en     km
en     km

សង្គម​ស៊ី​វិល​ស្នើ​ឱ្យ​ពិចារណា​ឡើង​វិញ​ មុន​សម្រេច​លែងយក​ពន្ធ​លើ​ការ​ផ្ទេរ​អចលនទ្រព្យ​

Share

cover-HS-
បន្ទាប់​ពី​នាយក​រដ្ឋមន្ដ្រី​ បាន​សម្រេច​ប្រកាស​លុប​ចោល​ ការ​ជាប់ពន្ធ​លើ​បន្ទុក​ផ្ទេរកម្មសិទ្ធិ​ ឬ​ សិទ្ធិ​កាន់កាប់​អចលនទ្រព្យ​ពី​ឪពុក​ម្ដាយ​ទៅ​កូន​  ប្ដី​ទៅ​ប្រពន្ធ​ ឬ​ពី​ជីដូន​ជីតា​ទៅ​ឱ្យ​ចៅ​ ដើម្បី​ ផលប្រយោជន៍​ប្រជាជន​នោះ​ មន្ត្រី​សង្គម​ស៊ី​វិល​យល់​ថា​ ការ​ធ្វើ​បែប​នេះ​នឹង​ធ្វើ​ឱ្យ​ខាតបង់​ដល់​ថវិកាជាតិ​។​

ព័ត៌មាន​នេះ​រាយ​ការណ៍​ដោយ​កញ្ញា​ ជុំ​ ជោគ​ជាតា​ ៖

​មន្ត្រី​សង្គម​ស៊ី​វិល​ស្នើ​ឱ្យ​សម្ដេច​ហ៊ុន​ សែន​ ពិចារណា​ឡើង​វិញ​ មុន​នឹង​សម្រេច​លែងយក​ពន្ធ​ទាំងស្រុង​ លើ​ការ​ផ្ទេរកម្មសិទ្ធិ​ ឬ​សិទ្ធិ​កាន់កាប់​អចលនទ្រព្យ​ ព្រោះ​ពួក​គេ​យល់​ថា​ ការ​សម្រេចចិត្ដ​របស់​រដ្ឋាភិបាល​ នៅ​ពេល​នេះ​  ធ្វើ​ឱ្យ​ខាតបង់​ថវិកាជាតិ​ និង​អយុត្តិធម៌​សង្គម​ច្រើន​ជាង​ការ​ផ្ដល់​ប្រយោជន៍​ដល់​ប្រជាពលរដ្ឋ​។​

លោក សន ជ័យ
លោក សន ជ័យ

​លោក​ សន​ ជ័យ​ នាយក​ប្រតិបត្តិ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​ស​កម្ពុជា​ បាន​មាន​ប្រសាសន៍​ជាមួយ​វិទ្យុ​ស្ដ្រី​ FM​ 102​ នៃ​មណ្ឌល​ព័ត៌មាន​ស្ត្រី​កម្ពុជា​ នៅ​ថ្ងៃ​ចន្ទ​  ទី​១១​ ខែមករា​ ឆ្នាំ​២០១៦​ នេះ​ថា​ ការ​ប្រកាស​របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​លុប​ចោលការ​ជាប់ពន្ធ​  លើក​សិទ្ធិ​កាន់កាប់​អចលនទ្រព្យ​ នៅ​ពេល​នេះ​ គឺ​ផ្ដល់​ប្រយោជន៍​ទៅ​ដល់​គ្រួសារ​អ្នកមាន​ទ្រព្យសម្បត្តិ​ស្ដុកស្ដម្ភ​ ច្រើន​ជាង​ផ្ដល់​ប្រយោជន៍​ ទៅ​ដល់​គ្រួសារ​ដែល​មាន​ជីវភាព​ក្រីក្រ​។​

«​ការ​លើកលែង​ពន្ធ​ នៅ​លើ​ការ​ផ្ទេរកម្មសិទ្ធិ​អចលនទ្រព្យ​ ពី​ឪពុក​ម្ដាយ​ទៅ​កូន​នេះ​ ខ្ញុំ​ថា​ ធ្វើ​ឱ្យ​ខាតបង់​ថវិកាជាតិ​ណាស់​ ពីព្រោះ​អី​ អ្នក​ដែល​មាន​កាតព្វកិច្ច​ជាប់ពន្ធ​ អ្នក​ដែល​រួចខ្លួន​ ដែល​ចំណេញ​ពី​ការ​លើកលែង​របស់​រដ្ឋាភិបាល​ គឺ​ក្រុម​អ្នកមាន​។​ អ​ញ្ចឹ​ង​អ្នកមាន​ គេ​មានទ្រព្យ​ច្រើន​ គឺ​គេ​អត់​មានអី​ចម្លែក​ អត់​មានអី​ខុស​ទេ​។​ អ​ញ្ចឹ​ង​ជា​ដំណោះស្រាយ​វិញ​ យើង​ចង់ឱ្យ​រដ្ឋាភិបាល​មានការ​គិតគូរ​ក្នុង​ការ​កំណត់​គ្រួសារ​ក្រីក្រ​ កម្រិតជីវភាព​ប៉ុណ្ណា​ ដែល​គួរតែ​លើកលែង​ពន្ធ​នៅ​ក្នុង​ការ​ផ្ទេរសិទ្ធិ​កាន់កាប់​អចលនទ្រព្យ​នេះ​ ពី​ឪពុក​ម្ដាយ​ទៅ​កូន​ ហើយ​និង​គ្រួសារ​ជីវភាព​ ឬ​ក៏​ចំណូល​ប៉ុណ្ណា​ ដែល​ត្រូវ​នៅ​តែ​ជាប់ពន្ធ​ដដែល​ហ្នឹង​»​។​

Kol Panha_Final11
លោក​ គល់​ បញ្ញា

​ស្របគ្នា​ដែរ​  លោក​ គល់​ បញ្ញា​ នាយក​ប្រតិបត្តិ​នៃ​គណៈកម្មាធិការ​ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី​ និង​យុត្តិធម៌​នៅ​កម្ពុជា​ មាន​ប្រសាសន៍​ជុំវិញ​រឿង​នេះ​ដែរ​ថា​ ការ​ផ្ទេរសិទ្ធិ​កាន់កាប់​ អចលនទ្រព្យ​ ជា​គោលការណ៍​គេ​អាច​លើកលែង​ពន្ធ​បាន​។​ ប៉ុន្ដែ​លោក​ថា​ ដើម្បី​ឱ្យ​ការ​ផ្ទេរ​ នេះ​កាន់តែ​រក្សា​បាន​នូវ​លំនឹង​យុត្តិធម៌​ និង​ផលប្រយោជន៍​ដល់​សេដ្ឋកិច្ចជាតិ​ រួម​ទាំង​ផលប្រយោជន៍​របស់​ប្រជាពលរដ្ឋ​នោះ​ រាជរដ្ឋាភិបាល​ គួរតែ​កំណត់​ការ​លើកលែង​ពន្ធ​ត្រឹមតែ​ គ្រួសារ​ណា​ ដែល​មាន​ជីវភាព​ក្រីក្រ​ និង​មធ្យម​បាន​ហើយ​ ប៉ុន្ដែ​មិន​ត្រូវ​មានការ​ផ្ទេរកម្មសិទ្ធិ​ ក្នុង​តម្លៃ​ រាប់​សិប​រយ​លាន​ដុល្លារ​ដោយ​គ្មាន​បង់ពន្ធ​នោះ​ទេ​។​

«​ជីវភាព​ ការ​រស់នៅ​ គ្រួសារ​គាត់​ រយ​លាន​ដុល្លារ​ហើយ​  គេ​ត្រូវ​តែ​យកពន្ធ​ហើយ​ ហើយ​បើកាលណា​ យើង​ធ្វើ​អត់​មាន​លក្ខណៈ​​ពិសេស​អ​ញ្ចឹ​ង​ទេ​  អាហ្នឹង​យើង​នេះ​បង្កើត​អយុត្តិធម៌​ នៅ​ក្នុង​សង្គម​ហើយ​  ហើយ​វា​អត់​ផ្ដល់​ផលប្រយោជន៍​ដល់​ប្រទេស​ជាតិ​ទៀត​។​ បាន​ន័យ​ថា​  ឱ្យ​អ្នក​ដែល​មាន​ដី​រាប់​សិប​រយ​លាន​ដុល្លារ​ហ្នឹង​ បាន​ផលប្រយោជន៍​ពី​ការ​ផ្ទេរ​ហ្នឹង​ បាន​យ៉ាង​ស្រួល​ ដែល​នេះ​ជា​បញ្ហា​ ។​ ហើយ​រឿង​នេះ​មិនមែន​រឿង​ត្រឹមតែ​អ្នកមាន​ទៀត​ វា​ក៏​ជា​រឿង​ ដែល​អ្នកមាន​អំណាច​ ដែល​មាន​ដី​រាប់​សិប​រយ​លាន​ដុល្លារ​  ដូចនេះ​វា​ធ្វើ​ឱ្យ​មានការ​លើកទឹកចិត្ដ​ មិន​ត្រឹមតែ​ឱ្យ​មាន​អំពើ​អយុត្តិធម៌​ក្នុង​សង្គម​ វា​ក៏​បង្កើត​ឱ្យ​មាន​ប្រព័ន្ធ​ពុក​រលួយ​ ក្នុង​សង្គម​ផង​ដែរ​»​។​

លោក​ គល់​ បញ្ញា​ បន្ដ​ឱ្យ​ដឹង​ទៀត​ថា​ បញ្ហា​នេះ​រាជរដ្ឋាភិបាល​ គួរតែ​សិក្សា​ឱ្យ​បាន​ច្បាស់លាស់​ មុន​នឹង​សម្រេចចិត្ត​ រៀបចំ​ច្បាប់ទម្លាប់​ក្នុង​រឿង​នេះ​៖​ «​គួរតែ​សិក្សា​មួយ​ឱ្យ​ច្បាស់​ ព្រោះ​មាន​គេ​រក​ឃើញ​ថា​ មាន​អ្នក​ដែល​មាន​ ប្រហែលជា​ ២០%​  ទៅ​ត្រួតត្រា​ធនធាន​ក្នុងស្រុក​ ឬ​ជា​ពិសេស​ដី​អី​នេះ​ ដល់​ទៅ​ ៨០%​។​ អ​ញ្ចឹ​ង​ក្នុង​មួយ​គ្រួសារ​ ក្នុង​មនុស្ស​ម្នាក់ៗ​ គាត់​មានកម្ម​សិទ្ធិ​ដីធ្លី​ហ្នឹង​ពិសេស​ប៉ុណ្ណា​ ព្រោះ​អ្នកខ្លះ​ហ្នឹង​ [​ដី​]​ រាប់​ម៉ឺន​ហិ​កតា​ បើ​ទោះជា​ច្បាប់​យើង​និយាយ​ថា​ មួយ​ក្រុមហ៊ុន​ហ្នឹង​ មិន​ឱ្យ​លើស​ពី​មួយ​ម៉ឺន​ហិ​កតា​អី​ក៏​ដោយ​ ប៉ុន្ដែ​ឥឡូវនេះ​ មាន​អ្នកខ្លះ​មាន​ច្រើន​ណាស់​ ហើយ​ដី​ខ្លះ​មាន​តម្លៃ​ មិនធម្មតា​ទៀត​»​។​

សូម​ជម្រាប​ថា​ ការ​ស្នើ​សុំ​របស់​សង្គម​ស៊ី​វិល​ ធ្វើ​ឡើង​ក្រោយ​ពី​លោកនាយក​រដ្ឋមន្ត្រី​ បាន​ថ្លែង​ក្នុង​សន្និបាត​លើក​ទី​៣៩​ នៃ​គណៈកម្មាធិការ​កណ្តាល​ កាលពី​ព្រឹក​ថ្ងៃ​ទី​១០​ ខែមករា​ ឆ្នាំ​២០១៦​ ថា​ ការ​សម្រេច​លុប​ចោល​ ការ​ជាប់ពន្ធ​លើ​បន្ទុក​ផ្ទេរកម្មសិទ្ធិ​ ឬ​សិទ្ធិ​កាន់កាប់​អចលនទ្រព្យ​ នេះ​ គឺ​ដើម្បី​បំរើ​ផលប្រយោជន៍​ប្រជាជន​៕

Share

ព័ត៌មានទាក់ទង

Image