en     km
en     km

អ្នកពាក់ព័ន្ធរកគន្លឹះផ្សព្វផ្សាយឱ្យសាធារណជនយល់ដឹងពីរបៀបបន្សុំាខ្លួននឹងការប្រែប្រួលអាកាសធាតុ

Share

ភ្នំពេញ៖ ជំនួបរវាងមន្ត្រីបរិស្ថានអង្គការសង្គមស៊ីវិលនិងអ្នកសារព័ត៌មានសរុបប្រមាណ៣០នាក់បានលើកយកប្រធានបទនៃការប្រែប្រួលអាកាសធាតុមកជជែក ដោយស្វះស្វែងរកវិធីសាស្ត្រធ្វើយ៉ាងណាឱ្យឱ្យអ្នកសារព័ត៌មានយល់ដឹងកាន់តែច្បាស់ពីបាតុភូត ផលប៉ះពាល់ និងវិធីសម្របខ្លួននៃការប្រែប្រួលអាកាសធាតុ។ ការប្រឹងប្រែងនេះ បំណងដើម្បីអ្នកសារព័ត៌មានធ្វើការផ្សព្វផ្សាយព័ត៌មានកាន់តែច្បាស់លាស់ពីការប្រែប្រួលអាកាសធាតុ ដែលអាចជួយឱ្យសាធារណជនអាចយល់ដឹងពីរបៀបរស់នៅនិងសម្របខ្លួនក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុសកលនេះ។

ជំនួបរវាងអ្នកពាក់ព័ន្ធនេះធ្វើឡើងក្នុងសិក្ខាសាលា ស្តីពីការពង្រឹងសមត្ថភាពបច្ចេកទេសប្រព័ន្ធផ្សព្វ ផ្សាយនិងអ្នកសារព័ត៌មានស្តីពីការប្រែប្រួលអាសធាតុលើកទី១ នៅសណ្ឋាគារកាំបូឌីយ៉ាណា រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៨ខែកញ្ញាឆ្នាំ២០២៣នេះ។
លោក ភាវ សុវុទ្ធី អនុរដ្ឋលេខាធិការក្រសួងបរិស្ថានមានប្រសាសន៍ថា ការប្រែប្រួលអាកាសធាតុជាក្តីកង្វល់សម្រាប់មនុស្សជាតិទាំងមូលដោយហេតុថា ការប្រែប្រួលអាកាសធាតុធ្វើឱ្យកម្ពស់ទឹកសមុទ្រឡើងខ្ពស់និងរលកកម្ដៅក៏កើនឡើងពីមួយឆ្នាំទៅមួយឆ្នាំផងដែរ។ ឆ្លៀតក្នុងអង្គសិក្ខាសាលានេះ លោកសូមអំពាវនាវដល់អ្នកសារព័ត៌មានជួយជំរុញនិងបង្កើនការផ្សព្វផ្សាយនូវព័ត៌មានទាក់ទងនឹងបញ្ហានេះ ដើម្បីឱ្យប្រជាពលរដ្ឋអាចរស់នៅសម្របខ្លួនបានក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុនេះ។

លោក ភាវ សុវុទ្ធី អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន

ទាក់ទងក្នុងរឿងនេះដែរ លោកស្រី ឃឹម ភុនកេសរ ប្រធាននាយកដ្ឋានព័ត៌មាន និងផ្សព្វផ្សាយបរិស្ថាន បានឱ្យដឹងថា ដើម្បីឆ្លើយតបនឹងបញ្ហាការប្រែប្រួលអាកាសធាតុនេះ នាយកដ្ឋានបានចាត់ចែងក្រុមការងារដោយបានផ្សព្វផ្សាយព័ត៌មានទាក់ទងនឹងការប្រែប្រួលអាកាសធាតុនេះ ជំរុញឱ្យសាធារណជនផ្តោតការយកចិត្តទុកដាក់ ស្រលាញ់និងចូលរួមរក្សាបរិស្ថានធម្មជាតិ។

លោកស្រី ឃឹម ភុនកេសរ ប្រធាននាយកដ្ឋានព័ត៌មាន និងផ្សព្វផ្សាយបរិស្ថាន

ជុំវិញរឿងនេះដែរ លោក នង មុនិន្ទ អ្នកស្រាវជ្រាវនៃវិទ្យាស្ថានបណ្តុះបណ្តាលនិងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជាលើកឡើងថា ប្រទេសកម្ពុជាស្ថិតនៅក្នុងចំណោមប្រទេសដែលមានភាពងាយរងគ្រោះខ្លាំងដោយសារការប្រែប្រួលអាកាសធាតុនេះ។ ងាយរងគ្រោះ ដ្បិតកម្ពុជាមិនទាន់មានសមត្ថភាពអាចបន្សុំានឹងការប្រែប្រួលអាកាសធាតុបានល្អប្រសើរនៅឡើយទេ ព្រោះកម្រិតនៃការយល់ដឹងនិងជំនាញនៃការផ្សព្វផ្សាយនៅមានកម្រិតនៅឡើយ។ លោកការប្រែប្រួលអាកាសធាតុនេះជាបុព្វហេតុមួយផ្នែកនាំឱ្យប្រជាជនធ្វើការចំណាក់ស្រុកពីតំបន់មួយទៅតំបន់មួយនិងទៅក្រៅប្រទេសដើម្បីស្វែងរកជីវភាពថ្មីដែលអាចឆ្លើយតបតម្រួវការរស់រានប្រចាំថ្ងៃបាន។

លោក នង មុនិន្ទ អ្នកស្រាវជ្រាវនៃវិទ្យាស្ថានបណ្តុះបណ្តាលនិងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា

តាមរបាយការណ៍ស្រាវជ្រាវដែលរាយការណ៍ដោយលោក ភាវ សុវុទ្ធី អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានឱ្យដឹងថា ប្រជាជនកម្ពុជាចំនួន ៥៦% បានឆ្លើយតបថា ខ្លួនចេះត្រៀមខ្លួនដើម្បីទប់ទល់សម្របខ្លួនជាមួយការប្រែប្រួលអាកាសធាតុនេះ។ តែ៤៤% នៅមិនទាន់អាចចេះសម្របខ្លួននៅឡើយទេ។ ប្រការនេះលោកសូមឱ្យប្រជាជនត្រូវចេះយកចិត្តទុកដាក់ដើម្បីអាចត្រៀមខ្លួននឹងបញ្ហាសកលនៃការប្រែប្រួលអាកាសធាតុនេះ៕

Share

ព័ត៌មានទាក់ទង

Image