ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) បានប្រកាសថាប្រទេសបារាំងនឹងដកឯកអគ្គរដ្ឋទូត រួមទាំងកងទ័ពរបស់ខ្លួន ចេញពីប្រទេសនីហ្សេ បន្ទាប់ពីមានរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលលោកប្រធានាធិបតីជាប់ឆ្នោតតាមបែបប្រជាធិបតេយ្យ មហាំម៉ាត់ បាហ្សូម (Mohamed Bazoum)។ ក្រោយការប្រកាសនេះ ត្រូវបានមេដឹកនាំរដ្ឋប្រហារយោធា ឆ្លើយតបភ្លាមៗផងដែរ ក្នុងន័យត្រេកត្រអាលនឹងការសម្រេចនេះ។ លោក គីម ចាន់ចាវ រាយការណ៍
ការប្រកាសរបស់លោកប្រធានាធិបតី Macronបែបនេះ កើតឡើងពីរខែបន្ទាប់ពីរដ្ឋប្រហារនៅក្នុងប្រទេសនីហ្សេ ដែលបានបណ្តេញប្រធានាធិបតីលោក មហាំម៉ាត់ បាហ្សូម (Mohamed Bazoum) ដែលគាំទ្ររដ្ឋាភិបាលទីក្រុងប៉ារីស ចេញពីតំណែង កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣។
បើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២៥ ខែកញ្ញា ឆ្នាំ២០២៣ លោក ម៉ាក្រុង ធ្វើការប្រកាសបែបនេះ អំឡុងថ្លែងសុន្ទរកថាមួយតាមកញ្ចក់ទូរទស្សន៍កាលពីថ្ងៃអាទិត្យ ទី២៤ ខែកញ្ញា ដោយគូសបញ្ជាក់ដូច្នេះថា «បារាំងបានសម្រេចចិត្តដកឯកអគ្គរដ្ឋទូតរបស់ខ្លួន ហើយក្នុងរយៈពេលប៉ុន្មានម៉ោងខាងមុខ ឯកអគ្គរដ្ឋទូត និងអ្នកការទូត របស់យើងជាច្រើននាក់ នឹងត្រឡប់មកកាន់ប្រទេសបារាំងវិញ»។ លោក ម៉ាក្រុងបន្ថែមថាប្រតិបត្តិការយោធារបស់បារាំងក៏នឹងត្រូវបិទបញ្ចប់ផងដែរ ដោយកងទ័ពបារាំងនឹងត្រូវដកចេញពីប្រទេសអាហ្វ្រិកខាងលិចមួយនេះនៅប៉ុន្មានខែ និងសប្ដាហ៍ខាងមុខ ហើយបារាំងនឹងឈានដល់ការដកកងទ័ពទាំងស្រុង នៅត្រឹមដំណាច់ឆ្នាំ២០២៣នេះ។
ឆ្លើយតបនឹងការសម្រចផ្ដាច់ចំណងការទូតនេះ មេដឹកនាំរដ្ឋប្រហារយោធារបស់ប្រទេសនីហ្សេបានឆ្លើយតបយ៉ាងរហ័សក្នុងសេចក្តីថ្លែងការណ៍មួយដែលបានផ្សាយតាមទូរទស្សន៍ជាតិរបស់ខ្លួនថា “ថ្ងៃអាទិត្យនេះ យើងប្រារព្ធជំហានថ្មីមួយឆ្ពោះទៅរកអធិបតេយ្យភាពរបស់នីហ្សេ”។ សេចក្តីថ្លែងការណ៍ដដែលបន្ថែមថា “នេះគឺជាពេលវេលាប្រវត្តិសាស្ត្រមួយ ដែលនិយាយអំពីការប្តេជ្ញាចិត្ត និងឆន្ទៈរបស់ប្រជាជននីហ្សេ”។
បារាំងបានរក្សាទុកកងទ័ពជាង ១,៥០០នាក់ នៅឯមូលដ្ឋានទ័ពរបស់ខ្លួន ក្នុងប្រទេសនីហ្សេ ហើយកន្លងមកបានបដិសេធ មិនព្រមផ្ដល់ឱ្យតាមការស្នើសុំពីរបបយោធាថ្មីឡើយ។ ហើយការណ៍ដែលឯកអគ្គរដ្ឋទូត និងកងទ័ពបារាំងចាកចេញពីនីហ្សេ បន្ទាប់ពីលោក ម៉ាក្រុងប្រកាសមិនទទួលស្គាល់របបសឹក ដែលបានធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលលោកប្រធានាធិបតីជាប់ឆ្នោតតាមបែបប្រជាធិបតេយ្យ មហាំម៉ាត់ បាហ្សូម (Mohamed Bazoum) គាំទ្រដោយរដ្ឋាភិបាលទីក្រុងរីស។
ទោះយ៉ាងណាស្ថានការណ៍ស្រដៀងនេះ មិនមែនកើតឡើងតែនៅនីហ្សេមួយឡើយ ប៉ុន្តែទន្ទឹមនេះ កងទ័ពបារាំងក៏ត្រូវបានស្នើសុំឱ្យដកចេញផងដែរ ពីប្រទេសមួយចំនួនដូចជា ម៉ាលី និងបួរគីណា ហ្វាសូ ដែលប្រទេសទាំងនេះសុទ្ធសឹងតែធ្លាប់ស្ថិតនៅក្រោមអាណានិគមរបស់បារាំង៕