សកម្មជននយោបាយ បានអំពាវនាវឱ្យប៉ូលីសភូមិន្ទថៃ (RTP) ផ្តល់ព័ត៌មានថ្មីៗអំពីស្ថានភាពសុខភាពរបស់អតីតនាយករដ្ឋមន្ត្រីថាក់ស៊ីន ស៊ីណាវ៉ាត្រាដែលត្រូវបានចាប់ខ្លួនឱ្យជាប់ពន្ធនាគារ និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យទូទៅរបស់ពន្ធនាគារជិតមួយខែមកហើយ។ លោក គីម ចាន់ចាវ រាយការណ៍
ក្រុមសកម្មជនដែលដឹកនាំដោយលោកពិចិត្រ ចៃមង្គល (Pichit Chaimongkol) បានដាក់ញត្តិទៅអគ្គស្នងការនគរបាលជាតិ គឺលោក លោកឧត្តមសេនីយ ដាំរ៉ុងសក្តិ កិតិប្រាប៉ាស Damrongsak Kittiprapas ដោយអំពាវនាវឱ្យផ្ដល់ព័ត៌មានថ្មីៗ អំពីស្ថានភាពសុខភាពរបស់លោកថាក់ស៊ីន និងបញ្ជីឈ្មោះគ្រូពេទ្យដែលព្យាបាលគាត់។ នេះបើតាមការចុះផ្សាយរបស់កាសែតបាងកក ប៉ុស្តិ៍ នៅថ្ងៃទី១៩ ខែកញ្ញានេះ។
លោកថាក់ស៊ីនត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ(Police General Hospital) នៅយប់ដែលលោកត្រឡប់ចូលប្រទេសវិញ នៅថ្ងៃទី២២ ខែសីហា។ ក្រោយការចាប់ខ្លួន លោកមានរោគសញ្ញាជាច្រើនរួមទាំងការឈឺទ្រូង លើសឈាម និងអុកស៊ីសែនក្នុងឈាមទាប ខណៈពេលកំពុងនៅដាច់ដោយឡែកនៅពន្ធនាគារ។
លោកពិចិត្រ (Pichit) បានលើកឡើងថា សាធារណជនចង់ដឹងថា តើលោក Thaksin ពិតជាឈឺ ឬត្រូវការការព្យាបាលពិសេស ហើយថាលោក Thaksin មិនទទួលបានការព្យាបាលដែលជាតម្រូវការអាទិភាពនោះឡើយ។
សកម្មជនរូបនេះបានបង្ហាញការកត់សម្គាល់របស់ខ្លួនថា លោកថាក់ស៊ីនមានកាយសម្បទារឹងមាំនៅពេលលោកមកដល់អាកាសយានដ្ឋានដុនមឿង (Don Mueang airport )កាលពីថ្ងៃទី២២ ខែសីហា។ នៅពេលដែលស្ថានភាពរបស់លោកថាក់ស៊ីនកាន់តែយ៉ាប់យ៉ឺនដូចដែលបានរាយការណ៍ ពួកគេបានចោទសួរថា តើលោកថាក់ស៊ីនពិតជាឈឺ ហើយត្រូវការការព្យាបាលនៅខាងក្រៅកន្លែងដែរឬទេ?
លោកបាននិយាយថា ក្រុមសកម្មជនរបស់លោកនឹងស្វែងរកកិច្ចប្រជុំជាមួយអគ្គនាយក នៃនាយកដ្ឋានកែប្រែរបស់ថៃនៅថ្ងៃសុក្រ ដើម្បីសាកសួរអំពីលក្ខខណ្ឌដែលលោកថាក់ស៊ីនគួរទទួលបាន។
នៅពេលត្រឡប់ចូលប្រទេសថៃវិញ លោក ថាក់ស៊ីន ត្រូវបានតុលាការកាត់ក្ដីឱ្យជាប់ពន្ធនាគាររយៈពេលប្រាំបីឆ្នាំ ដោយចោទពាក់ព័ន្ធនឹង អំពើពុករលួយចំនួនបី មុនពេលលោកទទួលបានការលើកលែងទោសពីព្រះមហាក្សត្រ ក៏ប៉ុន្តែលោកត្រូវបានកាត់បន្ថយត្រឹមតែមួយឆ្នាំវិញ។ ទោះជាទោសទណ្ឌត្រូវបានបន្ថយ មេធាវី របស់លោកថាក់ស៊ីន គឺ លោក វីនយ៉ាត ឆាតម៉ុងត្រេ (Winyat Chartmontre) កំពុង ខ្នះខ្នែងតតាំងបន្តទៀតតាមផ្លូវច្បាប់ដើម្បីសម្រាលទោស ឈានដល់ការដោះលែងកូនក្ដីរបស់លោកតែម្ដង៕