មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានធ្វើដំណើរទៅដល់ប្រទេសរុស្ស៊ីកាលពីថ្ងៃពុធ ទី១៣ ខែកញ្ញានេះ ក្រោយចំណាយពេលធ្វើដំណើរតាមរថភ្លើងឯកជនអស់រយៈពេលជិត ៤ ថ្ងៃ។ នៅក្នុងនោះ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានចេញមកទទួលស្វាគមន៍លោក គីម យ៉ាងរាក់ទាក់ និងកក់ក្តៅតាមបែបម្ចាស់ផ្ទះ។ យ៉ាងណាមិញ នៅក្នុងជំនួបរវាងមេដឹកនាំកំពូលទាំងពីរបានក្លាយជាប្រធានបទដ៏ក្តៅគគុកមួយ ដ្បិតរបៀបវារៈជាច្រើននឹងត្រូវលើកយកពិភាក្សា ដោយរួមបញ្ជូលទាំងការផ្គត់ផ្គង់សព្វាវុធធ្វើសង្រ្គាមផងដែរ។ តើប្រទេសកូរ៉េខាងជើង និងរុស្ស៊ីនឹងទទួលបានអត្ថប្រយោជន៍អ្វីខ្លះក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មនៅក្នុងកិច្ចប្រជុំលើកនេះ? ចង់ជ្រាបច្បាស់សូមនាងកញ្ញា លោកលោកស្រី អញ្ជើញស្តាប់ការអត្ថាធិប្បាយរបស់លោក គីម ចាន់ចាវ ដូចតទៅ៖
ជំនួបរវាងមេដឹកនាំកូរ៉េខាងជើង និងមេដឹកនាំរុស្ស៊ី ប្រព្រឹត្តទៅនៅក្នុងមជ្ឈមណ្ឌលអវកាស Vostochny Cosmodrome របស់ប្រទេសរុស្ស៊ី កាលពីថ្ងៃពុធ ទី១៣ ខែកញ្ញា ឆ្នាំ២០២៣។ បើយោងតាមសេចក្តីរាយការណ៍ពីសារព័ត៌មាន Channel News Asia នៅក្នុងនោះ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានប្រាប់សារព័ត៌មាននៅក្នុងស្រុកថា របៀបវារៈរវាងប្រទេសទាំងពីរនឹងផ្តោតលើបញ្ហានយោបាយ បញ្ហាសេដ្ឋកិច្ច និងទាក់ទងទៅនឹងវប្បធម៌អរិយធម៌រវាងប្រទេសទាំងពីរជាដើម។ ជាពិសេស លោកថា ប្រទេសទាំងពីរមានបញ្ហាជាច្រើនដែលតម្រូវឱ្យចាប់ដៃគ្នាសហការ គួបផ្សំនឹងជំនួយក្នុងការធ្វើសង្គ្រាមក្នុងភាពដោយឡែក ពោលគឺការផ្គត់ផ្គង់ទៅតាមលទ្ធភាពជាក់ស្តែង និងមិនជ្រៀតជ្រែកបញ្ហាផ្ទៃក្នុង។
តួយ៉ាង របៀបវារៈទាំងនេះ ហាក់ត្រៀមជាស្រេច ដើម្បីលើកយកមកជជែកពិភាក្សានៅក្នុងអង្គប្រជុំរវាងប្រទេសទាំងពីរ។ ប្រទេសកូរ៉េខាងជើងត្រូវការអ្នកជំនាញរបស់រុស្ស៊ីសម្រាប់ជួយអភិវឌ្ឍអាវុធថ្មីៗ ខណៈប្រទេសរុស្ស៊ីត្រូវការគ្រាប់រំសេវ និងការផ្គត់ផ្គង់ផ្នែកយោធា ដើម្បីយកទៅប្រើប្រាស់នៅក្នុងសមរភូមិតទល់ជាមួយនឹងប្រទេសអ៊ុយក្រែន។
គួរបញ្ជាក់ដែរថា ប្រទេសកូរ៉េខាងជើងមានសព្វាវុធទំនើបៗមិនចាញ់ប្រទេសរុស្ស៊ីនោះឡើយ ដែលមានដូចជាកាំភ្លើងធំបាញ់ដោយខ្លួនឯង និងមីស៊ីលប្រឆាំងរថក្រោះ ដែលជាធម្មតាទុកសម្រាប់ប្រើប្រាស់ក្នុងការធ្វើសង្រ្គាម។ ប្រទេសកូរ៉េជើងមិនមានបញ្ហាក្នុងការដឹកជញ្ជូនសម្ភារៈដែលរុស្ស៊ីកំពុងត្រូវការនោះឡើយ ពោលគឺកូរ៉េខាងជើងអាចប្រើប្រាស់ផ្លូវដែក Najin-Hasan ដែលជាផ្លូវតភ្ជាប់រវាងប្រទេសទាំងពីរ ដើម្បីដឹកជញ្ជូនទំនិញឱ្យបានឆាប់រហ័សតាមតែអាចធ្វើបាន។
យ៉ាងណាមិញ នៅក្នុងកិច្ចប្រជុំនៅមជ្ឈមណ្ឌលអវកាស Vostochny cosmodrome អ្នកយកព័ត៌មានម្នាក់បានសាកសួរទៅលោក ពូទីន ថា តើរុស្ស៊ីនឹងជួយកូរ៉េខាងជើងបាញ់បង្ហោះផ្កាយរណប និងរ៉ុក្កែតឱ្យបានជោគជ័យដែរឬទេ? លោក ពូទីន បានឆ្លើយតបទៅវិញថា នោះហើយជាមូលហេតុដែលលោក និង លោក គីម បើកការប្រជុំរួមគ្នាមួយនៅក្នុងប្រទេសរុស្ស៊ីនេះ។
ប្រធានាធិបតីរុស្ស៊ីរូបនេះបានបញ្ជាក់ដែរថា មេដឹកនាំកូរ៉េខាងជើងបានបង្ហាញចំណាប់អារម្មណ៍ទាក់ចិត្តជាមួយនឹងលំហ អវកាស និងរ៉ុក្កែតរបស់រុស្ស៊ីជាខ្លាំង។ លោកបន្តទៀតថា ពួកលោកកំពុងពិភាក្សា ដើម្បីរកដំណោះស្រាយជុំវិញការធ្វើបច្ចុប្បន្នភាពនៃបច្ចេកវិទ្យាទំនើបៗរវាងប្រទេសកូរ៉េខាងជើង និងរុស្ស៊ី។ ខណៈសហរដ្ឋអាមេរិកជឿជាក់ថា ប្រទេសកូរ៉េខាងជើងបានលូកដៃចូលទៅក្នុងសង្គ្រាមរវាងរុស្ស៊ីនិងអ៊ុយក្រែនរួចជាស្រេចហើយ ដោយបានផ្គត់ផ្គង់អាវុធដល់ក្រុមទាហានស៊ីឈ្នួល Wagner របស់រុស្ស៊ី។
ដោយឡែក ប្រទេសកូរ៉េខាងជើងនឹងទទួលបានអត្ថប្រយោជន៍ជាច្រើននៅក្នុងកិច្ចសហប្រតិបត្តិការនេះ ដ្បិតបច្ចុប្បន្នប្រទេសកូរ៉េខាងជើងកំពុងជួបវិបត្តិស្បៀងអាហារ ដោយសារវិបត្តិសេដ្ឋកិច្ចនៅក្នុងប្រទេស។ ក្នុងកិច្ចពិភាក្សានេះ ប្រទេសរុស្ស៊ីត្រូវការការផ្គត់ផ្គង់ស្បៀងអាហារទៅដល់ក្រុមទាហានរបស់ខ្លួនជាចាំបាច់ ដូច្នេះប្រទេសកូរ៉េជើងអាចមានឱកាសចាប់ដៃគ្នាជាមួយនឹងរុស្ស៊ី ក្នុងការនាំចេញនូវគ្រឿងឧបភោគបរិភោគមួយចំនួន ដើម្បីជួយទ្រទ្រង់សេដ្ឋកិច្ចរបស់ប្រទេសកូរ៉េខាងជើង។
ជាងនេះទៅទៀត ប្រទេសកូរ៉េខាងជើងក៏មានបំណងចង់បញ្ជូនពលកររបស់ខ្លួនទៅធ្វើការនៅប្រទេសរុស្ស៊ីផងដែរ ដោយសារពលកររាប់ម៉ឺននាក់របស់កូរ៉េខាងជើងដែលធ្លាប់បម្រើការនៅបរទេស ត្រូវបណ្តេញមកប្រទេសខ្លួនវិញ ក្រោយអង្គការសហប្រជាជាតិដាក់ទណ្ឌកម្មយ៉ាងចាស់ដៃ។ តួយ៉ាង ប្រាក់ចំណូលពីពលករអន្តោប្រវេសន៍ទាំងនេះ គឺជាប្រភពសាច់ប្រាក់ដ៏សន្ធឹកសន្ធាប់សម្រាប់ប្រទេសកូរ៉េខាងជើង។
ចំណែកឯ ប្រទេសរុស្ស៊ីក៏ទទួលបានគុណប្រយោជន៍ដូចគ្នា ក៏ព្រោះតែរុស្ស៊ីកំពុងត្រូវការយុវជនជាច្រើនចូលរួមធ្វើសង្រ្គាមដើម្បីទប់ទល់នឹងអ៊ុយក្រែន។ ទន្ទឹមគ្នានេះ រុស្ស៊ីត្រូវការសម្ព័ន្ធមិត្តដើម្បីផ្គត់ផ្គង់នូវតម្រូវការមួយចំនួន ខណៈពេលដែលខ្លួនកំពុងឈរលើសមរភូមិប្រយុទ្ធជាមួយនឹងអ៊ុយក្រែន។ រុស្ស៊ីអាចផ្ទេរបច្ចេកវិទ្យាទំនើបៗរបស់ខ្លួនទៅឱ្យប្រទេសកូរ៉េខាងជើង ដូច្នេះកូរ៉េខាងជើងអាចទទួលបានជោគជ័យក្នុងការបាញ់បង្ហោះផ្កាយរណបឈ្លបយកការណ៍បាន។ គួរបញ្ជាក់ដែរថា កូរ៉ែខាងជើងធ្លាប់បានសាកល្បងបង្ហោះផ្កាយរណបឈ្លបយកការណ៍ពីរលើករួចមកហើយ ក៏ប៉ុន្តែមិនទទួលបានជោគជ័យ និងក្លាយជាក្តីអាម៉ាស់លើឆាកអន្តរជាតិ។
ដោយសារកត្តាទាំងនេះហើយ ទើបបណ្តាលឱ្យមេដឹកនាំទាំងពីរនេះបានចុះកិច្ចព្រមព្រៀងចាប់ដៃគ្នាធ្វើដៃគូពាណិជ្ជកម្មទ្វេភាគី។ ក៏ប៉ុន្តែកិច្ចព្រមព្រៀងបែបនេះ បានក្លាយជាដំណឹងភ្ញាក់ផ្អើលមួយសម្រាប់ពិភពខាងក្រៅ។ អ្នកវិភាគយល់ថា រុស្ស៊ីមានសក្តានុពលខ្លាំងក្នុងការជំរុញកូរ៉េខាងជើងផលិតសព្វាវុធ ដែលអាចបង្កជាគ្រោះថ្នាក់ដល់តំបន់មួយចំនួន។
ទោះបីជាយ៉ាងណាក៏ដោយ រុស្ស៊ីអាចផ្ទេរបច្ចេកវិទ្យាទំនើបៗរបស់ខ្លួនទៅឱ្យប្រទេសកូរ៉េខាងជើង ដូច្នេះកូរ៉េខាងជើងអាចទទួលបានជោគជ័យក្នុងការបាញ់បង្ហោះផ្កាយរណបឈ្លបយកការណ៍បាន លុបលាងការបរាជ័យពីរលើកកន្លងមក៕