័ន្ធអនឡាញជូនទៅអតិថិជនរបស់ខ្លួន។ អាជ្ញាធរជាតិអប្សរាបានបញ្ជាក់ផងដែរថា រាល់ការស្នើសុំការអនុញ្ញាតទាំងអស់សាធារណជនទាំងអស់ ទំនាក់ទំនងមកមជ្ឈមណ្ឌលសេវាកម្មអាជ្ញាធរជាតិ អប្សរារៀងរាល់ម៉ោងបំពេញការងារ។
សូមបញ្ជាក់ថា ករណីដែលអាជ្ញាធរជាតិអប្សរាចេញសេចក្តីជូនដំណឹងនេះ បន្ទាប់ពីមានសាធារណជនក្នុងបណ្ដាញសង្គមជាច្រើនរូបមានចង្ងល់ រិះគន់ និងស្នើសុំឱ្យក្រសួងពាក់ព័ន្ធធ្វើការបកស្រាយ ៕