en     km
en     km

និស្សិត​ស្រី​មួយ​ចំនួន​បន្ត​យក​អនុ​បណ្ឌិត​ ព្រោះ​ចង់​ផ្លាស់​ប្ដូរ​ផ្នត់គំនិត​សង្គម​

Share

​និស្សិត​ស្រី​ភាគតិច​ណាស់​ដែល​មានឱកាស​បន្ដ​ការ​សិក្សា​នៅ​ថ្នាក់​បរិញ្ញាបត្រ​ ហើយ​ក៏​មាន​ និស្សិត​ស្រី​តិច​ដែរ​ សម្រេច​បន្ដ​ការ​សិក្សា​នៅ​កម្រិតបរិញ្ញាបត្រ​ជាន់ខ្ពស់​ ដើម្បី​បំពេញ​មហិច្ឆតា​របស់​ខ្លួន​នៅ​ពេល​អនាគត​។​ ប៉ុន្ដែ​នៅ​ពេល​នេះ​ និស្សិត​ស្រី​មួយ​ចំនួន​ដែល​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​រួច​ហើយ​ ពួក​គេ​ក៏​សម្រេចចិត្ត​បន្ដ​ការ​សិក្សា​នៅ​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​បន្ដ​ទៀត​ ស្រប​ពេល​ដែល​កម្រិត​អនុ​បណ្ឌិត​នេះ​ ស្ដ្រី​ភាគច្រើន​មិនសូវ​ចាប់អារម្មណ៍​សិក្សា​។​ ចង់​ដឹង​ថា​ និស្សិត​ស្រី​ទាំងនោះ​ សម្រេចចិត្ត​បន្ដ​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​ ព្រោះ​មូលហេតុ​អ្វី​?​ ហើយ​អ្វី​ជា​ក្ដី​ស្រមៃ​ និង​មហិច្ឆតា​របស់​ពួក​គេ​?​

រូបតំណាង (ពី khmernz blogspot)
រូបតំណាង ៖ khmernz blogspot


ជា​បន្ដ​សូម​អញ្ជើញ​ ស្ដាប់​បទ​យកការណ៍​ ដែល​រៀបរៀង​ដោយ​កញ្ញា​ ជុំ​ ជោគ​ជាតា​ ដូច​តទៅ​៖

​និស្សិត​ស្រី​ដែល​បញ្ចប់​បរិញ្ញាបត្រ​មួយ​ចំនួន​ បាន​ចូលខ្លួន​បង្ហាញ​ពី​ភាព​ក្លាហាន​របស់​ខ្លួន​ឱ្យ​សង្គម​បានដឹង​ថា​ ពួក​គេ​រៀន​បន្ត​យក​អនុ​បណ្ឌិត​ក៏​ព្រោះតែ​ចង់​ផ្លាស់​ប្ដូរ​ផ្នត់គំនិត​សង្គម​ និង​បំពេញ​ក្ដី​ស្រមៃ​របស់​ខ្លួន​។​

ជាក់ស្ដែង​ ដូច​ជា​កញ្ញា​ លី​ ដា​ គឺជា​និស្សិត​បញ្ចប់​បរិញ្ញាបត្រ​ច្បាប់​ នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ដ្រ​ និង​វិទ្យាសាស្ដ្រ​សេដ្ឋកិច្ច​  ហើយ​បាន​បន្ដ​ការ​សិក្សា​ បរិ​ញ្ញ​ប​ត្រ​ជាន់ខ្ពស់​ ផ្នែក​រដ្ឋបាល​សាធារណៈ​ នៅ​សាកលវិទ្យាល័យ​ពុទ្ធិក​ព្រះ​សីហ​មុនី​រាជា​។​ កញ្ញា​ លី​ ដា​ បាន​ប្រាប់​ឱ្យ​ដឹង​មូលហេតុ​ដែល​កញ្ញា​សម្រេច​បន្ដ​ការ​សិក្សា​ថ្នាក់អនុបណ្ឌិត​ថា​ ដោយសារ​តែ​កញ្ញា​ ចង់​មានការ​ងារ​ និង​តួនាទី​ល្អ​មួយ​នៅ​ក្នុង​ស្ថាប័នរដ្ឋ​ នៅ​ពេល​កញ្ញា​បញ្ចប់​ការ​សិក្សា​ មុខ​វិជ្ជា​រដ្ឋបាល​សារ​ធារ​ណៈ​។​

«​គោលដៅ​របស់ខ្ញុំ​ គឺ​ខ្ញុំ​ចង់​ក្លាយជា​មន្ដ្រីរាជការ​មួយ​រួប​ ដែល​អាច​មាន​សមត្ថភាព​បម្រើ​ការងារ​ ជូន​ប្រជាពលរដ្ឋ​នៅ​ក្នុង​សហគមន៍​ ក៏​ដូច​ជា​សង្គម​ជាតិ​ខ្ញុំ​ផ្ទាល់​»​។​

​កញ្ញា​វ័យ​ ២៣​ ឆ្នាំ​រូប​នេះ​  ក៏​បាន​ប្រាប់​ឱ្យ​ដឹង​បន្ត​ថា​ នៅ​ក្នុង​ថ្នាក់រៀន​របស់​នាង​ គឺ​មាន​សិស្ស​ភេទ​ស្រី​នាង​ ម្នាក់​ប៉ុណ្ណោះ​។​ កញ្ញា​ លី​ដា​ បន្ថែម​ថា​ នេះ​គឺជា​រឿង​មួយ​ដែល​នាង​សោកស្ដាយ​ខ្លះ​ដែរ​ ដែល​មិន​មាន​ស្ត្រី​បន្ត​ការ​សិក្សា​នៅ​ថ្នាក់អនុបណ្ឌិត​បែប​នេះ​។​ យ៉ាងនេះ​ក្ដី​ លី​ដា​ និយាយ​ថា​ នាង​ក៏​សង្ឃឹមថា​  នារី​ជា​ច្រើន​អាច​បន្ដ​ការ​សិក្សា​ នៅ​កម្រិត​បរិញ្ញាបត្រ​ជាន់ខ្ពស់​នេះ​បាន​ច្រើន​ទៅ​ថ្ងៃ​មុខ​។​

«​ចា៎​ ជា​ការ​ពិត​ ការ​យើង​ជា​ស្ដ្រី​អ៊ីចឹង​ យើង​មក​រៀន​តែងតែមាន​គុណសម្បត្តិ​ និង​គុណវិបត្តិ​ហើយ​ ប៉ុន្ដែ​សម្រាប់​ខ្ញុំ​ផ្ទាល់​ វា​មិនមែន​ជា​ឧបសគ្គ​ទេ​។​  យើង​ស្ដ្រី​ យើង​មក​រៀន​បន្ដ​នេះ​ ហើយ​ ភាគច្រើន​ អ្នក​ផ្ទះ​ខ្ញុំ​ប៉ា​ម៉ាក់​អ៊ីចឹង​ តែងតែ​លើកទឹកចិត្ត​ថា​ ទោះជា​កូនស្រី​ក៏​ត្រូវ​តែ​រៀន​ដែរ​ បើ​ស្រឡាញ់​អី​ ឬ​ក៏​ចូល​ចិត្ត​អី​ហើយ​ ត្រូវ​តែ​រៀន​ត​ ទោះ​យើង​មាន​ជីវភាព​ខ្វះខាត​ក៏​ដោយ​ ក៏​យើង​ត្រូវ​ខំប្រឹង​ដែរ​ ព្រោះ​អី​សំខាន់​ការ​សិក្សា​ ។​ ខ្ញុំ​មានគំនិត​ថា​ ចង់ឱ្យ​មាន​ស្ដ្រី​ច្រើន​ មក​រៀន​ដល់​ថ្នាក់អនុបណ្ឌិត​នេះ​ ចង់ឱ្យ​មាន​ស្ដ្រី​ច្រើន​មក​រៀន​ដល់​ថ្នាក់អនុបណ្ឌិត​នេះ​ ព្រោះ​អី​យើង​មាន​​កង្វះខាត​ស្ដ្រី​ច្រើន​។​ អ៊ីចឹង​គួរ​ឱ្យ​សោកស្ដាយ​ដែរ​ ប៉ុន្ដែ​យើង​នឹង​លើកកម្ពស់​ ហើយ​សង្ឃឹមថា​ ស្ដ្រី​រៀន​ច្រើន​»​។​

​ងាក​មក​និយាយ​ពី​អនុ​បណ្ឌិត​ច្បាប់​ នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ដ្រ​វិ​ទ្យ​ស្ដ្រ​សេដ្ឋកិច្ច​ វិញ​ម្ដង​ គឺ​កញ្ញា​ វណ្ណ​ ដា​វី​។​ កញ្ញា​បាន​ប្រាប់​អំពី​មូលហេតុ​ មុន​ពេល​កញ្ញា​សម្រេចចិត្ត​បន្ដ​ការ​សិក្សា​អនុ​បណ្ឌិត​នេះ​ ដោយសារ​តែ​កញ្ញា​ ចង់​ធ្វើ​ជា​មេធាវី​។​

«​បង​ឃើញ​មានឱកាស​ការងារ​ខ្ពស់​ អូន​!​ នៅ​ពេល​ដែល​យើង​បាន​ត្រឹម​បរិញ្ញាបត្រ​ អាហ្នឹង​ ​ទីផ្សារ​ប្រកួតប្រជែង​របស់​យើង​មាន​កម្រិត​មួយ​ទាប​នៅឡើយ​។​ ប៉ុន្ដែ​បើ​យើង​តយ​ក​អនុ​បណ្ឌិត​ យើង​អាច​មាន​សក្ដានុពល​ ក្នុង​ការ​ចូល​បម្រើ​ការងារ​ ដូច​ជា​ខាង​គ្រូ​ នៅ​សាកលវិទ្យាល័យ​​អ៊ីចឹង​។​ ដោយសារ​ ត្រឹម​បរិញ្ញាបត្រ​ ទាល់​ [​តែ​]​ យើង​មានការ​ងារ​ធ្វើ​រាង​ខ្លាំង​ តែ​បែរ​ថា​ អនុ​បណ្ឌិត​ យើង​អាច​ចូល​ទៅ​ក្នុង​ធ្វើ​ជា​គ្រូបង្រៀន​ប្រកបដោយ​វិជ្ជាជីវៈ​ច្បាស់លាស់​ (Professional​ Teacher)»​។​

​និស្សិត​ច្បាប់​ដែល​មាន​បំណងប្រាថ្នា​ចង់​ក្លាយជា​មេធាវី​រូប​នេះ​ បាន​ប្រាប់​ឰ​ឱ្យ​ដឹង​ទៀត​ថា​   ទៅ​ថ្ងៃ​អនាគត​ ដើម្បី​ក្លាយជា​មេធាវី​នេះ​ កញ្ញា​ព្យាយាម​សិក្សា​រៀនសូត្រ​ខ្លាំង​ណាស់​  ក្រៅពី​រៀន​ ជាមួយ​គ្រូ​មិន​គ្រប់​ កញ្ញា​ក៏​រៀន​បន្ថែម​ខ្លួនឯង​ទៀត​ ដោយ​ការ​ស្រាវជ្រាវ​ និង​ជជីក​សួរ​ព័ត៌មាន​ ទាក់ទង​នឹង​មេរៀន​ និង​នីតិវិធី​នៃ​ដំណើរការ​នៃ​រឿង​ក្ដី​ បន្ថែម​ពី​អ្នកជំនាញ​ផ្នែក​ច្បាប់​  រួម​ទាំង​ ពិភាក្សា​ជាមួយ​មិត្តភក្ដិ​អ្នក​ច្បាប់​ដូច​គ្នា​ជាដើម​។​

«​ដូច​បង​ចឹ​ង​ ឱ្យ​តែ​ថា​ ទោះ​បងរៀន​ តែ​ថ្ងៃ​សៅរ៍​ អាទិត្យ​ ឱ្យ​តែ​ទំនេរ​អ៊ីចឹង​ បង​កាន់​សៀវភៅ​ ច្បាប់​មើល​ ហើយ​ជា​ពិសេស​រំឭក​មេរៀន​របស់​គ្រូ​។​ ហើយ​ រួច​ហើយ​ដាក់​គោលដៅ​ខ្លួនឯង​ មួយ​ថា​ ថ្ងៃក្រោយ​ បង​ចង់​ក្លាយជា​មេធាវី​ចឹ​ង​ រាល់​មុខ​វិជ្ជា​ដែល​មាន​ពាក់ព័ន្ធ​ជាមួយនឹង​ករណី​ (case)​ ខាង​ផ្នែក​មេធាវី​ស៊ើបអង្កេត​អី​នេះ​ហ្នឹង​ គឺ​បង​ផ្ដោត​សំខាន់​ទៅ​លើ​អាហ្នឹង​ ហើយ​រួច​សួរ​ដេញដោល​គ្រូ​ រួច​ហើយ​ឧស្សាហ៍​តេ​ទៅ​ខាង​មិត្តភក្ដិ​បង​ ទាក់ទង​នឹង​ខាង​វិស័យ​ហ្នឹង​ ផង​ដែរ​ ខាង​តុលាការ​អីហ្នឹង​ សួរ​គាត់​មាន​ករណី​ (case)​ អ៊ីចឹង​ ចឹ​ង​បោះ​មក​បោះ​ទៅ​ រួច​ហើយ​ សួរ​គាត់​ពី​នីតិវិធី​ និង​ការ​ដោះស្រាយ​ក្នុង​រឿង​ក្ដី​នោះ​។​ ហើយ​អ៊ីចឹង​បង​ពង្រឹង​ បណ្ដើ​យៗ​»​។​

​ទៅ​ជួប​ជាមួយ​អនុ​បណ្ឌិត​អក្សរសាស្ដ្រ​អង់គ្លេស​ អ្នកស្រី​ ប៉ា​ វុ​ត្ថា​ វិញ​ម្ដង​ អ្នកស្រី​ក៏​បាន​ហ៊ាន​ បង្ហាញ​ពី​ភាព​ក្លាហាន​របស់​ខ្លួន​ ពី​រឿង​សិក្សា​នៅ​ថ្នាក់អនុបណ្ឌិត​នេះ​ដែរ​។​ អ្នកស្រី​ ប៉ា​ វុ​ត្ថា​ និយាយ​ថា​ ហេតុផល​ដែល​គាត់​បន្ដ​ការ​សិក្សា​នៅ​ថ្នាក់អនុបណ្ឌិត​
ក៏​ព្រោះតែ​គាត់​ចង់​ក្លាយជា​ តំណាងរាស្ដ្រ​ ដឹកនាំ​ការងារ​ជួយ​ប្រជាពលរដ្ឋ​ និង​គ្រប់គ្រង​ប្រជាជន​ទូ​ទាំង​ពិភពលោក​។​

«​គោលបំណង​ខ្ញុំ​ទៅ​ថ្ងៃ​អនាគត​ ខ្ញុំ​ចង់​គ្រប់គ្រង​ប្រជាជន​ ទូ​ទាំង​ពិភពលោក​ បើសិនជា​មាន​ ពេល​ និង​កាលៈទេសៈ​ ខ្ញុំ​ចាប់​យក​ទាំងអស់​»​។​

​ជាមួយ​គ្នា​នេះ​ដែរ​ មាន​វ័យ​ ៤៦​ ឆ្នាំ​រូប​នេះ​ បានឱ្យ​ដឹង​ថា​ ក្រោយ​ពេល​បញ្ចប់​ការ​សិក្សា​ថ្នាក់​បរិ​ញ្ញ​ប​ត្រ​អក្សរសាស្ដ្រ​អង់គ្លេស​ អ្នកស្រី​ក៏​បាន​ចូល​សិក្សា​នៅ​ថ្នាក់អនុបណ្ឌិត​អក្សរសាស្ដ្រ​ អង់គ្លេស​ នៅ​ថ្ងៃ​សៅរ៍​ អាទិត្យ​ ជាមួយ​គ្នា​ អ្នកស្រី​ ក៏​ជា​គ្រូបង្រៀន​នៅ​សាលា​បឋម​សិក្សា​មួយ​ នៅ​ទីក្រុង​ភ្នំពេញ​ មក​ទល់​នឹង​សព្វ​ថ្ងៃនេះ​ផង​ដែរ​។​

​ទន្ទឹម​នឹង​នោះ​អ្នកស្រី​ ប៉ា​ វុ​ត្ថា​ ក៏​ជា​ស្ដ្រី​ ដែល​មាន​ស្វាមី​រួច​ហើយ​ដែរ​ តែ​ទោះបីជា​ អ្នកស្រី​ មាន​ស្វាមី​ហើយ​ក៏​ដោយ​ ក៏​អ្នកស្រី​មិន​ដែល​បោះបង់​ក្ដី​ព្យាយាម​ និង​មហិច្ឆតា​ ដែល​អ្នកស្រី​ ប្រាថ្នា​ចោល​ដែរ​។​

«​ខ្ញុំ​មានគ្រួសារ​ ប៉ុន្ដែ​ធម្មតា​ យើង​កុំ​យក​ឧបសគ្គ​មក​ដាក់​មុខ​ ធ្វើ​អ្វី​ក៏​មាន​ឧបសគ្គ​ដែរ​ សូ​ម្បី​តែ​ យើង​ញ៉ាំ​បាយ​ ក៏​មាន​ឧបសគ្គ​ដែរ​ ប៉ុន្ដែ​យើង​កុំ​យក​អ្វី​មក​ជា​ឧបសគ្គ​។​ កម្លាំងចិត្ត​យើង​ យើង​ លើកទឹកចិត្ត​ខ្លួនឯង​ គេ​ធ្វើ​បាន​ យើង​ក៏​ធ្វើ​បាន​ ឱ្យ​តែ​មាន​ឆន្ទៈ​មោះមុត​អ៊ីចឹង​ទៅ​ហើយ​ ទៅ​មុខ​ហើយ​»​។​

​ជាមួយ​គ្នា​ដែរ​ អ្នកស្រី​ ប៉ា​ វុ​ត្ថា​ ក៏​បាន​ជម្រាប​ជូន​ពី​ចំណុច​សំខាន់ៗ​ ដែល​គាត់​បាន​ឆ្លងកាត់​ ក្នុងអំឡុងពេល​សិក្សា​កន្លង​មក​ថា​ ពី​មុន​នឹង​គាត់​បាន​សិក្សា​នៅ​ថ្នាក់អនុបណ្ឌិត​ ឬ​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​នេះ​ គាត់​ក៏​ធ្លាប់​ប្រឡង​ធ្លាក់​ជា​ច្រើន​លើក​ច្រើន​សារ​ដែរ​ ដូច​ជា​ នៅ​កម្រិត​បឋម​ សិក្សា​ និង​កម្រិត​វិទ្យាល័យ​ ប៉ុន្ដែ​ឧបសគ្គ​ទាំងនេះ​ ត្រូវ​បាន​ជោគជ័យ​ នៅ​ពេល​ដែល​គាត់​បាន​ខិតខំ​រៀនសូត្រ​ រហូត​ទាល់តែ​បាន​ប្រឡង​ជាប់​ និង​មាន​លទ្ធភាព​បន្ដ​ការ​រៀនសូត្រ​ នៅ​កម្រិត​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​អក្សរសាស្ដ្រ​អង់គ្លេស​នេះ​។​

«​រៀន​ឌុ​ប​ថា្ន​ក់​ ប្រឡង​ធ្លាក់​រៀន​ទៀត​ ថ្នាក់​ទី​បី​ ខ្ញុំ​ឌុ​ប​បី​ឆ្នាំ​ ឌុ​ប​ហើយ​ រៀន​ទៀត​ ឌុ​ប​ហើយ​រៀន​ទៀត​ រៀនៗ​ ទាល់តែ​ចេញ​ចំណោទ​លើ​ក្ដារខៀន​ ចាំ​ហ្មង​ រៀន​ទាល់តែ​ជាប់​ ប្រឡង​ឌី​ប្លូ​ម​ធ្លាក់​ រៀន​ទៀត​ រៀន​ទាល់តែ​ជាប់​ ប្រឡង​បាក់​ឌុ​ប​ធ្លាក់​ រៀន​ទៀត​ រៀន​ទាល់តែ​ជាប់​ ប្រឡង​ជាប់​។​ ហើយ​ព្យាយាម​បន្តិច​ ម៉ោង​គេ​ដេក​ យើង​រៀន​ ចា៎​!​ យើង​រៀន​ដល់​ម៉ោង​ ១​យប់​  ពី​ម៉ោង​ ៩​ ម៉ោង​ ៧​ កន្លះ​ ដល់​ម៉ោង​ ១​យប់​ សិក្សា​ស្រាវជ្រាវ​ឯកសារ​ រក​មើល​ខ្លួនឯង​ទៅ​ ទន្ទេញ​សរសេរ​អក្សរ​មួយ​ពាក្យ​ ឱ្យ​បាន​មួយ​ជួរ​ ដូច​កូន​ក្មេង​ចឹ​ង​ចា៎​  បង្វឹក​ខ្លួនឯង​ចា៎​ ពីព្រោះ​អី​ថ្នាក់​ធំ​ ត្រូវការ​សិក្សា​ស្រាវជ្រាវ​ ត្រូវការ​ចេះ​អាន​ ចេះ​សរសេរ​ ចេះ​និយាយ​
ចឹ​ង​យើង​ធ្វើ​ខ្លួនឯង​»​។​

​ជា​ថ្មី​ម្ដងទៀត​ អ្នកស្រី​ ប៉ា​ វុ​ត្ថា​ ក៏​ផ្ញើ​សារ​ ដល់​នារី​មួយ​ចំនួន​ឱ្យ​មាន​ភាពរឹងមាំ​ នៅ​ក្នុង​កិច្ចការ​ ដែល​ខ្លួន​កំពុង​តែ​ធ្វើ​ និង​បម្រុង​តែ​ធ្វើ​ ដោយ​ធ្វើ​យ៉ាងណា​ឱ្យ​ការងារ​ដែល​ខ្លួន​ធ្វើ​បាន​ទៅ​ដល់​ គោលដៅ​ តាម​អ្វី​ដែល​ខ្លួន​ចង់បាន​ ដោយ​ភ្ជាប់​ជាមួយនឹង​ពាក្យ​តស៊ូ​ផង​ដែរ​។​

«​ថា​ហើយ​ ធ្វើ​ កុំ​បោះបង់​អ្វី​ចោល​។​ តាម​ឱ្យ​ដល់ទី​បំផុត​ នឹង​ទទួល​បាន​ជោគជ័យ​គ្រប់យ៉ាង​។​ អ្វី​ដែល​ចង់បាន​ បាន​ដូច​ចិត្ត​
ធ្វើ​យ៉ាងម៉េច​ក៏​ដោយ​ វិធី​ណា​ក៏​ដោយ​ ឱ្យ​តែ​ខ្លួនឯង​យល់​ថា​ល្អ​ ធ្វើ​ទៅ​ អ្នក​ដទៃ​ក៏​គេ​យល់​ថា​ល្អ​ យើង​កុំទៅ​រំលោភ​ប៉ះពាល់​ដល់​គេ​ គេ​ក៏​អត់​រំលោភ​ ប៉ះពាល់​ដល់​ យើង​ យើង​ក៏​សប្បាយចិត្ដ​ គេ​ក៏​សប្បាយចិត្ត​ យើង​ក៏​មាន​កិត្តិយស​ គេ​ក៏​មាន​កិត្តិយស​ អ្នក​ណា​ក៏​ដូច​គ្នា​ គួប​ផ្សំ​នឹង​ឆន្ទៈ​ទឹកចិត្ត​យើង​ទៀត​ មោះមុត​គិត​ដោយ​ ខ្លួនឯង​ អ្វីៗ​ល្អ​ អាក្រក់​ខ្លួនឯង​ អ្នក​សម្រេចចិត្ត​ ថា​ទៅ​ ឬ​មិន​ទៅ​ បើ​ថា​ទៅ​ ត្រូវធ្វើ​»៕

Share

ព័ត៌មានទាក់ទង

Image