ជាច្រើនសតវត្សរ៍មកហើយ ដែលមនុស្សជាច្រើនបានបោះបង់ការងាររបស់ខ្លួនក្នុងរយៈពេល ៦ ខែ ពីព្រោះពួកគេភ្លេចថា ការងារគឺមិនមែនជាការបង្កើតលុយនោះទេ។ ដូច្នេះហើយ យើងអាចទិញនូវអ្វីដែលអាចធ្វើឱ្យជីវិតយើងមានភាពងាយស្រួលជាង និងរីករាយជាងបាន។
កិច្ចការរបស់យើង គួរតែជាការបង្កើតនូវអត្ថន័យ និងតម្លៃសម្រាប់ជីវិតអ្នកដទៃ។ តាមរយៈការបង្កើតនេះ អ្នកនឹងរកឃើញនូវគោលបំណងរបស់អ្នក ហើយបន្ទាប់មកអ្នកនឹងរកឃើញនូវ
សុភមង្គលគ្រប់ពេលនាពេលធ្វើការងារ។
ឈប់ស្វែងរកសុភមង្គល ហើយចាប់ផ្ដើមស្វែងរកអត្ថន័យ និងគោលបំណង។ ខ្ញុំបានរកឃើញមធ្យោបាយក្នុងការបង្កើតនូវគោលបំណងមូយ ថាហេតុអីបានជាខ្ញុំទៅធ្វើការជារៀងរាល់ថ្ងៃ ហើយនេះ បានធ្វើឱ្យខ្ញុំមានភាពរីករាយជាង មិនត្រឹមតែជាមួយការងារទេ តែក៏ជាមួយជិវិតខ្ញុំផ្ទាល់ផងដែរ។
ខាងក្រោមនេះ ជាជំហានគោល ៤ យ៉ាង ក្នុងការផ្លាស់ប្ដូរទស្សនៈរបស់អ្នកចំពោះការងារ៖
១. លើកទឹកចិត្តមនុស្សម្នាក់រាល់ថ្ងៃ៖
ការងារគួរតែជាការបង្កើតតម្លៃសម្រាប់ជីវិតអ្នកដទៃ ដែលវាមិនចាំបាច់តែជាអតិថិជនទេ ប៉ុន្តែវាអាចជាអ្នកធ្វើការជាមួយគ្នាក៏បាន។ អ្នកគួរចាំថា ប្រសិនបើអ្នកកំពុងតែមានអារម្មណ៍មិនពេញចិត្ត និងធ្លាក់ទឹកចិត្តពីបញ្ហាការងាររបស់អ្នក នោះវាក៏មានឱកាសល្អមួយដែលមានអ្នកធ្វើការជាមួយអ្នកម្នាក់ដែរ ដែលកំពុងមានអារម្មណ៍ដូចអ្នក។
២. សរសេរទុកនូវអ្វីដែលបង្ហាញពីការដឹងគុណជារៀងរាល់ថ្ងៃ៖
យើងអាចភ្លេចយ៉ាងរហ័សថា រឿងល្អ វាពិតជាយ៉ាងណា ហើយរឿងអាក្រក់វាអាចមាន
ប៉ុណ្ណា។ វាតែងតែមានអ្វីដែលបង្ហាញពីការដឹងគុណ ហើយតាមរយៈការបង្ខំខ្លួនយើងឱ្យឃើញនូវរឿងទាំងនោះរាល់ថ្ងៃ នោះយើងនឹងធ្វើវាបានដោយស្វ័យប្រវត្តិជាក់ជាមិនខាន។
៣. វិនិយោគចំពោះខ្លួនអ្នក៖
ចំណាយពេលមួយម៉ោងក្នុងមួយថ្ងៃ ដើម្បីវិនិយោគចំពោះខ្លួនអ្នក។ យើងភ្លេចថាយើងត្រូវការពេលវេលាដើម្បីស្ដារឬពង្រឹងខ្លួនឯង។ ប្រសិនបើអ្នកធ្វើដំណើរឆ្ងាយទៅធ្វើការ នោះវាជាពេលវេលាដ៏ល្អបំផុតមួយដែលអ្នកគួរស្ដាប់ audiobook ។
ចំណាយពេលយ៉ាងហោចណាស់ ១៥ នាទីរាល់ថ្ងៃ ដើម្បីធ្វើការសម្មាធិ សម្រាក និងឆ្លុះបញ្ចាំងពីខ្លួនឯង ហើយអ្នកគួរតែហាត់ប្រាណជារៀងរាល់ថ្ងៃផងដែរ។ នៅពេលអ្នកមិនមានសុខភាពល្អ វាក៏ពិបាកឱ្យយើងរីករាយទៅរួចណាស់។ ខ្ញុំដឹងតាមរយៈបទពិសោធ ដែល
សុខភាពគឺអាចស្មើនឹងសុខសុភមង្គល។
ផ្ដល់ឱ្យខ្លួនអ្នកនូវភាពវិជ្ជមាន។ បង្ខំខួរក្បាលរបស់អ្នកឱ្យឈប់ត្អូញត្អែរពីអ្វីដែលអ្នកមិនមាន ហើយផ្ដោតលើអ្វីដែលអ្នកធ្វើ។
៤. ទទួលយកនូវទស្សនៈវិស័យមួយចំនួន៖
បង្ខំខ្លួនអ្នកឱ្យមើលឬស្ដាប់អ្វីដែលនឹងធ្វើឱ្យអ្នកឆ្លើយតប។ នេះ អាចជារឿងសាមញ្ញដូចការអាននូវសម្រង់សម្ដីល្អមួយអញ្ចឹងដែរ។ ស្ដាប់បទសម្ភាសន៍មួយជាមួយនឹងនរណាម្នាក់ដែលអ្នកគោរព អានសៀវភៅឬទស្សនាវីដេអូឯកសារណាមួយដែលអ្នកចូលចិត្តខ្លាំង។
កុំយល់ខុសពីខ្ញុំ គឺខ្ញុំមិនមែនកំពុងនិយាយថាអ្នកគួរតែនៅធ្វើការងារដែលមិនល្អនោះទេ។ អ្នកមួយចំនួនអាចត្រូវការផ្លាស់ប្ដូរការងាររបស់អ្នក ហើយអ្នកអាចនឹងប្ដូរបាន ព្រោះថាជីវិតមនុស្សយើងតែងតែផ្លាស់ប្ដូរ និងរីកចម្រើនជានិច្ច។
ទោះជាយ៉ាងណាក៏ដោយ ខ្ញុំលើកទឹកចិត្តឱ្យអ្នកព្យាយាមធ្វើនូវជំហានសាមញ្ញទាំង ៤ នេះ
សិន។ ប្រសិនបើអ្នកមានការងារដែលពិបាកៗរួចហើយ នោះអ្នកមិនមានអ្វីដែលត្រូវបាត់បង់ច្រើននោះទេ។
ធ្វើរឿងណាដែលងាយៗ ហើយបង្កើតនូវភាពខុសប្លែកចំពោះជីវិតមនុស្សយើង។ នោះហើយ ជាពេលដែលអ្នកនឹងអាចស្វែងរកនូវសុភមង្គលបាន៕
ប្រែសម្រួលដោយ៖ សេង វិបុល / ប្រភព៖ Elitedaily