ភ្នំពេញ៖ ក្នុងឱកាសអបអរសាទរទិវាក្មេងអន្តរជាតិ ក្រសួងកិច្ចការនារីសហការជាមួយអង្គការភ្លែនអន្តរជាតិ និងដៃគូពាក់ព័ន្ធផ្សេងទៀត បង្កើតឱ្យមានកម្មវិធីរត់ដើម្បីក្មេងស្រី និងដើម្បីទាំងអស់គ្នា (Run for Girls, Run for All) ក្រោមប្រធានបទ«ការលើកកម្ពស់ភាពជាអ្នកដឹកនាំរបស់ក្មេងស្រីក្នុងយុគសម័យឌីជីថល»។
បើតាមការផ្សព្វផ្សាយរបស់ក្រសួងកិច្ចការនារីគូសបញ្ជាក់ថា គោលបំណងនៃកម្មវិធីនេះធ្វើឡើងដើម្បីរំលេចអំពីតម្លៃ និងសិទ្ធិរបស់ក្មេងស្រី ក្នុងការចូលរួមក្នុងវិស័យឌីជីថល និងការធ្វើសេចក្តីសម្រេច ដើម្បីធ្វើឱ្យពួកគេកាន់តែមានសិទ្ធិគ្រប់គ្រាន់ដើម្បីបញ្ចេញពីទេពកោសល្យដែលខ្លួនមាន។
កម្មវិធីរត់ដើម្បីក្មេងស្រីនឹងប្រព្រឹត្តទៅនាថ្ងៃអាទិត្យ ទី០៨ ខែតុលា ឆ្នាំ២០២៣ នៅទីក្រុងកោះពេជ្រ វេលាម៉ោង៥:៣០នាទីព្រឹក។
ទិវាកុមារអន្តរជាតិ ត្រូវបានមហាសន្និបាតអង្គការសហប្រជាជាតិ ប្រកាសថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២។ គោលបំណងចម្បងគឺអង្គការសហប្រជាជាតិចង់ផ្តោតសំខាន់ទៅលើសិទ្ធិក្មេងស្រីក្នុងការចូលរួមកិច្ចការអភិវឌ្ឍសង្គម ព្រមទាំង បញ្ហាប្រឈមដែលក្មេងស្រីជួបប្រទះ និងជំរុញការតាំងចិត្តជាសកលក្នុងការបញ្ចប់ការម៉ាក់ងាយស្ត្រីភេទ ការរើសអើង អំពើហិង្សា និងភាពខុសគ្នាផ្នែកសេដ្ឋកិច្ច ដែលធ្វើអោយប៉ះពាល់ដល់ក្មេងស្រី៕