តំណាងសហជីពប្រាំនាក់ ត្រូវបានសមត្ថកិច្ចខេត្តកំពង់ស្ពឺឃាត់ខ្លួន នៅព្រឹកថ្ងៃអង្គារនេះ ក្រោយពេលមានការប៉ះទង្គិចគ្នា រវាងក្រុមកម្មករ និងក្រុមក្មេងទំនើងគាំទ្ររោងចក្រ។
ប្រធានសហព័ន្ធសហជីពចលនាកម្មករលោក ប៉ាវ ស៊ីណា បានប្រាប់មណ្ឌលព័ត៌មានស្ដ្រីកម្ពុជា នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០១៦ នេះថា ការចាប់ខ្លួនមន្ដ្រីតំណាងសហជីពរបស់លោកនាពេលនេះ គឺជារឿងសែនរន្ធត់ចិត្ដសម្រាប់លោក ដែលជាប្រធានសហព័ន្ធសហជីពចនាកម្មករ សម្រាប់ដំណឹងមួយនេះ។ លោកថា មូលហេតុដែលបណ្ដាលឲ្យមានការចាប់ខ្លួនក្រុមមន្ដ្រី របស់លោកពេលនេះគឺជារឿងជាក់ស្ដែង ដែលបង្ហាញពីការរឹតត្បិតសេរីភាព មកលើកម្មករ ជាប្រាកដ ព្រោះការប៉ះទង្គិចគ្នា នាព្រឹកមិញនោះ លោកបញ្ជាក់ថា ពុំមែនក្រុមកម្មករ ឬក៏មន្ដ្រីសហជីពរបស់លោកជាអ្នកបង្កទេ។ លោកថា អ្នកដែលបង្កនោះគឺជាក្រុម ក្មេងទំនើងដែលរោងចក្រជួលមក ជាអ្នកប្រព្រឹត្ដ។
លោក ប៉ាវ ស៊ីណា អះអាងដែរថា សកម្មភាពចាប់ខ្លួនមន្ដ្រី តំណាងសហជីព តំណាងកម្មករនេះ គឺអាជ្ញាធរមានចំណែកចូលរួមគាំទ្ររោងចក្រយ៉ាងប្រាកដ ព្រោះមន្ដ្រីតំណាងសហជីព និងកម្មករ មួយចំនួន ទទួលរងការវាយដំ ហើយមិនតែប៉ុណ្ណោះម៉ូតូរបស់កម្មករ ១០ គ្រឿង ត្រូវវាយបំផ្លាញ ខូចខាតជាដំណំ តែអាជ្ញាធរ បែរជាមកចាប់មន្ដ្រីតំណាងសហជីពទៅវិញ។
លោក ប៉ាវ ស៊ីណា បញ្ជាក់ទៀតថា មន្ត្រីតំណាងសហជីពទាំងប្រាំនាក់ ដែលត្រូវអាជ្ញាធរឃាត់ខ្លួន នៅក្រុងច្បារមន ខេត្ដ កំពង់ស្ពឺ នោះ មានដូចជា ១ លោក ខាត់ ឡូត អនុប្រធានសហព័ន្ធសហជីពចលនាកម្មករ ២ លោក ព្រុំ ប៊ុនថន មន្ដ្រីទទួលបន្ទុកព័ត៌មាន សហព័ន្ធសហជីពចលនាកម្មករ ៣ លោក ចាំ សំណាង ៤ លោក មុំ ណយ និងទី៥ លោក ថុ នា ជាសមាជិកមន្ដ្រីតំណាងសហជីព។
លោកបន្ថែមថា៖ «មូលហេតុមិនមានអ្វីដែលសំខាន់ជាងការវ៉ៃបំបាក់ស្មារតី ដើម្បីកុំឲ្យពួកយើងទៅទទួល ការពឹងពាក់ពីកម្មករ ឬក៏ទៅជួយកម្មករ ខណៈដែលរោងចក្រហ្នឹងត្រូវបានមន្ដ្រីដែលពាក់ព័ន្ធ កាង ជុំទិសតាំងពីលើដល់ក្រោយជាប្រព័ន្ធ ដែលជាហេតុធ្វើឲ្យការដោះស្រាយ ឬក៏ការទាមទាររបស់កម្មករ មិនមានមន្ដ្រីណាមួយជំរុញឲ្យមានការដោះស្រាយ ឲ្យបានទាន់ពេលវេលាទេ។ ជាក់ស្ដែងកាលពីម្សិលមិញ ខ្ញុំក៏បានអំពាវនាវ ទៅដល់សម្ដេច ហ៊ុន សែន ដែរ តែមកទាល់ម៉ោងនេះ មិនមានចំណាត់ការទេ ។ តែពួកយើងក៏ត្រូវបានវាយដំ និងបំផ្លិចបំផ្លាញ ដែលមិនអាចទទួលយកបាន»។
ចំណែក លោក កែវ ពិសី ស្នងការដ្ឋាននគរបាលខេត្ដ កំពង់ស្ពឺ បានមានប្រសាសន៍ថា ពិតជាមានការចាប់ខ្លួនតំណាងសហជីពចំនួន ប្រាំនាក់មែន ។ លោកថា ការចាប់ខ្លួននេះ ធ្វើឡើងតាមបញ្ជាព្រះរាជអាជ្ញា ក្រោយពេកភាគីរោងចក្របានប្ដឹងតំណាងសហជីពទាំងប្រាំនាក់នោះ ពីបទបង្កហិង្សាទៅលើកម្មករក្នុងរោងចក្រ។ តំណាងសហជីពទាំងប្រាំនាក់នោះ នាពេលនេះត្រូវបានបញ្ជូនខ្លួនទៅឲ្យព្រះរាជអាជ្ញាចាត់ការបន្ដ។
លោកបន្ថែមថា៖ «ដោយ ការបង្កហិង្សារទៅលើកម្មករ រោងចក្រ ហើយតាមបញ្ជារបស់ព្រោះរាជអាជ្ញា ដោយលោកព្រះរាជអាជ្ញារទទួលពាក្យបណ្ដឹងពីរោងចក្រ ហើយឥឡូវយើងបន្ដការងារហ្នឹងដោយប្រគល់ជូនព្រះរាជអាជ្ញា»។
សូមរម្លឹកថាកាលពីថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ២០១៥ កន្លងមក កម្មកររោងចក្រ អ៊ែជ្យាយស៍ ស្វេតធ័រ ធ្លាប់ឡើងមកតវ៉ា សុំអន្តរាគមន៍ពីក្រសួងការងារ ឲ្យចរចាជាមួយក្រុមហ៊ុន ដើម្បីទាមទារលក្ខខណ្ឌការងារ ៩ចំណុចម្ដងរួចមកហើយ កាលនោះក្រសួងក៏ធ្លាប់បានចុះទៅជួបភាគីរោងចក្រម្ដងដែរ តែភាគីរោងចក្រមិនព្រមជួបចរចាជាមួយក្រសួង។ លុះក្រោយមកនៅថ្ងៃទី ០៨ ខែមករា ឆ្នាំ២០១៦ កម្មករបានឡើងមកតវ៉ាជាលើកទី ២ ដោយកាលនោះក្រសួងការងារសុំឲ្យកម្មកររង់ចាំដល់ថ្ងៃចន្ទ ទី១១ ក្រសួងនឹងជួបពិភាក្សាជាមួយតំណាងកម្មការនៅក្រសួងផ្ទាល់។ ប៉ុន្ដែរំលងបានប្រហែលពីរថ្ងៃ ក្រសួងបានសុំលើកការជួបពិភាក្សា ជាមួយតំណាងកម្មករទៅថ្ងៃអង្គារ ទី ១២ វិញ ដែលការលើកពេលនេះ បណ្ដាលឲ្យមានកម្មករ នាំគ្នាឡើងមកតវ៉ាជាថ្មីទៀត គម្រប់បីលើកកាលពីម្សិលមិញនេះ។
ជាការគាត់សំគាល់ នៅថ្ងៃអង្គារទី១២ នេះ តំណាងកម្មកររោងចក្រ អ៊ែជ្យាយស៍ ស្វេតធ័រ ត្រូវជួបប្រជុំពិភាក្សា ជាមួយក្រសួងការងារ ដើម្បីដោះស្រាយ សំណើរសុំលក្ខខណ្ឌទាំង ៩ ចំណុច ដែលកម្មករបានទាមទារ កាលពីចុងខែធ្នូឆ្នាំមុន៕