en     km
en     km

បញ្ញវន្តផ្នែក​ច្បាប់​កម្ពុជា​ថា មេ​ឃុំ​មាន​តួនាទី​សំខាន់​ក្នុង​ការ​អភិវឌ្ឍ​ភូមិ​ឃុំ

Share

cover-workshop-about-Commune
ភ្នំពេញ​៖​ ក្រុម​អ្នក​សិក្សា​ជាន់ខ្ពស់​ផ្នែក​ច្បាប់​កម្ពុជា​ បាន​លើក​ឡើង​ថា​  មេឃុំ​មាន​តួនាទី​សំខាន់​ក្នុង​ការ​អភិវឌ្ឍ​ភូមិ​ឃុំ​ ព្រោះ​មេឃុំ​ជា​បុគ្គល​ដែល​នៅ​ជិត​ស្និទ្ធ​នឹង​ប្រជាពលរដ្ឋ​ ស្គាល់​ច្បាស់​ពី​ជីវភាព​ប្រជាពលរដ្ឋ​ និង​តម្រូវការ​ផ្សេងៗ​របស់​ពលរដ្ឋ​។​  ការ​លើក​ឡើង​របស់​បញ្ញវន្ត​ផ្នែក​ច្បាប់​កម្ពុជា​នេះ​ ធ្វើ​ឡើង​នៅ​ក្នុង​សិក្ខាសាលា​ស្តី​អំពី​ “​មេឃុំ​“​ នា​ព្រឹក​ថ្ងៃ​ចន្ទ​ ទី​១១​ ខែមករា​ នេះ​ នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ​ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច​។​

ក្រុម​អ្នក​សិក្សា​ជាន់ខ្ពស់​ផ្នែក​ច្បាប់​កម្ពុជា​ ដែល​បាន​សិក្សា​ស្រាវជ្រាវ​ពី​ប្រធានបទ​ មេឃុំ​ នៅ​ក្នុង​ប្រទេស​កម្ពុជា​  បាន​លើក​ឡើង​ថា​  មេឃុំ​មាន​តួនាទី​សំខាន់​ក្នុង​ការ​អភិវឌ្ឍ​ភូមិ​ឃុំ​ ព្រោះ​មេឃុំ​ជា​បុគ្គល​ដែល​នៅ​ជិត​ស្និទ្ធ​នឹង​ប្រជាពលរដ្ឋ​ ស្គាល់​ច្បាស់​ពី​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ និង​តម្រូវការ​ផ្សេងៗ​ ដែល​ពលរដ្ឋ​ចង់បាន​។​

នៅ​ក្នុង​សិក្ខាសាលា​ស្តី​ពី​ មេឃុំ​ មាន​និស្សិត​ផ្នែក​ច្បាប់​ចូលរួម​ជាង​ ១០០​ នាក់​ ធ្វើ​ឡើង​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ​ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច​ នៅ​ថ្ងៃនេះ​បាន​បង្ហាញ​ថា​ មេឃុំ​បាន​ដើរតួ​នាទី​សំខាន់​ក្នុង​ការ​អនុវត្ត​ច្បាប់រដ្ឋបាល​ឃុំ​-​សង្កាត់​ ច្បាប់​គ្រួសារ​‬​ ច្បាប់កិច្ចសន្យា​ ច្បាប់​ការងារ​ ព្រមទាំង​អនុវត្ត​កិច្ចការ​នយោបាយ​មួយ​ចំនួន​ ដើម្បី​បម្រើ​ដល់​ផលប្រយោជន៍​ប្រជាពលរដ្ឋ​ ក្នុង​ឃុំ​-​សង្កាត់​នីមួយៗ​។​

លោក​ ថង​ វង្ស​សុវិទ្យា​ និស្សិត​ថ្នាក់បណ្ឌិត​ផ្នែក​នីតិ​សាធារណៈ​នៃ​សាកលវិទ្យាល័យ​អ៊ី​ច​ ម៉ាក់​សី​ដ៍​ ប្រទេស​បារាំង​ ជា​វាគ្មិន​ក្នុង​សិក្ខាសាលា​នេះ​  មាន​ប្រសាសន៍​ថា​ មេឃុំ​ជា​បុគ្គល​សំខាន់​បំផុត​ ដែល​នៅ​ជិត​នឹង​ប្រជាពលរដ្ឋ​ រង់ចាំ​ជួយ​ប្រជាពលរដ្ឋ​នៅ​ពេល​ដែល​ពលរដ្ឋ​ត្រូវការ​។​ លោក​ថា​ មេឃុំ​ កើត​ចេញពី​ការ​ជ្រើសរើស​ដោយ​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​ ហើយ​មាន​តួនាទី​ជា​អ្នក​ផ្តល់​តម្រូវការ​មូលដ្ឋាន​ផ្សេងៗ​ដល់​ប្រជាពលរដ្ឋ​វិញ​ ដូច​ជា​ដោះស្រាយ​បញ្ហា​ដីធ្លី​ បញ្ហា​គ្រួសារ​ ជាដើម​។​

​ទន្ទឹម​គ្នា​នេះ​ដែរ​ លោក​ ព្រុំ​ រិ​ទ្ធី​ បណ្ឌិត​នីតិសាស្ត្រ​ឯកជន​ និង​ជា​សាស្ត្រាចារ្យ​សាកលវិទ្យាល័យ​ភូមិន្ទ​នីតិ​
​សាស្ត្រ​ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច​ បាន​លើក​ឡើង​ថា​ នៅ​ក្នុង​ឃុំ​-​សង្កាត់​ មេឃុំ​ ឬ​ចៅសង្កាត់​ មាន​សិទ្ធិ​នៅ​ក្នុង​ការ​សម្រេច​កិច្ចការ​មួយ​ចំនួន​ក្នុង​ផ្នែក​នីតិ​ឯកជន​នៅ​ក្នុង​គ្រួសារ​ ដូច​ជា​បំពេញ​តួនាទី​ផ្តល់​ជូន​លិខិត​ស្នាម​ពាក់ព័ន្ធ​ផ្សេងៗ​ដល់​ពលរដ្ឋ​ មាន​សំបុត្រ​កំណើត​ សំបុត្រ​អាពាហ៍ពិពាហ៍​ និង​សំបុត្រ​មរណភាព​។​

ទាក់ទង​នឹង​តួនាទី​របស់​មេឃុំ​ក្នុង​ការ​អភិវឌ្ឍ​ភូមិ​ឃុំ​នេះ​ដែរ​ លោក​ មាស​ នី​ អ្នក​ស្រាវជ្រាវ​បញ្ហា​សង្គម​បាន​មាន​ប្រសាសន៍​ជាមួយ​វិទ្យុ​ស្ត្រី​ នៅ​ថ្ងៃ​ចន្ទ​ ទី​១១​ នេះ​ថា​ មេឃុំ​មាន​តួនាទី​សំខាន់​ក្នុង​ការ​បំពេញ​កិច្ច​ការងារ​ថ្នាក់​មូលដ្ឋាន​ ជាមួយ​ពលរដ្ឋ​។​ លោក​ថា​ មេឃុំ​ ជា​អ្នកសម្របសម្រួល​ដល់​ដំណើរការ​ឃុំ​-​សង្កាត់​ ដោយ​មាន​នាទី​សម្របសម្រួល​សមាជិក​ ឬ​ក្រុមប្រឹក្សា​ឃុំ​មក​ពី​គណបក្ស​នយោបាយ​ផ្សេងៗ​ ធ្វើ​កិច្ចការ​រួម​គ្នា​ដើម្បី​បម្រើ​ប្រជាពលរដ្ឋ​។​

ទន្ទឹម​គ្នា​នេះ​ លោក​ មាស​ នី​ មាន​ប្រសាសន៍​បន្ត​ថា​ កន្លង​ទៅ​នៅ​ក្នុង​ឃុំ​នីមួយៗ​មាន​ទិន្នន័យ​ជា​ច្រើន​ ដែល​និយាយ​ពាក់ព័ន្ធ​នឹង​ការ​អភិវឌ្ឍ​ភូមិ​-​ឃុំ​ ប៉ុន្តែ​មេឃុំ​ហាក់​ពុំ​បាន​លើកយក​មក​សិក្សា​ ឬ​ពិភាក្សា​ ដើម្បី​រក​ដំណោះស្រាយ​ជូន​ពលរដ្ឋ​ឡើយ​ ពោល​គឺ​ទិន្នន័យ​ផែនការ​អភិវឌ្ឍ​ឃុំ​-​សង្កាត់​ទាំងនោះ​ តែង​ត្រូវ​បាន​មេឃុំ​រៀបចំ​បញ្ជូន​មក​ថ្នាក់លើ​ជា​និច្ច​ ប៉ុន្តែ​ការ​អភិវឌ្ឍ​ឃុំ​សង្កាត់​ហាក់​មិន​មាន​នោះ​ទេ​។​ លោក​ថា​ បញ្ហា​នេះ​ ទំនងជា​ដោយសារ​មេឃុំ​បច្ចុប្បន្ន​ភាគច្រើន​ មាន​វ័យ​ចំណាស់​ និង​មិន​មានចំណេះ​ដឹង​ក្នុង​ការ​ដោះស្រាយ​បញ្ហា​។​

លោក​ មាស​ នី​ មាន​សង្កត់ធ្ងន់​ថា​ ដើម្បី​ឱ្យ​ឃុំ​ដំណើរការ​បាន​ល្អ​ មានការ​អភិវឌ្ឍ​ មេឃុំ​នីមួយៗ​ ត្រូវ​តែ​ក្តាប់​ព័ត៌មាន​ពលរដ្ឋ​របស់​ខ្លួន​ បញ្ហា​សង្គម​ និង​សេដ្ឋកិច្ច​ប្រជាពលរដ្ឋ​ឱ្យ​មាននៅ​ក្នុង​ដៃ​ ព្រមទាំង​មានចំណេះ​ដឹង​ និង​សមត្ថភាព​ក្នុង​ការ​ដោះស្រាយ​បញ្ហា​។​

សូម​ជម្រាប​ថា​សិក្ខាសាលា​មេឃុំ​ នា​ព្រឹក​ម៉ិ​ញ​នេះ​ រៀបចំ​ឡើង​ដោយ​មជ្ឈមណ្ឌល​ស្រាវជ្រាវ​អនុវត្ត​ច្បាប់​ និង​ក្រុម​អ្នក​សិក្សា​ជាន់ខ្ពស់​ផ្នែក​ច្បាប់​កម្ពុជា​។​ បច្ចុប្បន្ន​កម្ពុជា​មាន​ឃុំ​ចំនួន​ជាង​ ១៦២១​ ឃុំ​៕​

Share

ព័ត៌មានទាក់ទង

Image