លោក នី ណាក់ ស្នាក់នៅមន្ទីពេទ្យ។ រូបភាព៖ ផេកហ្វេសប៊ុកលោកនី ណាក IMan-KH
ភ្នំពេញ៖ ក្រោយថ្ងៃកើតហេតុមកទល់នឹងបច្ចប្បន្ន សមត្ថកិច្ចពុំទាន់មានតម្រុយណាមួយក្នុងការស៊ើបអង្កេតតាមចាប់ជនដៃដល់ដែលប្រព្រឹត្តិអំពើហិង្សាមកលើលោក នី ណាក់ នៅឡើយ។ បញ្ហានេះលោក នី ណាក់ យល់ថា ខ្លួនគ្មានសង្ឃឹមនឹងទទួលបានពន្លឺយុត្តិធម៌ឡើយ ក្រៅពីតែការដាក់ក្តីសង្ឃឹមទៅលើនាយករដ្ឋមន្រ្តីថ្មី ជាថ្នូរនឹងការចុះចូលជាមួយរដ្ឋាភិបាល។ លើសពីនេះ អ្នកវិភាគមួយចំនួនចាត់ទុកថា ករណីអំពើហិង្សាលើលោក នី ណាក់ មិនមែនមកពីសមត្ថកិច្ចអសមត្ថភាពនោះទេ តែផ្ទុយទៅវិញអ្នកវិភាគទាំងនោះមើលឃើញថា នេះជាករណីដែលធ្លាប់កើតមានដូចគ្នាទៅនឹងសកម្មជនដទៃទៀត។
កញ្ញា គុជ ស៊ីកុល ជូននូវសេចក្តីរាយការណ៍
អ្នកជំនាញកសិកម្ម លោក នី ណាក់ និងជាសកម្មជនតស៊ូមតិហ៊ានរិះគន់រឿងរ៉ាវសង្គម នៅមិនទាន់ទទួលបានតម្រុយណាមួយពីសមត្ថកិច្ចដែលកំពុងស៊ើបអង្កេត ករណីជនមិនស្គាល់មុខវាយឆ្មក់ធ្វើឱ្យរងរបួសក្បាលធ្ងន់ធ្ងរនៅឡើយ។ ការមិនមានដំណឹងណាមួយពីសមត្ថកិច្ចនេះ ធ្វើឱ្យខ្លួនលោកសម្តែងក្តីអស់សង្ឃឹមយ៉ាងខ្លាំងពីការទទួលបានពន្លឺយុត្តិធម៌ករណីមួយនេះ។
លោក នី ណាក់៖« ខ្ញុំអត់មានអីទេចំពោះក្តីរំពឹងការសើបក្តី និងការស្វែងរកយុត្តិធម៌ពីសមត្ថកិច្ចខ្ញុំធ្លាប់ជួបលើកទីមួយតាំងពីខ្ញុំជាប់ពន្ធធនាគារ ហើយនិងរបួសលើកទីពីរនេះខ្ញុំអត់ដែលជឿជាក់ទៅលើការធ្វើការទៅលើសមត្ថកិច្ចទេ»
ជុំវិញបញ្ហានេះ ធ្វើឱ្យមហាជនអ្នកប្រើប្រាស់បណ្តាញសង្គមនាំគ្នាបញ្ចេញមតិផ្សេងៗគ្នា ដោយភាគច្រើនពួកគេយល់ថា បញ្ហានេះជារឿងនយោបាយសុទ្ធសាទ។ ចំណែកឯអ្នកវិភាគមួយចំនួនសង្កេតឃើញថា បញ្ហានេះមិនខុសគ្នាទៅនឹងករណីសកម្មជនតស៊ូមតិ និងសកម្មជននយោបាយផ្សេងទៀត ដែលភាគច្រើនលទ្ធផលគឺមិនអាចរកយុត្តិធម៌ពិតប្រាកដជូនពួកគេបាន។
ក្នុងនោះលោក មាស នី អ្នកស្រាវជ្រាវអភិវឌ្ឍសង្គម និងជាអ្នកវិភាគមួយរូបផងនោះ មើលឃើញថា ការដែលសមត្ថកិច្ចស្វែងរកតម្រុយមិនបានពីជនប្រព្រឹត្តិ ហាក់បង្ហាញឱ្យឃើញថា ករណីនេះអាចមានជារឿងរ៉ាវនយោបាយ ដោយលោកអះអាងថា អាចនឹងមានអ្នកពាក់ព័ន្ធផ្សេងទៀតនៅពីក្រោយខ្នង។
លោក មាស នី៖« អ៊ីចឹងសម្រាប់ខ្ញុំបើនិយាយអំពីសមត្ថភាពខ្ញុំទុកចិត្តថានឹងរកឃើញ ប៉ុន្តែបើមានជាទិដ្ឋភាពជាទិដ្ឋភាពនយោបាយ និងមានអ្នកណាមានអំណាចនៅពីក្រោយខ្នងខ្ញុំគិតថានឹងប្រាកដជារកមិនអាចឃើញទេបាទ! រហូតដល់១០ឆ្នាំទៀតក៏រកមិនឃើញដែរបាទ អាហ្នឹងបទពីសោធន៍ដែលយើងមើលឃើញគ្រប់គ្នាអីចឹងហា៎ណាស់»
ចំណែក លោក ប៉ា ចាន់រឿន នាយកប្រតិបត្តិវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា លោកមិនទាន់អាចសន្និដ្ឋានបានថា លោក នី ណាក់ អាចនឹងទទួលបានយុត្តិធម៌ក្រោមការធ្វើការរបស់អាជ្ញាធរ ឬយ៉ាងណានោះទេ។ ក៏ប៉ុន្តែតាមរយៈការមើលឃើញរបស់លោកកន្លងមក ករណីអំពើហិង្សាទៅលើសកម្មជនមួយចំនួនផ្សេងទៀត ដែលតែងនិយាយអំពីភាពអវិជ្ជមានសង្គមដូចនឹងលោក នី ណាក់ នេះគឺស្ទើរតែគ្មានយុត្តិធម៌ចំពោះពួកគេឡើយ។
លោក ប៉ា ចាន់រឿន៖«កន្លងមកដូចជាមិនសូវឃើញមានផ្តល់យុត្តិធម៌ក៏ដូចជាចាប់បានជនដៃដល់មកដាក់ទោសទណ្ឌឱ្យបានត្រឹមត្រូវទៅតាមច្បាប់ និងរកយុត្តិធម៌ឱ្យជនរងគ្រោះទេបាទ ប៉ុន្តែករណីលោកនី ណាក់ នេះខ្ញុំក៏មិនដឹងថានឹងមានយុត្តិធម៌សម្រាប់លោក អជ្ញាធរនឹងមានសមត្ថភាពក្នុងការវែកមុខជនបង្កប្រើអំពើហិង្សាទៅលើលោកហ្នឹងឬក៏អត់ដែរ មានតែចាំមើលទាំងអស់គ្នា»
យ៉ាងណាមិញ បន្ទាប់ពីមិនមានតម្រុយណាមួយពីអជ្ញាធរដែលធ្វើការលើរឿងនេះលោក នី ណាក់ បានបង្ហោះសារដោយមានភ្ជាប់រូបភាពជាមួយ លោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីថ្មី ថាខ្លួននឹងចុះចូលជាមួយរដ្ឋាភិបាល បន្ទាប់ពីលោកទទួលបានយុត្តិធម៌ពេញលេញ។ ក្នុងន័យចុះចូលជាមួយរដ្ឋាភិបាលនេះ លោក នី ណាក់ ប្រាប់វិទ្យុស្រ្តីនៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ ថា ជាលក្ខខ័ណ្ឌដើម្បីជំរុញឱ្យថ្នាក់ដឹកនាំពន្លឿនជួយរកយុត្តិធម៌ពិតប្រាកដជូនខ្លួន។
លោក នី ណាក់៖«ចំណុចហ្នឹងគឺជាលក្ខខ័ណ្ឌអ្វីដែលខ្ញុំសរសេរ អ្វីដែលខ្ញុំនិយាយគឺជាពាក្យពិតក៏ប៉ុន្តែយុត្តិធម៌ហ្នឹងគឺជាយុត្តិធម៌ដែលខ្ញុំអាចទទួលយកបាន មិនមែនជាយុត្តិធម៌សប្បនិម្មិតដើម្បីធ្វើឱ្យតែមហាជនអស់ចិត្តទេ ហើយការចុះចូលរបស់ខ្ញុំក៏មិនមែនក្នុងនាមទៅធ្វើជាមន្រ្តីរាជការរបស់រដ្ឋាភិបាលដែល គឺខ្ញុំគ្រាន់តែខ្ញុំរួមចំណែកជួយការងារសង្គមដោយមិនធ្វើការរិះគន់សង្គមធ្វើឱ្យប៉ះពាល់ការងាររបស់ពួកគាត់តទៅទៀត»
ជាការយល់ឃើញរបស់លោក ប៉ា ចាន់រឿន លើកឡើងថារដ្ឋាភិបាលគួរតែយកចិត្តទុកដាក់ និងស្វែងរកយុត្តិធម៌សង្គមទៅឱ្យជនរងគ្រោះ មិនមែនជាការដាក់លក្ខខ័ណ្ឌណាមួយដើម្បីដោះដូរនឹងយុត្តិធម៌ឡើយ។
លោក ប៉ា ចាន់រឿន៖« នៅក្នុងសង្គមប្រជាធិបតេយ្យសេរីក្នុងការរកយុត្តិធម៌ឱ្យប្រជាពលរដ្ឋការរកយុត្តិធម៌ឱ្យជនរងគ្រោះម្នាក់ ឬក្រុមណាមួយ មិនត្រូវមានអ្វីជាថ្នូរយកមកដោះដូរទេបាទ»
បើទោះជាយ៉ាងណាក្តី លោក មាស នី ស្នើឱ្យអាជ្ញាធររដ្ឋាភិបាលធ្វើយ៉ាងណាចាប់ជនប្រព្រឹត្តិ និងអ្នកពាក់ព័ន្ធ មកផ្តន្ទាទោសទៅតាមច្បាប់ ដើម្បីធានាបាននូវប្រព័ន្ធយុត្តិធម៌សង្គម។
លោក មាស នី៖« តួនាទីរបស់អជ្ញាធរសមត្ថកិច្ចពិតជាត្រូវរករឿងនេះឱ្យឃើញដែរបាទហើយបើរកមិនឃើញទេ ការរិះគន់ ការសង្ស័យទៅលើទិដ្ឋភាពនយោបាយគឺវានៅតែមានបន្តទៀតបាទ បើសិននៅមានតទៅទៀតយើងមិនមានជំនឿថានៅក្នុងអណត្តិរដ្ឋាភិបាលថ្មីនឹងមានកំណែទម្រងដុំកំភួន ទៅលើប្រព័ន្ធយុត្តិធម៌ទេបាទ»
គិតត្រឹមថ្ងៃចន្ទ ទី១៨ ខែកញ្ញា ឆ្នាំ២០២៣ នេះ លោក នី ណាក់ បានធូរស្បើយពីរបួសខ្លះៗហើយ ក៏ប៉ុន្តែលោកត្រូវការសម្រាកព្យាបាលនៅមន្ទីរពេទ្យរយៈពេល ៣ ទៅ៤ថ្ងៃទៀតទើបអាចត្រឡប់ទៅផ្ទះវិញបាន៕