ភ្នំពេញ៖ កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣ នគរបាលព្រហ្មទណ្ឌបានឃាត់ខ្លួនជនសង្ស័យម្នាក់ក្នុងចំណោម ៤នាក់ នៅចំណុចមុខផ្សារព្រែកតូច ឃុំព្រែកតាគង់ ស្រុកស្អាង ខេត្តកណ្តាល ពាក់ព័ន្ធប្រព្រឹត្តបទល្មើសហិង្សាដោយចេតនាលើស្រ្តីម្នាក់ក្នុងផ្ទះសំណាក់មួយនៅខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ការសើបអង្កេតស្រាវជ្រាវនេះ បន្ទាប់ករណីហិង្សានេះមានការរិះគន់ ត្រូវបានបង្ហោះចែកចាយតាមបណ្ដាញសង្គម ដោយមានភ្ជាប់រូបភាពស្ត្រីមួយក្រុមព្រួតវាយលើស្ត្រីម្នាក់នៅក្នុងបន្ទប់ និងសរសេររៀបរាប់ថា «ករណីព្រួតវាយទៅលើនារីម្នាក់ ហើយត្រូវបានជនសង្ស័យគំរាមកុំឲ្យប្រាប់ម្ដាយឳពុក ករណីខាងលើកើតឡើងនៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង៤យប់ ដែលស្ថិតនៅក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ»។
ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានឱ្យដឹងនៅរសៀលថ្ងៃអង្គារនេះថា បច្ចុប្បន្នជនសង្ស័យដែលបង្កហិង្សានោះ នគរបាលបានយកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី។ របាយការណ៍បឋមរបស់សមត្ថកិច្ចឱ្យដឹងថា ជនសង្ស័យទាំង៤នាក់ ព្រួតវាយជនរងគ្រោះដោយមូលហេតុជនរងគ្រោះបាននិយាយថាជនសង្ស័យ លួចស្បែកជើងរបស់ខ្លួន។ រហូតដល់វេលាម៉ោង ៦:00 ជនសង្ស័យម្នាក់ក្នុងចំណោមទាំងបួនរូបនោះ បានសួរទៅជនរងគ្រោះថា ហេតុអ្វីបានជាចោទខ្លួនជាអ្នកលួចស្បែកជើង ហើយជនរងគ្រោះនៅតែនិយាយថាជនសង្ស័យម្នាក់ក្នុងចំណោមទាំងបួនរូបនោះ ជាអ្នកលួចស្បែកជើង ទើបធ្វើឱ្យជនសង្ស័យ៣នាក់ទៀត ក៏បានស្ទុះប្រើអំពើហង្សាតែម្តង។
ស្នងការនគរបាលក៏បានបង្ហាញឈ្មោះជនសង្ស័យទាំង៤នាក់នោះផងដែរ។ ទន្ទឹមនឹងបញ្ជូនសំណុំរឿងទៅតុលាការសមត្ថកិច្ចបានឱ្យដឹងថាករណីនេះ ជារឿងហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ព្រួតគ្នាយកដៃ និង ជើង វាយ និងទាត់ធាក់លើជនរងគ្រោះបណ្តាលឲ្យរងរបួសឈឺចុកចាប់ពេញដងខ្លួន និងក្នុងពោះ របួសជាំភ្នែកស្តាំ , ជាំត្រចៀកឆ្វេង។