យោងតាមរបាយការណ៍ផ្លូវការរបស់ក្រុមហ៊ុន អេមរុ រ៉ាយស៍ ខេមបូឌា បានបង្ហាញថា ការនាំចេញ អង្ករពីកម្ពុជា ទៅក្រៅប្រទេសគឺមាន កំណើនកើន ៤០% ដែលស្មើប្រមាណ ៥០ ម៉ឺនតោន សម្រាប់ឆ្នាំ២០១៥ បើធៀបនឹងឆ្នាំ ២០១៤។ ក៏ប៉ុន្ដែកំណើននេះ អ្នកវិភាគសេដ្ឋកិច្ច យល់ថា គឺមានផលចំណេញខ្ពស់គាប់ពពកសម្រាប់ក្រុមឈ្មួញ ជាជាងប្រជាកសិករ។
លោក គី សេរីវឌ្ឍន៍ បណ្ឌិតសេដ្ឋកិច្ច និងជាមន្ត្រីផ្នែកស្រាវជ្រាវនៅរាជបណ្ឌិតសភាកម្ពុជា បានមានប្រសាសន៍ ប្រាប់វិទ្យុស្ដ្រី FM 102 នៃមណ្ឌលព័ត៍មានស្ដ្រីកម្ពុជា នៅថ្ងៃចន្ទ ទី១១ ខែមករា ឆ្នាំ២០១៦ នេះថា បើមើលទៅលើកំណើននៃការនាំអង្ករចេញនេះ គឺពិតជាល្អ ដែលអាចចាត់ទុកជា កំណើនសេដ្ឋកិច្ចរបស់ជាតិបាន។ ប៉ុន្ដែលោកថា ប្រយោជន៍ពីកំណើននេះត្រូវបានបែងចែក រវាងកសិករ និងឈ្មួញ ជាទូទៅឈ្មួញតែងទទួលបានផលចំណេញច្រើនជាងកសិករ ដោយសារ កសិករគាត់លក់ស្រូវនៅនឹងស្រែផ្ទាល់ ដោយពុំបានយកទៅកែច្នៃជាអង្ករ ទើបជាហេតុបណ្ដាលឱ្យគាត់ បានផលចំណេញតិចដាច់ឆ្ងាយជាងឈ្មួញ។
លោក គី សេរីវឌ្ឍន៍ ក៏បានបញ្ជាក់បន្ថែមថា ប្រសិនជាកសិករចង់បានផលចំណេញច្រើន និងកាត់បន្ថយការចំណាយរបស់គាត់ កសិករគួរបង្កើតជាសហគមន៍ ដើម្បីគាំទ្រពីតម្លៃអង្ករ និងកាត់បន្ថយចំនាយលើការដឹងជញ្ជូន ជាពិសេសកសិករត្រូវព្យាយាមស្វែងយល់ពីការប្រើប្រាស់ជី ឲ្យបានច្បាស់លាស់ ដើម្បីចៀសវាងការចំណាយប្រាក់ច្រើនឥប្រយោជន៍ ហើយបានផលមកវិញតិចតួច។
លោកបន្ថែមថា៖ «ជាទូទៅកសិករទទួលបានផលប្រយោជន៍តិច ។ មូលហេតុដែលខ្ញុំថាតិច ព្រោះកសិករគាត់លក់ស្រូវនៅនឹងស្រែ គាត់មិនបានដឹកជញ្ជូន គាត់មិនបានកែច្នៃអ្វីទេ ។ អញ្ចឹងអ្នកដែលបានផលច្រើនគឺ ឈ្មូញដែលទិញហើយយកទៅកែច្នៃដើម្បីនាំចេញ»។
ចំណែក លោក សម វិទូ នាយកប្រតិបត្ដិនៃអង្គការ សេដាក បានមានប្រសាសន៍ដែរថា បើទោះបីកំណើននៃសេដ្ឋកិច្ច តិចឬក៏ច្រើនក៏វាមានផលប្រយោជន៍ដល់កសិករដែរ ព្រោះវាបានបង្កើតការងារដល់កសិករ ហើយកសិករមានចំណូល ក៏ប៉ុន្ដែកសិករនៅតែទទួលផលតិចតួចជាង ឈ្មួញដែលនាំអង្ករចេញទៅលក់នៅក្រៅប្រទេសនៅឡើយទេ។
លោកក៏បានបន្ថែមថា កត្ដាដែលបណ្ដាលឱ្យកសិករបានផលចំណេញពីកំណើនសេដ្ឋកិច្ចទាបដូចនេះ ដោយសារកង្វះខាតទឹក ទំនិញលើទីផ្សារមានតម្លៃខ្ពស់ ដែលជាហេតុបណ្ដាលឱ្យគាត់លំបាកក្នុងការផលិតទិន្នផលកសិកម្ម។
លោក សម វិទូ ក៏បានបញ្ជាក់ដែរថា រដ្ឋាភិបាលគួរតែបញ្ចុះតម្លៃប្រេង តម្លៃជី និងចុះផ្សព្វផ្សាយ បច្ចេកទេសកសិកម្ម ដល់កសិករ ឱ្យបានយល់ពីវិធីដែលអាចទទួលបានទិន្នផលច្រើន និងងាយជាង ការធ្វើកសិកម្មតាមបែបប្រពៃណី។
លោកបន្ថែមថា៖ «បើសិនជារដ្ឋាភិបាលចង់ជួយកសិករ មានន័យថាគាត់ត្រូវទៅផ្សព្វផ្សាយ បច្ចេកទេសកសិកម្ម ដល់កសិករឱ្យគាត់អាចផលិត ហើយតម្លៃថោក ទាក់ទងទៅនឹងតម្លៃប្រេងតម្លៃទំនិញលើទីផ្សារ នោះការផលិតរបស់គាត់បានច្រើន ហើយទទួលបានទិន្នផលច្រើនជាងមុន»។
សូមជម្រាបថា សម្ដេច ហ៊ុន សែន ធ្លាប់បានប្រកាសថាកម្ពុជា នឹងនាំអង្ករចេញទៅក្រៅប្រទេសឱ្យបាន ១លានតោន ក្នុងឆ្នាំ២០១៥ តែការរំពឹងទុករបស់រាជរដ្ឋាភិបាល ពុំបានដូចបំណងឡើយ ដោយការនាំអង្ករចេញបានកើនជាងឆ្នាំ២០១៤ ត្រឹម ៤០% ដែលស្មើប្រមាណ ៥០ ម៉ឺនតោន ពាក់កណ្ដាលពីការប្រកាសប៉ុណ្ណោះ នេះបើយោងទៅតាមការចេញផ្សាយ របាយការណ៍ប្រចាំឆ្នាំ ដែលចេញជាផ្លូវការ កាលពីថ្ងៃសុក្រ សប្ដាហ៍មុនរបស់ក្រុមហ៊ុន អេមរុ រ៉ាយស៍ ខាមបូឌា៕