អង្គភាពការពារកុមារនៃអង្គការមូលនិធិកុមារកម្ពុជា នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០១៦ នេះ បានបង្ហាញរបាយការណ៍របស់ខ្លួន ដោយបានរកឃើញថា ករណីបទឧក្រិដ្ឋធ្ងន់ធ្ងរ ដែលមានកើតឡើងលើកុមារក្រោមអាយុ១៥ឆ្នាំ ក្នុងឆ្នាំ២០១៥ មាន ២៩២ករណី កើនឡើងជាងឆ្នាំ ២០១៤ ដែលមាន ២២១ ករណី។ ការបង្ហាញរបាយការណ៍នេះ គឺធ្វើឡើងនៅក្នុងវេទិកាផ្នែកច្បាប់អន្តរជាតិ ស្តីអំពីការប្រព្រឹត្ត និងការយកចិត្តទុកដាក់មកលើកុមាររងគ្រោះនៅក្នុងប្រព័ន្ធតុលាការយុត្តិធម៌ នៅឯសណ្ឋាគារសុខាភ្នំពេញ ក្នុងរាជធានីភ្នំពេញ។
យ៉ាងហោចណាស់មានករណីបទឧក្រិដ្ឋធ្ងន់ធ្ងរ ២៩២ ករណី ដូចជា បទល្មើសមុនស្សឃាត និងបទល្មើសរំលោភសេពសន្ថវៈជាដើមនោះ បានប្រព្រឹត្តមកលើកកុមារ នៅ ២២ ខេត្តក្នុងឆ្នាំ ២០១៥ កន្លងទៅនេះ។
នេះបើតាមរបាយការណ៍របស់អង្គភាពការពារកុមារនៃអង្គការមូលនិធិកុមារកម្ពុជា ដែលបានបង្ហាញដោយលោក ចេមស៍ ម៉ាកកាប៊ី (James McCabe) ប្រធានប្រតិបត្តិការអង្គភាពការពារកុមារ។ លោកបន្តថា អង្គភាពការពារកុមារនៃអង្គការមូលនិធិកុមារកម្ពុជា បានចុះអនុស្សារណៈជាមួយក្រសួងមហាផ្ទៃនៅឆ្នាំ ២០១៣ ដើម្បីផ្តល់កិច្ចគាំទ្រដល់ជនរងគ្រោះជាកុមារ ទាំងសេវា ទាំងធនធានក្នុងការស៊ើបអង្កេត រហូតដល់ដំណាក់កាលកាត់ទោសអ្នកដែលប្រព្រឹត្តបទល្មើសប្រឆាំងកុមារនោះ។
លោក ចេមស៍ ម៉ាកកាប៊ី បន្តថា កន្លងមក បទល្មើសមួយចំនួនមិនត្រូវបានបន្តទៅដល់តុលាការដើម្បីជំនុំជម្រះនោះទេ ព្រោះការផ្តល់ព័ត៌មានបន្ថែមពីកុមារមិនមានភាពជាក់លាក់ ដែលជាហេតុមិនអាចចោទប្រកាន់ជនល្មើសនាំមកកាត់ទោសបាន។
លោកបញ្ជាក់ថា ដោយសារមើលឃើញពីភាពខ្វះចន្លោះនេះ ទើបអង្គភាពការពារកុមារនៃអង្គការមូលនិធិកុមារកម្ពុជា បានសហការជាមួយក្រសួង និងស្ថាប័នពាក់ព័ន្ធ ចុះជួយបង្រៀនផ្តល់បច្ចេកទេសដល់សិក្ខាកាម២៤ នាក់នៅទូទាំង ២៥ ខេត្តក្រុង និងបានផ្តល់ឧបករណ៍ថតសំឡេង និងវីដេអូមួយចំនួន ដើម្បីបង្កលក្ខណៈងាយស្រួយដល់ជនរងគ្រោះ ហ៊ានសារភាពពីហេតុការណ៍ពិតដែលបានកើតមានមកលើខ្លួន។
សូមបញ្ជាក់ថា ក្នុងចំណោមករណីបទឧក្រិដ្ឋធ្ងន់ធ្ងរទាំង ២៩២ ករណីនេះ មានករណីរំលោភសេពសន្ថវៈចំនួន ២០២ ករណី ករណីរំលោភបូកមាន ២ ករណី ករណីប៉ុនប៉ងរំលោភមាន ១៨ ករណី ករណីបៀតបៀនកេរ្ដិ៍ភេទមាន ៦ ករណី ករណីរួមភេទជាមួយអនីតិជន ១៨ ករណី និងករណីចាប់ជំរិតកុមារជាដើម។ ចំណែកខេត្តដែលមានអត្រាខ្ពស់ជាងគេក្នុងករណីនេះ គឺខេត្តបាត់ដំបង ខេត្តសៀមរាប និងខេត្តព្រះសីហនុ៕