ភ្នំពេញ៖ ភាគច្រើននៃប្រជាពលរដ្ឋដែលបានទៅធ្វើឈៀកឡាន នៅមជ្ឈមណ្ឌលត្រួតពិនិត្យយានយន្ត នៅរាជធានីភ្នំពេញ អះអាងថា ដើម្បីបំពេញឯកសារ និងរត់ការសុំពិនិត្យបច្ចេកទេសយានយន្តនេះ ពួកគេបានពឹងភ្នាក់ងារដែលជាបុគ្គលិកធ្វើការនៅក្នុងស្ថាប័ននោះផ្ទាល់ ជាអ្នករត់ការឲ្យ។
ពលរដ្ឋម្នាក់ ដែលបានទៅធ្វើឈៀកឡាននៅមជ្ឈមណ្ឌលត្រួតពិនិត្យយានយន្តរាជធានីភ្នំពេញ គឺលោក សុភារឹទ្ធ បានឲ្យដឹងនៅសប្ដាហ៍នេះថា លោកធ្វើឈៀកឡាន និងស្លាកលេខអស់តម្លៃ ១១៥ ដុល្លារ គិតទាំងថ្លៃសេវាកម្ម តែលោកមិនដឹងថា គេយកថ្លៃសេវាកម្មពីលោកប៉ុន្មាននោះទេ។ លោកបន្តថា មូលហេតុដែលលោកមិនរត់ការឯកសារដោយខ្លួនឯង ដោយសារតែលោកមិនដឹងពីកន្លែងរត់ឯកសារមួយទៅឯកសារមួយទៀតនៅឯណាខ្លះ ម្យ៉ាងការរត់ឯកសារវាមានភាពស្មុគស្មាញ។
អ្នកធ្វើឈៀកឡានមួយរូបទៀត លោក វណ្ណី បានប្រាប់ថា លោកមានការធុញថប់ខ្លះដែរ នៅពេលដែលការធ្វើឈៀកឡានមានការកកស្ទះយូរ ប៉ុន្តែលោក មិនដឹងធ្វើយ៉ាងណា ព្រោះច្បាប់តម្រូវឲ្យធ្វើ។
លោកវណ្ណីបន្តថា រថយន្តរបស់គាត់ជាប្រភេទរថយន្ត១៥កៅអី។ លោកថា ធ្វើទាំងឈៀក ទាំងផ្លាកលេខ អាជីវកម្ម បូកទាំងសេវាកម្ម មានតម្លៃ ១៤០ ដុល្លារ។
លោក វណ្ណី បញ្ជាក់ផងដែរថា មូលហេតុដែលគាត់មិនរត់ឯកសារដោយខ្លួនឯង ក៏ព្រោះតែការរត់ឯកសារពីកន្លែងមួយទៅកន្លែងមួយយូរ ម្យ៉ាងបើរត់ដោយខ្លួនឯងគឺត្រូវចំណាយពេល១ថ្ងៃឬ២ថ្ងៃទើបបាន។ «មានអារម្មណ៍ធុញថប់ដែរ តែធ្វើមិចបើច្បាប់តម្រូវឱ្យធ្វើ …»។
ពលរដ្ឋម្នាក់ទៀតឈ្មោះ អ៊ួរ បាននិយាយថា លោកមានអារម្មណ៍មិនល្អទេ ដោយសារតែអ្នកមកធ្វើឈៀកឡានច្រើន បណ្តាលឲ្យកកស្ទះខ្លាំង។ បុរសរូបនេះ បន្តថា រថយន្តរបស់គាត់ជាប្រភេទរថយន្ត១តោនកន្លះ ។ គាត់ថា គាត់ត្រូវបង់លុយឲ្យអ្នករត់ការឯកសារចំនួន៦០ដុល្លារ ដើម្បីធ្វើឈៀក និងអាជីវកម្ម ព្រមទាំងបង់សេវាកម្មរត់ការនោះផង។ លោកអ៊ួរ និយាយថា គាត់មិនរត់ការឯកសារដោយខ្លួនឯង ដោយសារតែគាត់មិនដឹងថារត់ឯកសារពីកន្លែងណាទៅកន្លែងណានោះទេ។
នាយកប្រតិបត្តិសម្ព័ន្ធគណនេយ្យភាពកម្ពុជា លោក សន ជ័យ បានមានប្រសាសន៍ថា លោកសង្កេតឃើញថា មានអ្នករត់ការឯកសារជំនួសនេះច្រើន នៅមជ្ឈមណ្ឌលត្រួតពិនិត្យបច្ចេក ទេសយានយន្ត ហើយកត្តាទាំងនេះធ្វើឲ្យមន្ត្រីដែលធ្វើការ មានការព្រងើយកន្តើយជាមួយអ្នករត់ឯកសារដោយខ្លួនឯង។
លោក សន ជ័យ បន្តថា ដើម្បីឲ្យពលរដ្ឋងាយស្រួលក្នុងការរត់ឯកសារដោយខ្លួនឯង នោះ មជ្ឈមណ្ឌលត្រួតពិនិត្យយានយន្ត ត្រូវធ្វើផ្លាកឱ្យធំ បង្ហាញពីតម្លៃ និងនីតិវិធីក្នុងការធ្វើឈៀកឡាន។ លោកបន្ថែមថា ចំពោះពលរដ្ឋដែលចង់ធ្វើឈៀកឡានដោយខ្លួនឯង គាត់ត្រូវទៅសាកសួរកន្លែងផ្តល់ព័ត៌មានលម្អិត និងត្រូវទៅតាមផ្លាកសញ្ញាបង្ហាញទិស។
សូមជម្រាបថា ចលនាប្រជាពលរដ្ឋសម្រុកទៅធ្វើឈាក និងធ្វើផ្លាកលេខរថយន្ត ដែលកំពុងកើនឡើងខ្លាំងនេះ គឺបន្ទាប់ពីរាជរដ្ឋាភិបាល ប្រកាសអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ដែលនឹងមានការផាកពិន័យធ្ងន់ធ្ងរជាងច្បាប់ចរាចរណ៍ជើងគោកចាស់ ហើយក៏នឹងមានទោសព្រហ្មទណ្ឌផងដែរ៕