en     km
en     km

WMC ដាក់ឱ្យប្រើAPPថ្មី ដើម្បី​ជំរុញការផ្តល់​ព័ត៌មាន​អំពី​ស្ត្រី និងសិទ្ធិ​មនុស្ស​កាន់តែទូលាយ

Share

ដោយមើលឃើញថា ពលរដ្ឋភាគច្រើនងាកទៅប្រើប្រាស់ស្មាតហ្វូនជាមធ្យោបាយទទួលព័ត៌មាន អង្គការមណ្ឌលព័ត៌មានស្ត្រីកម្ពុជាបានដាក់ដំណើរការអ៊ែបរបស់វិទ្យុស្រ្តី ផតខាស និងវេបសាយថ្មី ដើម្បីផ្សព្វផ្សាយព័ត៌មានជម្រុញការលើកកម្ពស់សិទ្ធិស្ត្រី និងសិទ្ធមនុស្សនៅកម្ពុជា។ លោក គីម ចាន់ចាវ រាយការណ៍ 

 

 

ដើម្បីឆ្លើយតបទៅនឹងប្រព័ន្ធឌីជីថលដែលមានការរីកចម្រើនយ៉ាងឆាប់រហ័ស ខណៈប្រជាពលរដ្ឋជាច្រើនងាកមកប្រើប្រាស់ទូរសព្ទស្មាតហ្វូន អង្គការមណ្ឌលព័ត៌មានស្រ្តីកម្ពុជា(WMC)បានដាក់ដំណើរការអ៊ែបរបស់វិទ្យុស្រ្តី ផតខាស និងវេបសាយថ្មី។ កម្មវិធីសម្ពោធ អ៊ែបរបស់វិទ្យុស្រ្តី ផតខាស និងវេបសាយថ្មីនេះត្រូវបានប្រព្រឹត្តិឡើងនៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ នៅសណ្ឋាគារ សាន់វេ ភ្នំពេញ ដោយមានការចូលរួមពី ថ្នាក់ដឹកនាំនិងបុគ្គលិកអង្គការមណ្ឌលព័ត៌មានស្ត្រីកម្ពុជា លោក ហួត ឃាងវេង រដ្ឋលេខាធិការក្រសួងព័ត៌មាន និងបណ្ដាអង្គការសង្គមស៊ីវិល ម្ចាស់ជំនួយ និងដៃគូពាក់ព័ន្ធនានា ប្រមាណជាង១០០នាក់។

លោកស្រីបណ្ឌិត អ៊ុង ច័ន្ទថុល នាយិកាប្រតិបត្តិអង្គការមណ្ឌលព័ត៌មានស្ត្រីកម្ពុជា បានលើកឡើងថា ការដាក់ឱ្យដំណើរការកម្មវិធីទូរស័ព្ទដៃនាពេលនេះ មានគោលបំណងផ្សព្វផ្សាយព័ត៌មានអំពីសំឡេងរបស់ស្ត្រី និងយុវតីឱ្យកាន់តែទូលំទូលាយបន្ថែមលើប្រព័ន្ធផ្សព្វផ្សាយវិទ្យុស្ត្រីអេហ្វអឹម១០៣.៥ដែលមានស្រាប់ បើទោះបីជាកន្លងមក អង្គការមណ្ឌលព័ត៌មានស្ត្រីកម្ពុជាបានធ្វើសកម្មភាពយ៉ាងច្រើននៅក្នុងរយៈពេលដ៏យូរមកហើយក្ដី ។

«ព្រោះកន្លងមកយកផ្សាយបានតែ១៦ខេត្តទេ បើអញ្ចឹងយើងក៏យល់ឃើញថា យើងចង់ឱ្យបានផ្សព្វផ្សាយពាសពេញប្រទេស ហើយមានការកើនឡើងនៃការប្រើប្រាស់ស្មាតហ្វូន នៅទូទាំងប្រទេស។បើតាមBBCស្រាវជ្រាវមើលឃើញថាជាង៨០ភាគរយ ជាពិសេសយុវជនប្រើស្មាតហ្វូនក្នុងការទទួលព័ត៌មាន។ អញ្ចឹងហើយបានយើងបង្កើតPodcast ហើយនិងRadio APP។ ដូច្នេះចាប់ពីថ្ងៃនេះទៅបងប្អូនទាំងអស់អាចស្ដាប់វិទ្យុស្ត្រីតាមរយៈទូរសព្ទដៃ។ ហើយទូរសព្ទដៃយើងអាចមើលបានទាំងPodcast និងស្ដាប់ទាំងវិទ្យុរបស់យើង»។

កម្មវិធីទូរស័ព្ទដៃរបស់មណ្ឌលព័ត៌មានស្ត្រីកម្ពុជា អាចទាញយកប្រើប្រាស់បានតាមរយៈ Play Store និង App Store ដោយវាយពាក្យ WMC ឬអាចទាញយកកម្មវិធីតាមរយៈ QR Code ។ លោក ហួត ឃាងវេង បានចាត់ទុកការរៀបចំប្រព័ន្ធផ្សព្វផ្សាយថ្មីបន្ថែមរបស់អង្គការមណ្ឌលព័ត៌មានស្រ្តីកម្ពុជានេះ គឺជាការតស៊ូយ៉ាងស្វិតស្វាញក្នុងសមរភូមិផ្សព្វផ្សាយព័ត៌មានជាច្រើនឆ្នាំនៅកម្ពុជា តាមរយៈការផលិតមាតិកាជាច្រើន ដើម្បីជួយដល់ការលើកកម្ពស់សិទ្ធិស្ត្រី និងវិស័យសិទ្ធមនុស្ស។ លោករដ្ឋលេខាធិការក្រសួងព័ត៌មាន រំពឹងថា ការផ្សព្វផ្សាយបែបទំនើបរបស់អង្គការមណ្ឌលព័ត៌មានស្ត្រីកម្ពុជាលើវិស័យទាំងនេះ សុទ្ធសឹងតែជាការរួមចំណែកយ៉ាងធំសម្រាប់ប្រជាជន និងរដ្ឋាភិបាលកម្ពុជា ដែលផ្សព្វផ្សាយព័ត៌មានឯករាជ្យ។

«ខ្ញុំក៏កោតសរសើរដែរថាថ្នាក់ដឹកនាំរបស់មណ្ឌលព័ត៌មានស្រ្តីកម្ពុជា ដែលមានចក្ខុវិស័យវែងឆ្ងាយបានសម្រេចចិត្តដ៏ត្រឹមត្រូវបង្កើតនូវទម្រង់ផ្សាយតាមបែបឌីជីថល ក្នុងទម្រង់មួយដ៏ឯករាជ្យ មិនឈរលើបណ្ដាញផ្សព្វផ្សាយ ដែលបណ្ដាប្រទេសមហាអំណាចផ្សេងទៀតកំណត់។ ខ្ញុំអាចនិយាយបានថាទម្រង់ដែលមណ្ឌលព័ត៌មានស្រ្តីកម្ពុជាបានផ្សព្វផ្សាយពីមុន ពីអតីតកាលពិតជាល្អ នៅជំនាន់នោះ ហើយអាបដេតមកជំនាន់ឌីជីថលក៏វានៅតែល្អ»។

រយៈពេល ២៩ឆ្នាំកន្លងមកនេះ អង្គការមណ្ឌលព័ត៌មានស្ត្រីកម្ពុជា បានបំពេញបេសកម្មរបស់ខ្លួនរួមចំណែកលើកស្ទួយសមភាពយេនឌ័រ តួនាទី និងតម្លៃស្រ្តីនៅក្នុងគ្រួសារ សហគមន៍ និងសង្គមជាតិតាមរយៈប្រព័ន្ធផ្សព្វផ្សាយបែបបុរាណ និងសម័យទំនើបនូវកម្មវិធីអប់រំផ្សព្វផ្សាយ វគ្គបណ្ដុះបណ្ដាល ការផលិតព័ត៌មាន ការផ្ទៀងផ្ទាត់ព័ត៌មាន ផលិតវីដេអូ និងព័ត៌មានជាអត្ថបទតាមវេបសាយ និងជាសំឡេងជាដើម៕

Share

ព័ត៌មានទាក់ទង

Image