ក្រសួងសុខាភិបាល នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ បានចេញសេចក្ដីជូនព័ត៌មានមួយដោយណែនាំអំពីវិធានការការពារសុខភាព ដល់ប្រជាពលរដ្ឋក្នុងអំឡុងពេលពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ឆ្នាំ២០២៣ ដែលពិធីបុណ្យនេះនឹងចូលមកដល់នៅថ្ងៃទី៣០ ខែកញ្ញា រហូតដល់ថ្ងៃទី១៤ ខែតុលាខាងមុខនេះ។ កញ្ញា ទាវ ឧស្សា រាយការណ៍
វិធានការបង្ការហានិភ័យនៃការពុលចំណីអាហារ និងពុលស្រា ក្រសួងសុខាភិបាលបានណែនាំឱ្យប្រជាពលរដ្ឋត្រូវប្រកាន់ខ្ជាប់ការអនុវត្តអនាម័យ និងបរិភោគចំណីអាហារដែលមានសុវត្ថិភាពល្អ ដោយត្រូវលាងសម្អាតដៃមុនចាប់កាន់ចំណីអាហារ និងលាងដៃឱ្យបានញឹកញាប់។ សម្អាតសម្ភារៈប្រើប្រាស់សម្រាប់ចម្អិនអាហារឱ្យបានត្រឹមត្រូវ ទុកដាក់អាហារឆៅ និងឆ្អិនឱ្យនៅដាច់ដោយឡែកពីគ្នា ចម្អិនម្ហូបអាហារឱ្យបានឆ្អិនល្អ ជាពិសេសសាច់ សត្វស្លាប ស៊ុត និងអាហារសមុទ្រ ហើយបើទិញម្ហូបអាហារដែលឆ្អិនស្រាប់ នៅតាមទីផ្សារ ឬតាមដងផ្លូវ ត្រូវប្រាកដថាអាហារទាំងនោះមានអនាម័យ និងមានសុវត្ថិភាព។
បន្ថែមពីនេះ ក្រសួងសុខាភិបាលណែនាំឱ្យប្រើប្រាស់ទឹកស្អាត និងវត្ថុធាតុដើមដែលល្អ ដោយចៀសវាងការប្រើប្រាស់ចំណីអាហារហួសការកំណត់ប្រើប្រាស់ និងដាច់ខាតមិនត្រូវទិញ ឬផលិត ឬបរិភោគស្រាសដែលគ្មានប្រភពច្បាស់លាស់ ឬស្រាដែលយកមេតាណុលមកលាយធ្វើជាស្រាសដែលបង្កឱ្យមានការពុលរហូតដល់ស្លាប់បាត់បង់ជីវិត។
ពាក់ព័ន្ធការបង្ការការចម្លងជំងឺផ្លូវដង្ហើម ជំងឺផ្ដាសាយ ជំងឺកូវីដ-១៩ និងជំងឺឆ្លងផ្សេងៗ ក្រសួងសុខាភិបាលណែនាំឱ្យជ្រើសរើសការជួបជុំគ្រួសារ សាច់ញាតិ ឬមិត្តភក្តិ ដោយប្រកាន់យកនូវការប្រុងប្រយ័ត្នខ្ពស់ ពីកត្តាហានិភ័យក្នុងការចម្លងវីរុសកូវីដ-១៩ ឬមេរោគផ្សេងៗ។ ក្រសួងឱ្យចៀសវាងការក្អក ឬកណ្ដាស់ ដោយគ្មានការការពារដល់អ្នកដទៃឡើយ និងត្រូវចៀសវាងការប្រជ្រៀតគ្នានៅពេលទិញម្ហួបអាហារ ទិញសាច់ ឬបក្សីរស់ ឬសម្ភារៈនានា ជាពិសេសត្រូវត្រៀមលក្ខណៈទុកជាមុនពីចម្ងាយ ចៀសវាងការកកស្ទះ ឬការកកកុញមនុស្សច្រើនពេកនៅតាមទីផ្សារ ឬហាងនៅក្នុងថ្ងៃតែមួយ ឬក្នុងថ្ងៃនៃពិធីនានាជាដើម។
ក្រសួងសុខាភិបាលបានហាមឱ្យចៀសវាងការចូលទៅកន្លែងចិញ្ចឹមសត្វ ឬប៉ះពាល់ផ្ទាល់ជាមួយសត្វនៅតាមកសិដ្ឋានចិញ្ចឹមសត្វ ឬទីផ្សារបក្សីរស់ ឬចូលកន្លែងសត្វឃាត ឬប៉ះពាល់ផ្ទាល់ជាមួយផ្ទៃណាដែលកខ្វក់ ឬប្រលាក់ដោយលាមកសត្វបសុបក្សី ឬសត្វដទៃទៀតឡើយ។ ជាពិសេស ក្រសួងណែនាំឱ្យទៅពិនិត្យព្យាបាលជំងឺឱ្យបានត្រឹមត្រូវ ក្នុងករណីបើសិនជាមានអាការៈក្ដៅខ្លួន ក្អក ឬពិបាកដកដង្ហើម ឬមានបញ្ហាសុខភាព។ បើសិនជាមានរោគសញ្ញាក្ដៅខ្លួនខ្លាំងភ្លាមៗលើសពី៣៨អង្សាសេ ត្រូវប្រញាប់នាំអ្នកជំងឺទៅពិនិត្យ និងព្យាបាល នៅតាមមូលដ្ឋានសុខាភិបាលសាធារណៈ ហើយកុំសាកល្បងព្យាបាលអ្នកជំងឺគ្រុនក្ដៅខ្លាំងភ្លាមៗនេះដោយខ្លួនឯង ឬពន្យារពេលតាមដានព្យាបាលជំងឺនៅក្នុងសេវាឯកជនដែលគ្មានសមត្ថភាពផ្នែកជំងឺគ្រុនឈាមឱ្យសោះ។
ចំពោះបញ្ហាសុវត្ថិភាពពេលធ្វើដំណើរវិញ ក្រសួងសុខាភិបាលបានណែនាំឱ្យ ជ្រើសរើសមធ្យោបាយធ្វើដំណើរមានសុវត្ថិភាព ចៀសវាងមធ្យោបាយធ្វើដំណើរដែលមានផ្ទុកមនុស្សច្រើនហួសហេតុ។ ក្រសួងបានរំឭកឱ្យប្រកាន់ខ្ជាប់នូវច្បាប់ចរាចរណ៍រាល់ពេលបើកបរ ដើម្បីចៀសវាងគ្រោះថ្នាក់ចរាចរណ៍ ដែលអាចកើតមានជាយថាហេតុដោយសារតែការបើកបរលឿនពេក ឬបើកបរគ្មានសុវត្ថិភាព ឬមិនគោរពច្បាប់ ព្រមទាំងចៀសវាងការសេវគ្រឿងស្រវឹងនៅពេលបើកបរ និងដាច់ខាតមិនត្រូវសេពគ្រឿងញៀន ដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងរ និងអាចឈានទៅរកសេចក្ដីស្លាប់៕