en     km
en     km

កម្មករ​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ ផ្ទុះ​ការ​តវ៉ា​ឱ្យ​ថៅកែ​ក្រុមហ៊ុន​បើក​ប្រាក់ខែ​ជា​បន្ទាន់

Share

cover-protest-at-PPSEZ
​ភ្នំពេញ៖  ក្រុម​កម្មករ​-​កម្ម​ការ​នី​ រោងចក្រ​ វី​បូ​ ខូ​អិ​ល​ធី​ឌី​ ប្រមាណ​ជាង​ ២០០​ នាក់​ បាន​ប្រមូលផ្តុំ​គ្នា​នៅ​មុខ​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ​ នៅ​ព្រឹក​ថ្ងៃ​ទី​១២​ ខែមករា​នេះ​ ដើម្បី​ស្នើ​សុំ​ឱ្យ​ថៅកែ​ក្រុមហ៊ុន​ បើក​ប្រាក់ខែ​ឱ្យ​ពួក​គាត់​ ដែល​ខក​ខានមិនបាន​បើក​អស់​រយៈពេល​ ២​ខែ​ មក​​ហើយ​។​ ក្រុម​កម្មករ​អះអាង​ថា​ ប្រសិនបើ​ថៅកែ​ក្រុមហ៊ុន​ នៅ​តែ​បន្ត​ពន្យារពេល​បើកប្រាក់​ខែ​ នោះ​នឹង​ពួក​គេ​នឹង​ធ្វើការ​តវ៉ា​ដរាបណា​មាន​ដំណោះស្រាយ​។​

​លោក​ សាក់​ សំណាង​ រាយការណ៍​ព័ត៌មាន​នេះ​៖

កម្មករ​រោងចក្រ​ វី​បូ​ អ៊ី​អាយ​ស៊ី​ ហ្គា​មេន​ ខូ​អិ​ល​ធី​ឌី​ ជាង​ ២០០​ នាក់​ បាន​ប្រមូលផ្តុំ​គ្នា​តវ៉ា​នៅ​មុខ​ក្លោ​ង​ទ្វារ​តំបន់​សេដ្ឋកិច្ច​ពិសេស​ ស្ថិត​នៅ​ក្នុងភូមិ​ត្រពាំង​គុល​ សង្កាត់​កន្ទោក​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ រាជធានី​ភ្នំពេញ​ ដើម្បី​ជំរុញ​ឱ្យ​ថៅកែ​រោងចក្រ​បើក​ប្រាក់ខែ​ដល់​ពួក​គេ​ជា​បន្ទាន់​។​

​កម្មករ​ម្នាក់​ ក្នុង​ចំណោម​អ្នក​តវ៉ា​ទាំងនោះ​ លោក​ យ៉ែ​ម​ សុ​គឿ​ន​ បាន​និយាយ​ថា​ ថៅកែ​រោងចក្រ​នេះ​បាន​ប្រើ​អំណាច​រំលោភសិទ្ធិ​កម្មករ​ដែល​មិន​ចេះ​ដឹង​ ឱ្យធ្វើ​ការ​ដោយ​មិន​ចង់​បើកប្រាក់​ឱ្យ​កម្មករ​ ថែម​ទាំង​បណ្តេញ​កម្មករ​ណា​ដែល​ហ៊ាន​តវ៉ា​ មិន​ឲ្យ​ចូល​ធ្វើការ​ និង​មិន​ព្រម​បើក​ប្រាក់ខែ​ឱ្យ​កម្មករ​ដែល​ខំ​បំពេញការងារ​នៅ​ក្នុង​រោងចក្រ​នោះ​ឡើយ​មក​ដល់​ពេល​នេះ​។​

​លោក​បន្ត​ថា​ តាំងពី​មាន​អ្នកគ្រប់គ្រង​ថ្មី​ ចូល​មក​កាន់កាប់​ក្រុមហ៊ុន​នេះ​ កម្មករ​ជាង​២​ពាន់​នាក់​នៅ​មិន​ទាន់​ទទួល​បានការ​បើក​ប្រាក់ខែ​នៅឡើយ​ទេ​៖​ «​នៅ​ពេល​គាត់​ដូរ​អ្នកគ្រប់គ្រង​ថ្មី​គឺ​លោក​ យ៉ា​ហុ​ក​ នេះ​មកនេះ​គាត់​មិន​បាន​បើក​ប្រាក់ខែ​ឱ្យ​ពួក​យើង​បាន​ទៀងទាត់​ទេ​ ហើយ​គាត់​តែងតែ​ធ្វើបាប់​ពួក​យើង​ បញ្ឈប់​ពួក​យើង​ដោយ​មិន​បាន​ផ្តល​ដំណឹង​ឱ្យ​ពួក​យើង​ អើ​!​និយាយ​រួម​ទៅ​គឺ​គាត់​មនុស្ស​ម្នាក់​ដែល​ប្រើ​អំណាច់​មក​លើ​ពួក​យើង​បងប្អូន​កម្មករ​ពួក​យើង​ទាំងអស់​គ្នា​»​។​

​ដូច​គ្នា​នេះ​ដែរ​ កម្មការិនី​ម្នាក់​ទៀត​ អ្នកស្រី​ ង៉ែត​ សា​រិ​ន​ បាន​លើក​ឡើង​ថា​ ថៅកែ​ថ្មី​តែង​តែង​រំលោភសិទ្ធិ​កម្មករ​ និង​បង្ខំ​ឱ្យធ្វើ​ការ​ហួសកម្លាំង​។​ អ្នកស្រី​បន្ត​ថា​ ថៅកែ​រោងចក្រ​នោះ​មិន​ត្រូវការ​ឱ្យ​មាន​អ្នកតំណាង​សហជីព​ ដើម្បី​ជួយ​ដោះស្រាយ​បញ្ហា​រវាង​កម្មករ​ និង​ថៅកែ​រោងចក្រ​ឡើយ​ ដោយ​លើក​ហេតុផល​ថា​នាំ​ឱ្យ​មានការ​រាំងស្ទះ​ការងារ​នៅ​ក្នុង​រោងចក្រ​ បើ​មាន​តំណាង​សហជីព​។​

​ស្ត្រី​វ័យ​ ៥០​ ឆ្នាំ​រូប​នេះ​បន្ថែម​ទៀត​ថា​ បើ​ថៅកែ​រោងចក្រ​មិន​មាន​ដំណោះស្រាយ​ពី​រឿង​នេះ​ នោះ​កម្មករ​នឹង​បន្ត​ធ្វើ​កូដកម្ម​ហូត​មាន​ដំណោះស្រាយ​៖​ «​ហី​!​ អត់​មាន​ដំណោះស្រាយ​ អ៊ុំ​មាន​តែ​នៅ​ធ្វើ​កូដកម្ម​ទាមទារ​តទៅ​ទៀត​ ឱ្យ​ក្រុមហ៊ុន​ជួយ​ដោះស្រាយ​អី​យ៉ាង​មេច​ និង​ឱ្យ​សម្តេច​ជួយ​ដោះស្រាយ​រក​យុត្តិធម៌​ឱ្យពួក​កម្មករ​គ្រប់​គ្នា​ផង​»​។​

protest-at-PPSEZ
​វិទ្យុ​ស្ត្រី​ មិន​អាច​រក​ការ​ឆ្លើយ​តប​ពី​ភាគី​រោងចក្រ​ វី​បូ​ អ៊ី​អាយ​ស៊ី​ ហ្គា​មេន​ ខូ​អិ​ល​ធី​ឌី​ បាន​ទេ​នៅ​ល្ងាច​ថ្ងៃ​អង្គារ​នេះ​។​

​ទាក់ទង​នឹង​រឿង​នេះ​ដែរ​ លោក​ ឆែ​ សំអាត​ អគ្គហិរញ្ញិក​ សហជីព​ពលកម្ម​កម្ពុជា​ បាន​និយាយ​ថា​ ថៅកែ​រោងចក្រ​ធ្វើ​បែប​នេះ​គឺ​រំលោភសិទ្ធិ​សេរីភាព​កម្មករ​ និង​រំលោភច្បាប់​ការងារ​នៅ​ប្រទេស​កម្ពុជា​។​ លោក​បន្ត​ថា​ បើ​ថៅកែ​បិទទ្វារ​រោងចក្រ​ ត្រូវ​តែ​មានការ​ទូទាត់​ប្រាក់ខែ​គោល​ និង​ប្រាក់​អត្ថប្រយោជន៍​ប្រាំ​ចំណុច​ទៀត​ជូន​កម្មករ​ ទី​១​ ប្រាក់​ការ​ជូនដំណឹង​ ទី​២​ ប្រាក់​អតីតភាព​ ទី​៣​ ប្រាក់​ជំងឺ​ចិត្ត​ ទី​៤​ ប្រាក់​បំណាច់​ឆ្នាំ​ និង​ទី​៥​ ប្រាក់ខែ​ចុង​ក្រោយ​។​

​លោក​បន្ថែម​ទៀត​ថា​ បើ​ថៅកែ​រោងចក្រ​អត់​លុយ​មែន​ សូម​ក្រសួង​ពា​ក័​ពន្ធ​យក​របស់​របប​ដែល​រោងចក្រ​មាន​ លក់​យក​លុយ​ជូន​កម្មករ​៖​ «​អ​ញ្ចឹ​ង​ខ្ញុំ​សូម​សុំ​ណើ​ដល់​ក្រសួង​ពាក់ព័ន្ធ​ណាស់​ បើ​រោងចក្រ​អត់​លុយ​ណាស់​ សូម​ឱ្យ​រោងចក្រ​ផ្តល់​សិទ្ធិ​គ្រប់យ៉ាង​ដើម្បី​ឱ្យ​ខាង​​ក្រ​សូ​ង​លក់​សម្ភារៈ​ និង​ខ្ញុំ​សូម​សំណើ​ឱ្យ​ខាង​ក្រសួង​ពាក់ព័ន្ធ​មេត្តា​ចូលរួម​ដោះស្រាយ​ជា​បន្ទាន់​ ដើម្បី​ប្រញាប់​បើក​លុយ​ឱ្យ​កម្មករ​ខ្ញុំ​។​

​សូម​ជម្រាប​ថា​ កម្មករ​រោងចក្រ​ វី​បូ​ អ៊ី​អាយ​ស៊ី​ ហ្គា​មេន​ ខូ​អិ​ល​ធី​ឌី​ បាន​ផ្ទុះ​ការ​តវ៉ា​ទាមទារ​បើក​ប្រាក់ខែ​ពី​ថៅកែ​រោងចក្រ​នេះ​ តាំងពី​ថ្ងៃ​ទី​៩​ ខែមក​រា​ ឆ្នាំ​២០១៦​ មក​ម្ល៉េះ​។​ ការ​តវ៉ា​នេះ​ធ្វើ​ឡើង​ក្រោយ​ពេក​ពួក​គេ​ខកខាន​បើក​ប្រាក់ខែ​អស់​រយៈពេល​ ២​ខែ​ មក​ហើយ​៕

Share

Image Not Found
Image

ព័ត៌មានទាក់ទង