ក្រោមការខិតខំស្រាវជ្រាវស៊ើបអង្កេតពីកម្លាំងសមត្ថកិច្ចជំនាញរបស់ឥណ្ឌូនេស៊ី នាថ្ងៃអង្គារ ទី១៩ ខែកញ្ញាកន្លងទៅនេះ តុលាការសម្រេចកាត់ទោសស្រ្តីមូស្លីមម្នាក់ឱ្យជាប់ពន្ធនាគាររយៈពេល ២ឆ្នាំពីបទប្រមាថសាសនាអ៊ីស្លាមដោយការបរិភោគសាច់ជ្រូកនៅលើបណ្តាញសង្គមតិកតុក។
(កញ្ញា កែវ សុជាតា រាយការណ៍)
អ្នកនាង Lina Lutfiawati ឬរហស្សនាមប្រើនៅលើប្រព័ន្ធផ្សព្វផ្សាយ Lina Mukherjee វ័យ ៣៣ឆ្នាំ ត្រូវតុលាការឥណ្ឌូនេស៊ីសម្រេចកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ២ឆ្នាំ និងពិន័យជាសាច់ប្រាក់ជាង ១៦,០០០ដុល្លារអាមេរិកក្រោយពីបានបង្ហោះវីដេអូប្រមាថសាសនាអ៊ីស្លាមនៅលើបណ្តាញសង្គមតិកតុក។ នេះបើតាមសារព័ត៌មាន CNN ចុះផ្សាយនៅថ្ងៃព្រហស្បតិ៍ ទី២១ ខែកញ្ញា ឆ្នាំ២០២៣។
ជុំវិញករណីនេះ តុលាការឥណ្ឌូនេស៊ីបញ្ជាក់ថា នៅក្នុងវីដេអូមួយនេះបង្ហាញពីអ្នកនាង Lina បានអធិដ្ឋានតាមបែបសាសនាអ៊ីស្លាមនៅមុនពេលបរិភោគអាហារដោយនិយាយពាក្យថា «Bismillah»។ ក៏ប៉ុន្តែ អ្វីដែលអ្នកផលិតមាតិកាតាមបណ្តាញសង្គមរូបនេះបរិភាគបែរជាសាច់ជ្រូក ដែលជាសាច់ត្រូវបានហាមឃាត់មិនឱ្យបរិភោគនៅក្នុងសង្គមអ៊ីស្លាមទៅវិញ។
ក្រោមភស្តុតាងពីវីដេអូខាងលើ តុលាការបានចោទប្រកាន់ថា អ្នកនាង Lina មានចេតនាផ្សព្វផ្សាយព័ត៌មានដែលមានបំណងញុះញង់ឱ្យមានការស្អប់ខ្ពើមប្រឆាំងនឹងបុគ្គលសាសនា ដែលមានជំនឿលើសាសនាអ៊ីស្លាម។ តុលាការសម្រេចកាត់ទោសអ្នកនាងនៅថ្ងៃអង្គារ ទី១៩ ខែកញ្ញា ឆ្នាំ២០២៣ នៅស្រុក Palembang នៅលើកោះស៊ូម៉ាត្រានៃប្រទេសឥណ្ឌូនេស៊ី។
កម្លាំងសមត្ថកិច្ចជំនាញរបស់ឥណ្ឌូនេស៊ីឱ្យដឹងបន្ថែមថា វីដេអូរបស់ពិរុទ្ធជនខាងលើត្រូវបានបង្ហោះជាសាធារណៈនៅលើបណ្តាញសង្គមតិកតុកកាលពីខែមីនា ឆ្នាំ២០២៣មកម្ល៉េះ។ ដោយសារតែមហាជន ពិសេសជនជាតិមូស្លីមផ្ទាល់បានជជែកវែកញែក និងរិះគន់ជុំវិញវីដេអូនេះ ទើបធ្វើឱ្យកម្លាំងសមត្ថកិច្ចជំនាញឥណ្ឌូនេស៊ីចុះស្រាវជ្រាវស៊ើបអង្កេត និងចាប់ខ្លួនអ្នកនាង Lina មកផ្តន្ទាទោសតាមផ្លូវច្បាប់។
សូមជម្រាបថា ឥណ្ឌូនេស៊ី គឺជាប្រទេសមូស្លីមដ៏ធំបំផុតរបស់ពិភពលោក ដែលយ៉ាងហោចណាស់ ៩៣% នៃចំនួនប្រជាជនសរុបរបស់ខ្លួនមានជំនឿលើសាសនាអ៊ីស្លាម៕
ប្រភព៖ CNN ចុះថ្ងៃសុក្រ ទី២២ ខែកញ្ញា ឆ្នាំ២០២៣