en     km
en     km

​អ្នក​ទៅ​ធ្វើ​ឈៀក​ឡាន​ភាគច្រើន​ ពឹង​ភ្នាក់ងារ​រត់ការ​ឯកសារ​ឱ្យ

Share

chheal-larn-cover-1
ភ្នំពេញ៖  ភាគច្រើន​នៃ​ប្រជាពលរដ្ឋ​ដែល​បាន​ទៅ​ធ្វើ​ឈៀក​ឡាន​ នៅ​មជ្ឈមណ្ឌល​ត្រួតពិនិត្យ​យានយន្ត​ នៅ​រាជធានី​ភ្នំពេញ​ អះអាង​ថា​ ដើម្បី​បំពេញ​ឯកសារ​ និង​រត់ការ​សុំ​ពិនិត្យ​បច្ចេកទេស​យានយន្ត​នេះ​ ពួក​គេ​បាន​ពឹង​ភ្នាក់ងារ​ដែល​ជា​បុគ្គលិក​ធ្វើការ​នៅ​ក្នុង​ស្ថាប័ន​នោះ​ផ្ទាល់​ ជា​អ្នក​រត់ការ​ឲ្យ​។​

​ពលរដ្ឋ​ម្នាក់​ ដែល​បាន​ទៅ​ធ្វើ​ឈៀក​ឡាន​នៅ​មជ្ឈមណ្ឌល​ត្រួតពិនិត្យ​យានយន្ត​រាជធានី​ភ្នំពេញ​ គឺ​លោក​ សុភា​រឹទ្ធ​ បាន​ឲ្យ​ដឹង​នៅ​ស​ប្ដា​ហ៍​នេះ​ថា​ លោក​ធ្វើ​ឈៀក​ឡាន​ និង​ស្លាក​លេខ​អស់​តម្លៃ​ ១១៥ ​ដុល្លារ​ គិត​ទាំង​ថ្លៃ​សេវាកម្ម​ តែ​លោក​មិនដឹង​ថា​ គេ​យក​ថ្លៃ​សេវាកម្ម​ពី​លោក​ប៉ុន្មាន​នោះ​ទេ​។​ លោក​បន្ត​ថា​ មូលហេតុ​ដែល​លោក​មិន​រត់ការ​ឯកសារ​ដោយ​ខ្លួនឯង​ ដោយសារ​តែ​លោក​មិនដឹង​ពី​កន្លែង​រត់​ឯកសារ​មួយ​ទៅ​ឯកសារ​មួយទៀត​នៅឯណា​ខ្លះ​ ម្យ៉ាង​ការ​រត់​ឯកសារ​វា​មាន​ភាព​ស្មុគស្មាញ​។​

​អ្នក​ធ្វើ​ឈៀក​ឡាន​មួយ​រូប​ទៀត​ លោក​ វ​ណ្ណី​ បាន​ប្រាប់​ថា​ លោក​មានការ​ធុញថប់​ខ្លះ​ដែរ​ នៅ​ពេល​ដែល​ការ​ធ្វើ​ឈៀក​ឡាន​មានការ​កកស្ទះ​យូរ​ ប៉ុន្តែ​លោក​ មិនដឹង​ធ្វើ​យ៉ាងណា​ ព្រោះ​ច្បាប់​តម្រូវ​ឲ្យ​ធ្វើ​។​

​លោក​វ​ណ្ណី​បន្ត​ថា​ រថយន្ត​របស់​គាត់​ជា​ប្រភេទ​រថយន្ត​១៥​កៅអី​។​ លោក​ថា​ ធ្វើ​ទាំង​ឈៀក​ ទាំង​ផ្លា​ក​លេខ​ អាជីវកម្ម​ បូក​ទាំង​សេវាកម្ម​ មាន​តម្លៃ​ ១៤០ ​ដុល្លារ​។​

​លោក ​វ​ណ្ណី ​បញ្ជាក់​ផង​ដែរ​ថា​ មូលហេតុ​ដែល​គាត់​មិន​រត់​ឯកសារ​ដោយ​ខ្លួនឯង​ ក៏​ព្រោះតែ​ការ​រត់​ឯកសារ​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​យូរ​ ម្យ៉ាង​បើ​រត់​ដោយ​ខ្លួនឯង​គឺ​ត្រូវ​ចំណាយពេល​១​ថ្ងៃ​ឬ​២​ថ្ងៃ​ទើបបាន​។​ «​មាន​អារម្មណ៍​ធុញថប់​ដែរ​ តែ​ធ្វើ​មិច​បើ​ច្បាប់​តម្រូវឱ្យ​ធ្វើ​ …»​។​

ពលរដ្ឋ​ម្នាក់​ទៀត​ឈ្មោះ​ អ៊ួ​រ​ បាន​និយាយ​ថា​ លោក​មាន​អារម្មណ៍មិនល្អ​ទេ​ ដោយសារ​តែ​អ្នក​មក​ធ្វើ​ឈៀក​ឡាន​ច្រើន​ បណ្តាល​ឲ្យ​កកស្ទះ​ខ្លាំង​។​ បុរស​រូប​នេះ​ បន្ត​ថា​ រថយន្ត​របស់​គាត់​ជា​ប្រភេទ​រថយន្ត​១​តោន​កន្លះ​ ។​ គាត់​ថា​ គាត់​ត្រូវ​បង់លុយ​ឲ្យ​អ្នក​រត់ការ​ឯកសារ​ចំនួន​៦០​ដុល្លារ​ ដើម្បី​ធ្វើ​ឈៀក​ និង​អាជីវកម្ម​ ព្រមទាំង​បង់​សេវាកម្ម​រត់ការ​នោះ​ផង​។​ លោក​អ៊ួ​រ​ និយាយ​ថា​ គាត់​មិន​រត់ការ​ឯកសារ​ដោយ​ខ្លួនឯង​ ដោយសារ​តែ​គាត់​មិនដឹង​ថា​រត់​ឯកសារ​ពី​កន្លែង​ណា​ទៅ​កន្លែង​ណា​នោះ​ទេ​។​

​នាយក​ប្រតិបត្តិ​សម្ព័ន្ធ​គណនេយ្យ​ភាព​កម្ពុជា​ លោក​ សន​ ជ័យ​ បាន​មាន​ប្រសាសន៍​ថា​ លោក​សង្កេត​ឃើញ​ថា​ មាន​អ្នក​រត់ការ​ឯកសារ​ជំនួស​នេះ​ច្រើន​ នៅ​មជ្ឈមណ្ឌល​ត្រួតពិនិត្យ​បច្ចេក​ ទេស​យានយន្ត​ ហើយ​កត្តា​ទាំងនេះ​ធ្វើ​ឲ្យ​មន្ត្រី​ដែល​ធ្វើការ​ មានការ​ព្រងើយកន្តើយ​ជាមួយ​អ្នក​រត់​ឯកសារ​ដោយ​ខ្លួនឯង​។

​លោក ​សន​ ជ័យ ​បន្ត​ថា​ ដើម្បី​ឲ្យ​ពលរដ្ឋ​ងាយស្រួល​ក្នុង​ការ​រត់​ឯកសារ​ដោយ​ខ្លួនឯង​ នោះ​ មជ្ឈមណ្ឌល​ត្រួតពិនិត្យ​យានយន្ត​ ត្រូវធ្វើ​ផ្លា​កឱ្យ​ធំ​ បង្ហាញ​ពី​តម្លៃ​ និង​នីតិវិធី​ក្នុង​ការ​ធ្វើ​ឈៀក​ឡាន​។​ លោក​បន្ថែម​ថា​ ចំពោះ​ពលរដ្ឋ​ដែល​ចង់​ធ្វើ​ឈៀក​ឡាន​ដោយ​ខ្លួនឯង​ គាត់​ត្រូវ​ទៅ​សាកសួរ​កន្លែង​ផ្តល់​ព័ត៌មាន​លម្អិត​ និង​ត្រូវ​ទៅ​តាម​ផ្លា​ក​សញ្ញា​បង្ហាញ​ទិស​។​

​សូម​ជម្រាប​ថា​ ចលនា​ប្រជាពលរដ្ឋ​សម្រុក​ទៅ​ធ្វើ​ឈាក​ និង​ធ្វើ​ផ្លា​ក​លេខ​រថយន្ត​ ដែល​កំពុង​កើនឡើង​ខ្លាំង​នេះ​ គឺ​បន្ទាប់​ពី​រាជរដ្ឋាភិបាល​ ប្រកាស​អនុវត្តន៍​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី​ ដែល​នឹង​មានការ​ផាកពិន័យ​ធ្ងន់ធ្ងរ​ជាង​ច្បាប់​ចរាចរណ៍​ជើង​គោក​ចាស់​ ហើយ​ក៏​នឹង​មានទោស​ព្រហ្មទណ្ឌ​ផង​ដែរ​៕

Share

Image
Image
Image