en     km
en     km

នាយករដ្ឋមន្រ្តីថៃទទួលស្វាគមន៍ភ្ញៀវទេសចរចិនដោយផ្ទាល់ ខណៈថៃផ្ទុះរឿងអាស្រូវជួញដូរមនុស្សតាមរយៈខ្សែភាពយន្តចិន

Share

ក្រោយប្រទេសថៃលើកលែងទិដ្ឋាការដល់ប្រទេសចិននិងឥណ្ឌា នៅពេលនេះភ្ញៀវទេសចរចិនចាប់ផ្តើមធ្វើដំណើរកម្សាន្តមកប្រទេសថៃជាបណ្តើរៗហើយ។ អ្វីជាពិសេសជើងហោះហើរពីចិនមកប្រទេសថៃដំបូងត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់នាយកមន្រ្តីថៃដែលទើបឡើងកាន់តំណែងថ្មី។ ការស្វាគមន៍ពីសំណាក់ថៃចំពោះភ្ញៀវទេសចរណ៍ចិននេះក៏ស្របពេលដែលប្រទេសថៃកំពុងលេចឮរឿងអាស្រូវទាក់ទិននឹងការជួញដូរមនុស្សស្តែងចេញតាមរយៈខ្សែភាពយន្តរបស់ចិនផងដែរ។

យោងតាមសារព័ត៌មាន Channel News Asia ឱ្យដឹងថា កាលថ្ងៃច័ន្ទ ទី២៥ ខែកញ្ញា ឆ្នាំ២០២៣ នាយករដ្ឋមន្រ្តីថៃថ្មីទើបកាន់តំណែង លោក សេដ្ឋា ថាវីស៊ីន បានអញ្ជើញទៅទទួលស្វាគមន៍ភ្ញៀវទេសចរចិនដោយផ្ទាល់នៅឯព្រលានយន្តហោះថៃនៃទីក្រុងបាងកក។ តួយ៉ាង នាយករដ្ឋមន្រ្តីថៃរូបនេះ ផ្តល់ជាកិត្តិយសស្វាគមន៍ភ្ញៀវទេសចរចិនក្នុងជើងហោះហើរមកកម្សាន្តនៅក្នុងប្រទេសថៃដំបូងគេបង្អស់ ក្រោយប្រទេសថៃលើកលែងទិដ្ឋាការសម្រាប់ជនជាតិចិន ដែលមានបំណងមកកម្សាន្តប្រទេសខ្លួន។

 

សូមរំលឹកបន្តិចថា គោលនយោបាយលើកលែងទិដ្ឋាការរបស់រដ្ឋាភិបាលថៃចាប់ផ្តើមឱ្យអនុវត្តជាធរមានចាប់ពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ រហូតដល់ខែកុម្ភៈ ឆ្នាំ២០២៤ សម្រាប់ភ្ញៀវទេសចរគោលដៅមានមកពីប្រទេសចិន និងឥណ្ឌា។ គ្រានោះ លោកនាយករដ្ឋមន្ត្រីថៃរូបនេះមានទំនុកចិត្តយ៉ាងមុតមាំថា គោលនយោបាយលើកលែងទិដ្ឋាការនេះនឹងជំរុញសេដ្ឋកិច្ចថៃឱ្យមានសក្តានុពលបន្ថែមទៀត។ លោក ថាវីស៊ីន រំពឹងថា នៅឆ្នាំ២០២៣នេះ ប្រទេសថៃនឹងទទួលស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិចំនួន ៣០លាននាក់។

ដោយឡែក កាលពីពេលថ្មីៗនេះ ខ្សែភាពយន្តចិនមួយខ្សែបានបង្កជាក្តីព្រួយបារម្ភទៅដល់ភ្ញៀវទេសចរដែលមានបំណងមកកម្សាន្តនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដ្បិតខ្សែភាពយន្តនេះបានពន្លិចនូវការជួញដូរមនុស្សយ៉ាងព្រៃផ្សៃនៅក្នុងប្រទេសមីយ៉ាន់ម៉ា និងកម្ពុជា ខណៈប្រទេសមេក្លោងក្នុងករណីជួញមនុស្សមិនទាន់បានបង្ហាញថាជាប្រទេសណាឡើយ តែគេយល់ថាមេក្លោងក្នុងបទល្មើសនេះអាចជាប្រទេសថៃ។

សូមជម្រាបថា វិស័យទេសចរណ៍ គឺជាកត្តាជំរុញដ៏សំខាន់មួយនៃសេដ្ឋកិច្ចធំទីពីររបស់អាស៊ីអាគ្នេយ៍ ពិសេសជាយានសម្រាប់ស្តារឡើងវិញនូវវិស័យឧស្សាហកម្មដែលធា្លប់រងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរនៅអំឡុងពេលផ្ទុះជំងឺរាតត្បាតកូវីដ១៩។ ប្រទេសថៃគឺជាគោលដៅទេសចរណ៍បរទេសដ៏ពេញនិយមមួយសម្រាប់ភ្ញៀវទេសចរអន្តរជាតិ ដែលមកពីប្រទេសចិននៅក្នុងឆមាសទីមួយនៃឆ្នាំ២០២៣៕

ប្រភព៖ CNA ចុះថ្ងៃអង្គារ ទី២៦ ខែកញ្ញា ឆ្នាំ២០២៣

Share

ព័ត៌មានទាក់ទង

Image