កាលពីថ្ងៃអង្គារ ទី២៦ ខែកញ្ញា ឆ្នាំ២០២៣ ការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិចេញមុខរិះគន់រដ្ឋាភិបាលបារាំងចំៗចំពោះការហាមប្រាមមិនឱ្យអត្តពលិកជនជាតិបារាំងពាក់កន្សែងគ្របសក់តាមរបៀបសាសនាអ៊ីស្លាមនៅក្នុងព្រឹត្តិការណ៍ប្រកួតកីឡាអូឡាំពិកឆ្នាំ២០២៤។ នេះបើយោងតាមប្រភពសារព័ត៌មាន CNN។
អ្នកនាំពាក្យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស អ្នកស្រី Maria Hurtado និយាយថា គ្មាននរណាម្នាក់មានសិទ្ធិកំណត់ការស្លៀកពាក់របស់ស្រ្តីថាគួរពាក់ ឬមិនគួរពាក់នោះឡើយ ដ្បិតនេះជាសិទ្ធិរបស់បុគ្គលរៀងៗខ្លួនប៉ុណ្ណោះ។ អ្នកស្រីបន្ថែមទៀតថា ប្រទេសបារាំងមានកាតព្វកិច្ចចាត់វិធានការសមស្របទាំងអស់ ដើម្បីកែប្រែគំរូសង្គម ឬវប្បធម៌ដែលផ្អែកលើគំនិតនៃភាពប្រសើរជាង ឬភាពអន់ថយនៃយេនឌ័រក្រោមច្បាប់ស្តីពីការលុបបំបាត់ការរើសអើងលើស្រ្តី។
ទោះបីជាយ៉ាងនេះក្តី អ្នកស្រី Hurtado អះអាងថា ការរើសអើងប្រឆាំងនឹងក្រុមណាមួយនៅក្នុងប្រទេស អាចនឹងជះផលអវិជ្ជមានជាខ្លាំងដល់សហគមន៍ ពិសេសនឹងបង្កើនការតវ៉ាទាមទារសិទ្ធិសេរីភាពតាមរយៈការធ្វើបាតុកម្ម និងបង្កចលាចលក្នុងរូបភាពផ្សេងៗគ្នា។
ដោយឡែក បើយោងទៅតាមស្តង់ដារសិទ្ធិមនុស្សអន្តរជាតិ ការរឹតត្បិតលើការបញ្ចេញមតិលើសាសនា ឬជំនឿដូចជាការស្លៀកសម្លៀកបំពាក់បិទបាំងសក់ឬរូបរាងកាយ គឺអាចទទួលយកបានតែក្នុងដែនកំណត់ជាក់លាក់ប៉ុណ្ណោះ ពោលគឺក្នុងគោលបំណងដោះស្រាយកង្វល់ចំពោះសុវត្ថិភាពសាធារណៈ សណ្តាប់ធ្នាប់សាធារណៈ សុខភាពសាធារណៈ ឬសីលធម៌ក្នុងលក្ខណៈចាំបាច់និងសមាមាត្រ។
គួរបញ្ជាក់ថា កាលពីថ្ងៃអាទិត្យ ទី២៤ ខែកញ្ញា ឆ្នាំ២០២៣ រដ្ឋមន្ត្រីកីឡាបារាំង អ្នកស្រី Amélie Oudéa-Castéra បានប្រកាសមិនអនុញ្ញាតឱ្យអត្តពលិកសញ្ជាតិបារាំងពាក់កន្សែងគ្របសក់ចូលរួមប្រកួតប្រជែងនៅក្នុងព្រឹត្តិការណ៍អូឡាំពិក ដែលនឹងធ្វើឡើងនៅក្នុងទីក្រុងប៉ារីស ឆ្នាំ២០២៤។ រដ្ឋមន្រ្តីរូបនេះគ្រាន់តែជម្រាបសាធារណៈជនសាជាថ្មីនូវការសម្រេចរបស់តុលាការបារាំងកាលពីខែមិថុនា ឆ្នាំ២០២៣ ពីគោលការណ៍អព្យាក្រឹតដែលដាក់បម្រាមហាមអត្តពលិកបារាំងមិនឱ្យស្លៀកពាក់បង្ហាញពីការជាប់ពាក់ព័ន្ធសាសនានៅពេលតំណាងឱ្យប្រទេសបារាំង។ ជាងនេះ អ្នកស្រី Castéra គូសបញ្ជាក់ទៀតថា ច្បាប់អនុវត្តចំពោះអត្តពលិកផ្សេងទៀតនឹងត្រូវកំណត់ដោយសហព័ន្ធអន្តរជាតិនីមួយៗ ក្រោមការគ្រប់គ្រងរបស់គណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC)៕
ប្រភព៖ CNN ចុះថ្ងៃពុធ ទី២៧ ខែកញ្ញា ឆ្នាំ២០២៣