en     km
en     km

យុវតីជនជាតិដើមភាគតិចស្នើអាជ្ញាធរយកចិត្តទុកដាក់អន្តរាគន៍លើបញ្ហាកើតក្នុងសហគមន៍

Share

បញ្ហាប្រឈមរបស់ជនជាតិដើមភាគតិចតែងតែកើតមានក្នុងសហគមន៍ជនជាតិដើមភាគតិចដូចជា មិនទទួលបានឱកាសក្នុងការសិក្សា ការរៀបការវ័យក្មេង ការរំលោភបំពានលើក្មេងស្រី និងបញ្ហាអំពើហិង្សាក្នុងគ្រួសារដែលកើតមានលើគ្រប់ស្រ្តីជនជាតិដើមភាគតិច តែបញ្ហាទាំងនេះត្រូវបានគេចាត់ទុកថាជារឿងធម្មតាទៅវិញ។ យុវតីជនជាតិដើមភាគតិច ដែលលើកឡើងពីបញ្ហានេះ អំពាវនាឱ្យអាជ្ញាធរយកចិត្តទុកដាក់អន្តរាគន៍លើបញ្ហា ដែលកើតក្នុងសហគមន៍ ដោយមិនត្រូវចាត់ទុកបញ្ហាទាំងនោះជារឿងធម្មតាឡើយ។

(កញ្ញា ទាវ ឧស្សា ជាអ្នករាយការណ៍)

រូបភាពតំណាងប្រភពពីគេហទំព័័រអង្គការជនជាតិដើមភាគតិចកម្ពុជា

ពាក់ព័ន្ធនឹងបញ្ហានេះ យុវតីដែលជានិសិត្សច្បាប់ ជនជាតិដើមព្នង កញ្ញាសំអាត រចនា អះអាងប្រាប់វិទ្យុស្ត្រីនៅថ្ងៃទី១៤ ខែកញ្ញានេះថាស្រ្តីជនជាតិដើមភាគតិចមិនមានការយល់ដឹងពាក់ព័ន្ធនឹងសិទ្ធរបស់ខ្លួននៅឡើយ ជាពិសេសផ្នត់គំនិតសង្គមគឺមិនសូវផ្តល់តម្លៃដល់ស្រ្តីនោះទេ ហើយស្រ្តីតែងតែរងការគាបសង្គត់ពីមជ្ឈដ្ឋានមួយចំនួន។

 «ចំណេះដឹងដែលពាក់ព័ន្ធនឹងសិទ្ធរបស់ស្រ្តីជនជាតិដើមភាគតិចនៅមានកម្រិតនៅឡើយ ពួកគាត់មិនដឹងថាខ្លួនមានសិទ្ធក្នុងការធ្វើអ្វីខ្លះ ជាពិសេសផ្នត់គំនិតសង្គមមិនសូវផ្តល់តម្លៃដល់មនុស្សស្រី ក៏ដូចជារងការគាបសង្គត់ពីអ្នកនៅជុំវិញខ្លួន។»

ដោយមើលឃើញពីផលលំបាកពាក់ព័ន្ធនឹងសិទ្ធិសេរីភាព យុវតីជនជាតិដើមព្នងរូបនេះ ទាមទារឱ្យមានការផ្លាស់ប្តូរមួយ និងមានបំណងចង់ឱ្យស្រ្តីជនជាតិដើមភាគតិចយល់ដឹងនូវសិទ្ធរបស់ខ្លួនថាមានអ្វីខ្លះព្រមទាំងហ៊ានប្រើប្រាស់សិទ្ធទាំងនោះ ចៀសវាងការនៅស្ងៀមទទួលរងនូវភាពអយុត្តិធម៌។​

«ចង់ឱ្យមានការផ្លាស់ប្តូរមួយប្រកបដោយភាពវិជ្ជមាន ចង់ឱ្យស្រ្តីជនជាតិដើមភាគតិចយល់ដឹងនូវសិទ្ធរបស់ខ្លួនមានអ្វីខ្លះ អាចមានសិទ្ធធ្វើអ្វីខ្លះ។ដូចជាករណីមានអំពើហិង្សាកើតឡើង ស្រ្តីត្រូវដឹងថា​ពួកគាត់មានសិទ្ធក្នុងការប្តឹង មានភាពក្លាហ៊ានក្នុងការរាយការណ៍ទៅអាជ្ញាធរ រាយការណ៍បញ្ហាប្រាប់មនុស្សជុំវិញខ្លួន ហ៊ានប្រឈមមុខ កុំខ្លាចពីអ្វីដែលសង្គមមានលើរូបគាត់។»

ពាក់ព័ន្ធបញ្ហានេះ លោក យី គឹមថាន នាយកស្តីទីអង្គការភ្លែនអន្តរជាតិប្រចាំកម្ពុជា  បានឱ្យដឹងថាដោយមើលឃើញពីភាពខ្វះចន្លោះខាងលើចំពោះក្រុមជនជាតិដើមភាគតិច ដូចជាជនជាតិព្នង និងចារាយ ជាដើម អង្គការភ្លែនអន្តរជាតិ  បានចូលរួមដោះស្រាយតាមរយៈផែនការយុទ្ធសាស្ត្ររបស់ខ្លួនមួយចំនួនដូចជា អប់រំផលលំបាកពីការរៀបការវ័យក្មេង​ សុខភាពបន្តពូជ​ ការអប់រំក្មេងស្រី ផ្ដល់អាហាររូបករណ៍ដល់ក្មេងស្រី​ពង្រឹងសេដ្ឋកិច្ចស្ត្រី និងផ្ដល់ភាពជាអ្នកដឹកនាំដល់ក្មេងស្រី។

«ភាគច្រើនការរៀបការវ័យក្មេង​ដោយសារគាត់មិនបានបន្តការសិក្សា​ ​​​​​​​គាត់ឈប់រៀនអាចមានកត្តាជាច្រើនទៀតទាក់ទងនឹងជីវភាពរបស់គាត់ដែរ សាលារៀនអីនៅឆ្ងាយអីចឹងធ្វើឱ្យគាត់ពិបាករៀន​ មួយទៀតយើងឃើញថា អនុវិទ្យាល័យឬសាលាខ្លះ ក្មេងស្រីខ្លះគាត់ពិបាកក្នុងការចូលបន្ទប់ទឹកនៅពេលមករដូវ ​ឬនៅពេលចង់ចូលបន្ទប់ទឹកវាអត់មានបង្គន់ ​​ដល់ពេលចុះឡើងគាត់ខ្ជិលទៅរៀន ខ្មាស់ក្មេងៗប្រុសៗ​​ ហើយមួយទៀតទាក់ទងនឹងការដែលពេលគាត់មានរដូវ គឺសហគមន៍ខ្លះរហូតដល់តមអត់ឱ្យទៅសាលាអីមួយអាទិត្យ ឬអីចឹងទៅ »

ស្របពេលដែលមានការអន្តរាគមន៍ពីអង្គការសង្គមស៊ីវិលដើម្បីសម្រួលជីវភាពរស់នៅរបស់ជនជាតិដើម កញ្ញាសំអាត រចនា បានសំណូមពរដល់អាជ្ញាធរ ចុះអន្តរាគមន៍និងមានវិធានការណ៍ណាមួយច្បាស់លាស់ការពារដល់ជនរងគ្រោះលើបញ្ហានានា និងមានសកម្មភាពលើជនល្មើស ដើម្បីលើកទឹកចិត្តជនគ្រោះហ៊ានធ្វើការបញ្ចេញមតិយោបល់ និងហ៊ានប្រឈមមុខនឹងបញ្ហាទាំងនោះ។ បន្ថែមពីនេះ កញ្ញាសំណូមពរដល់អាជ្ញាធរ ព្យាយាមស្វែងយល់ពីវប្បធម៌របស់ជនជាតិដើមភាគតិចបែបណា ដោយមិនត្រូវចាត់ទុកបញ្ហាទាំងនោះជារឿងធម្មតាឡើយ។

«សំណូមពរដល់អាជ្ញាធរ នៅពេលមានករណីរំលោភបំពាន់ឬអំពើហិង្សាក្នុងគ្រួសារណាមួយ សុំឱ្យអាជ្ញាធរចុះអន្តរាគមន៍និងមានវិធានការណ៍ណាមួយច្បាស់លាស់ការពារដល់ជនរងគ្រោះ ដោយមិនចាំទាល់តែជនរងគ្រោះប្តឹង ព្រោះពួកគាត់មិនហ៊ានប្តឹង ដោយខ្លាចពីសុវត្ថិភាពរបស់ខ្លួនឯង។ តែប្រសិនអាជ្ញាធរយកចិត្តទុកដាក់ជុំវិញលើបញ្ហាទាំងនេះ  និងមានសកម្មភាពលើជនល្មើស នោះនឹងមានជនរងគ្រោះផ្សេងៗទៀត គាត់ព្យាយាមធ្វើការប្តឹង ធ្វើការបញ្ចេញមតិយោបល់ និងហ៊ានប្រឈមមុខនឹងបញ្ហាទាំងនោះ។ សំណូមពរដល់អាជ្ញាធរ ព្យាយាមស្វែងយល់ពីវប្បធម៌របស់ជនជាតិដើមភាគតិចបែបណា ចៀសវាងគិតថាបញ្ហាទាំងនោះជារឿងធម្មតា។ »

រូ​​បភាពនេះមានប្រភពពីអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា

កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា ប្តេជ្ញាបន្តចូលរួមកិច្ចសហប្រតិបត្តិការជាមួយភាគីពាក់ព័ន្ធទាំងអស់ ដើម្បីគាំទ្រ លើកកម្ពស់សិទ្ធិ និងឱកាសរបស់សហគមន៍ជនជាតិដើមភាគតិចនៅកម្ពុជា។ នេះយោងតាមការលើកឡើងក្នុងកិច្ចពិភាក្សាលើស្ថានភាពជនជាតិដើមភាគតិច សិទ្ធិ វប្បធម៌ ប្រពៃណី និងការរស់នៅប្រាស្រ័យនឹងទឹកដី។ សេចក្តីប្រកាសពីសិទ្ធជនជាតិដើមភាគតិចរបស់អង្គការសហប្រជាជាតិ(UNDRIP) កាលពីថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ២០០៧ បានចេញសេចក្តីថ្លែងការណ៍ និយាយអំពីសិទ្ធិបុគ្គល សិទ្ធិសមូហភាព អត្តសញ្ញាណវប្បធម៌ សិទ្ធិក្នុងការអប់រំ សុខភាព ការងារ ភាសា និងដើម្បីប្រឆាំងនឹងការរើសអើងជនជាតិដើមភាគតិច ក៏ដូចជាលើកកម្ពស់ ធានានូវសិទ្ធិ និងការចូលរួមក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម និងវប្បធម៌​ ទៅតាមច្បាប់និងគោលនយោបាយអន្តរជាតិ​សិទ្ធិជនជាតិដើមភាគតិច៕

 

Share

Image
Image
Image