ដើម្បីអបអរសាទរព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនៃការចុះបញ្ជី «រមណីយដ្ឋានប្រាសាទកោះកេរ» ជាសម្បត្តិបេតិកភណ្ឌពិភពលោក គ្រប់វត្តអារាម ក្រសួង-ស្ថាប័ននៃរាជរដ្ឋាភិបាលនៅថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងស្ថាប័នវិស័យឯកជន រួមនឹងប្រជាជនទូទាំងប្រទេស នឹងរួមគ្នារៀបចំការវាយគង ទូងស្គរ ទះប៉ោត និងគោះត្រដោកតាមគ្រប់មធ្យោបាយដែលខ្លួនមាន នៅល្ងាច ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ នៅគ្រប់ទីកន្លែងសាធារណៈសំខាន់ៗ។
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានថ្លែងកាលពីថ្ងៃទី ១៩ ខែកញ្ញាថា ការវាយជួង រគាំង និងទូងស្គរនៅតាមទីវត្តអារាម ទីតាំងនានានៅទូទាំងប្រទេសដើម្បីបង្ហាញប្រាប់ព្រលឹងដូនតាខ្មែរពីជោគជ័យ ដោយការចូលរួមអបអរសាទរនូវសមិទ្ធផលដែលដូនតាបានបន្សល់ទុកទាំងអស់គ្នា។ សម្ដេច ហ៊ុន ម៉ាណែត នឹងចូលរួមពិធីអបអរសាទរនេះ នៅពហុកីឡដ្ឋានជាតិអូឡាំពិក នាល្ងាចថ្ងៃទី២០កញ្ញានេះ ចាប់ពីវេលាម៉ោង៦តទៅ។
រមណីយដ្ឋានប្រាសាទកោះកេរ បានក្លាយជាសម្បត្តិបេតិកភណ្ឌពិភពលោកនៃអង្គការយូណេស្កូ(UNESCO)ជាផ្លូវការកាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣។ ការសម្រេចដាក់បញ្ចូលប្រាសាទកោះកេរចូលទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនេះ បានធ្វើឡើងនៅក្នុងសម័យប្រជុំលើកទី៤៥ នៃគណៈកម្មាធិការបេតិកភណ្ឌពិភពលោក នៅឯទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣។
បន្ទាប់រមណីយដ្ឋានប្រវត្តិសាស្ត្រនេះ ត្រូវបានដាក់បញ្ចូលក្នុងបេតិកភណ្ឌវប្បធម៌ពិភពលោកនៃអង្គការយូណេស្កូ មានប្រជាពលរដ្ធខ្មែរជាច្រើនអបអរសាទរ ព្រមទាំងបេ្តជ្ញាជួយផ្សព្វផ្សាយរមណីដ្ធានវប្បធម៌មួយនេះផងដែរ។ ទន្ទឹមនឹងមោទកភាព ពលរដ្ឋខ្មែរមួយចំនួន ជាពិសេសយុវជន បានជំរុញឱ្យរួមគ្នាថែរក្សា ផ្សព្វផ្សាយ ពីកេរ្តិ៍តំណែលមិនអាចកាត់ថ្លៃបាននេះ និងធ្វើយ៉ាងណារក្សាអនាម័យបរិស្ថាន ដើម្បីទាក់ទាញទាំងទេសចរជាតិ និងអន្តរជាតិ។
រមណីយដ្ឋានប្រាសាទកោះកេរ គឺជាសម្បត្តិបេតិកភណ្ឌរូបិយទី៤ហើយរបស់កម្ពុជា ដែលត្រូវបានអង្គការយូណេស្កូទទួលស្គាល់ជាផ្លូវការ បន្ទាប់ពីប្រាសាទអង្គរវត្តដែលចុះបញ្ជីនៅឆ្នាំ១៩៩២ ប្រាសាទព្រះវិហារចុះបញ្ជីនៅឆ្នាំ២០០៨ និងប្រាសាទសំបូរព្រៃគុកដែលចុះបញ្ជីនៅឆ្នាំ២០១៧៕