en     km
en     km

សហគមន៍​ផ្លូវ​រថភ្លើង​ទាមទារ​ឱ្យ​អាជ្ញាធរ​ផ្តល់​ព័ត៌មាន​ មុន​ធ្វើការ​អភិវឌ្ឍ​

Share

cover-protest-from-Railway-Community
ភ្នំពេញ៖  សហគមន៍​ចំនួន​ ៨​ រស់នៅ​តាម​បណ្តោយ​ផ្លូវដែក​ក្នុង​រាជធានី​ភ្នំពេញ​ ដែល​មាន​ប្រជាពលរដ្ឋ​ប្រមាណ​ ១០០​ នាក់​ នៅ​ថ្ងៃ​ទី​១១​ ខែមករា​ ឆ្នាំ​២០១៦​ នេះ​ បាន​ប្រមូលផ្តុំ​គ្នា​នៅ​មុខក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ បំណង​ទាមទារ​ឱ្យ​ក្រសួង​មួយ​នេះ​ បើក​វេទិកាសាធារណៈ​ ផ្តល់​ព័ត៌មាន​លម្អិត​ស្តី​ពី​គម្រោង​អ​ភ​វិ​ឌ្ឍ​ន៍​ផ្លូវដែក​នេះ​ ព្រោះ​ពួក​គេ​ព្រួយបារម្ភ​ថា​ ការ​អភិវឌ្ឍ​ដោយ​មិន​ជូនដំណឹង​ដល់​ជា​មុន​ នឹង​អាច​បង្ក​ឱ្យ​ពួក​គេ​រង​ផល​ប៉ះពាល់​ពី​គម្រោង​អភិវឌ្ឍន៍​មួយ​នេះ​។​

​ការ​តវ៉ា​ដោយ​មានការ​លើក​បដា​ និង​ស្រែក​អំពាវនាវ​ ឱ្យ​ក្រសួង​បើក​វេទិការ​សាធារណៈ​ ដើម្បី​បំភ្លឺ​ដល់​ពួក​គេ​អំពី​គម្រោង​អភិវឌ្ឍន៍​ផ្លូវដែក​ ដែល​ក្រសួង​គ្រោង​នឹង​ធ្វើការ​សាងសង់​នេះ​ បាន​ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​ ទី​១១​ ខែមករា​ ឆ្នាំ​២០១៦​នេះ​។​

​ក្រុម​អ្នក​តវ៉ា​ឱ្យ​ដឹង​ប្រហាក់ប្រហែល​គ្នា​ថា​ ការ​អំពាវនាវ​នេះ​គឺ​បន្ទាប់​ពី​ប្រជាពលរដ្ឋ​បាន​ទទួល​ដំណឹង​តាម​រយៈ​តាម​ព័ត៌មាន​ក្នុងស្រុក​មួយ​ចំនួន​ថា​ ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ ជាមួយនឹង​វិទ្យាស្ថាន​គម្រោង​ ប្លង់​របស់​ខេត្ត​អឺ​ណា​ន​ ប្រទេស​ចិន​ បាន​ពិភាក្សា​គ្នា​ អំពី​គម្រោង​សាងសង់​ផ្លូវ​ល្បឿន​លឿន​ពី​រា​ជាយ​ស្ម័យ​យាន​ ទៅ​កាន់​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​។​

​អ្នកស្រី​ មាស​ ស្រី​មុំ​ ប្រជាពលរដ្ឋ​មួយ​រូប​មក​ពី​សហគមន៍​ដងផ្លូវ​រថភ្លើង​ និយាយ​ថា​ ការ​ដែល​ប្រជាពលរដ្ឋ​មក​ទាមទារ​ឱ្យ​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ បើក​វេទិកាសាធារណៈ​នេះ​ ក៏​ព្រោះតែ​ប្រជាពលរដ្ឋ​ដែល​កំពុង​រស់នៅ​តាម​បណ្តោយ​ផ្លូវ​រថភ្លើង​ទាំងអស់​ ចង់​ដឹង​ពី​គម្រោង​នៃ​ការ​អភិវឌ្ឍ​ផ្លូវដែក​នេះ​ជា​មុន​សិន​ ថា​តើ​គម្រោង​មួយ​នេះ​បង្ក​ផល​ប៉ះពាល់​ដល់​ពលរដ្ឋ​ប៉ុន្មាន​គ្រួសារ​ ហើយ​មាន​សំណង​បែប​ណា​ដល់​ប្រជាពលរដ្ឋ​វិញ​ពី​ក​ម្រោ​ង​មួយ​នេះ​។​

​អ្នកស្រី​បន្ត​ថា​ កាលពី​ពេល​ថ្មីៗ​នេះ​ មាន​ក្រុម​វិស្វករ​ជនជាតិ​ចិន​បាន​ចុះ​មក​វាស់​ផ្លូវ​រថភ្លើង​នេះ​ និង​បាន​កំណត់​ព្រំ​ចូល​ដី​និង​ផ្ទះ​ប្រជាពលរដ្ឋ​ ដែល​ប្រការ​នេះ​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​កើតក្តី​ព្រួយបារម្ភ​ថា​ អាច​នឹង​ប្រឈម​ការ​បណ្ដេញចេញ​។​ អ្នកស្រី​ មាស​ ស្រី​មុំ​៖​ «​ខ្ញុំ​ចង់ឱ្យ​គាត់​ចុះ​សិក្សា​សិន​ មុន​នឹង​ធ្វើ​អ្វីមួយ​ចុះ​សិក្សា​ពី​ផល​ប៉ះពាល់​របស់​ប្រជាពលរដ្ឋ​សិន​។​ ប្រជាពលរដ្ឋ​មិន​ទាន់​បាន​ទទួល​ដំណឹង​អ្វី​ផង​ ក៏​ស្រាប់តែ​មាន​គម្រោង​ជា​ឯកសារ​មក​ទៅ​ហើយ​ ប្រសិនបើ​គាត់​ចុះ​មក​ទៅ​សម្របសម្រួល​ មក​សិក្សា​ពី​បញ្ហា​របស់​ប្រជាពលរដ្ឋ​រស់នៅ​ នោះ​ប្រជាពលរដ្ឋ​អាច​ដោះស្រាយ​ ថា​តើ​យើង​គិត​យ៉ាងណា​ រក​វិធីសាស្ត្រ​ណា​ តើ​សំណង​យ៉ាងណា​ ឱ្យ​ដឹង​ដល់​ប្រជាពលរដ្ឋ​»​។​

2-protest-from-Railway-Community
​ប្រជាពលរដ្ឋ​មួយ​រូប​ទៀត​ លោក​ នូ​ សា​រិ​ន​ និយាយ​ថា​ ការ​ដែល​ពលរដ្ឋ​ទាមទារ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ផ្តល់​ព័ត៌មាន​ជា​មុន​ មុន​នឹង​ចាប់ផ្តើម​ធ្វើការ​អភិវឌ្ឍ​ដូច្នេះ​ ក៏​ព្រោះតែ​បទ​ពិសោធ​ការ​អភិវឌ្ឍ​ក្នុង​រាជធានី​ភ្នំពេញ​កន្លង​មក​ គឺ​តែងតែ​បង្ក​ផល​លំបាក​ដល់​ប្រជាជន​ និង​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​កាន់តែ​ជីវភាព​ក្រីក្រ​ថែម​ទៀត​។​

​លោក​បន្ត​ថា​ លោក​មិន​ជំទាស់​នឹង​ការ​អភិវឌ្ឍ​របស់​រដ្ឋាភិបាល​នោះ​ទេ​ តែ​សូម​ឱ្យ​រដ្ឋាភិបាល​ធ្វើការ​អភិវឌ្ឍ​យ៉ាងណា​ឱ្យ​មានការ​រីក​ចម្រើន​ទាំង​រដ្ឋ​ ទាំង​រាស្ត្រ​ មិនមែន​ធ្វើការ​អភិវឌ្ឍ​ដោយ​ឲ្យ​ប្រជាពលរដ្ឋ​ទឹកភ្នែក​នោះ​ទេ​។​

​លោក​ នូ​ សា​រិ​ន​៖​ «​ប្រជាពលរដ្ឋ​ប្រទេស​គេ​បន់​ឱ្យ​តែ​រដ្ឋាភិបាល​ ឬ​ក្រុមហ៊ុន​ណាមួយ​មក​អភិវឌ្ឍ​ គេ​សប្បាយ​ចិត្តជា​ទីបំផុត​ តែ​ប្រទេស​ខ្មែរ​យើង​អភិវឌ្ឍន៍​កន្លែង​ណា​ថា​ដោះស្រាយ​ងាយស្រួល​តែ​វា​មិន​អ​ញ្ចឹ​ង​។​ មេរៀន​ប្រជាពលរដ្ឋ​មាន​ច្រើន​ណាស់​ហើយ​ ដី​បឹង​កក់​ដោះស្រាយ​មិន​ទាន់​សព្វ​ជ្រុងជ្រោយ​បែប​ជា​បូម​ដី​ចាក់​ ដីក្រហម​ សំបុកចាប​ ប៊ូ​ឌី​ង​ គ្រប់កន្លែង​ជាដើម​ ដូច្នេះ​ប្រជាពលរដ្ឋ​ផ្លូវដែក​ខ្ញុំ​រស់នៅ​ស្របច្បាប់​ កុំ​ថា​សំណង់អាណាធិបតេយ្យ​ឬ​រស់នៅ​លើ​ដី​រស់​ឱ្យ​សោះ​»​។​
​ពាក់ព័ន្ធ​ការ​ស្នើ​របស់​ប្រជាពលរដ្ឋ​ទាំងនេះ​ លោក​ ពៅ​ ឡា​ធី​ ប្រធាន​នាយកដ្ឋាន​រដ្ឋបាល​នៃ​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ បាន​ចេញ​មក​ពន្យល់​ប្រជាពលរដ្ឋ​ថា​ ការ​បើក​វេទិកាសាធារណៈ​ គឺជា​ដែន​សមត្ថកិច្ច​របស់​អាជ្ញាធរ​ដែនដី​ ដូច្នេះ​លោក​សូម​ឱ្យ​ពលរដ្ឋ​ដាក់​ញត្តិ​ ស្នើ​សូម​អាជ្ញាធរ​ដែនដី​វិញ​ ហើយ​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ទៅ​ចូលរួម​តាម​ការ​ស្នើ​សុំ​ ដើម្បី​ពន្យល់​ពី​គោលនយោបាយ​អភិវឌ្ឍន៍​ និង​គោលការណ៍​សំណង​នានា​ជូន​ពលរដ្ឋ​។​

​លោក​ ពៅ​ ឡា​ធី​៖​ «​ខ្ញុំ​បាន​ជម្រាប​ជូន​បងប្អូន​រួច​វិញ​ហើយ​ថា​ រឿង​វេទិកាសាធារណៈ​ គឺជា​រឿង​របស់​អាជ្ញាធរ​ដែនដី​។​ បង​មានការ​អី​បង​ពិភាក្សា​ជាមួយ​ចៅសង្កាត់​ អភិបាល​ខណ្ឌ​ គណៈ​អភិបាល​រាជា​ធានី​ភ្នំពេញ​ទៅ​ លោក​នឹង​រៀបចំវេទិកា​សាធារណៈ​ ពេល​ហ្នឹង​គាត់​នឹង​អ​ញ្ចើ​ញ​ក្រសួង​ជំនាញ​ ដែល​មាន​ក្រសួង​ខ្ញុំ​ផ្ទាល់​ ហើយ​ក៏​មាន​ថ្នាក់​ដឹង​នាំ​ដែល​ជា​ក្រុមការងារ​ត្រួតពិនិត្យ​តាមដាន​គោល​និ​យោ​បាយ​របស់​រដ្ឋាភិបាល​ ហើយ​ក៏​ចុះ​ទៅ​ជួប​បងប្អូន​ និង​ពន្យល់​អំពី​ផល​ប៉ះពាល់​ឬ​មិន​ប៉ះពាល់​យ៉ាងម៉េច​ ហើយ​និង​ដំណោះស្រាយ​យ៉ាងម៉េច​របស់​រាជរដ្ឋាភិបាល​»​។​

​ទាក់ទង​នឹង​ការ​អភិវឌ្ឍ​កន្លង​មក​ សង្គម​ស៊ី​វិល​តែងតែ​រិះគន់​ថា​ រដ្ឋាភិបាល​មិន​បាន​សិក្សា​ពី​ផល​ប៉ះពាល់​ឱ្យ​បាន​ច្បាស់លាស់​ជា​មុន​ ដើម្បី​ផ្តល់​សំណង​សមរម្យ​ដល់​ពលរដ្ឋ​ដែល​រស់នៅ​ក្នុង​តំបន់​អភិវឌ្ឍន៍​នោះ​ទេ​។​ សង្គម​ស៊ី​វិល​ក៏​បាន​លើក​ឡើង​ដែរ​ថា​ គម្រោង​ភាគច្រើន​បាន​ភ្ជាប់​នឹង​អំពើ​ពុក​រលួយ​ ដែល​ជា​កត្តា​ជំរុញ​ឱ្យ​​ពេល​ចុះ​អនុវត្ត​គម្រោង​ បង្ក​ឱ្យ​មានការ​បណ្តេញចេញ​និង​រំលោភសិទ្ធិ​មនុស្ស​៕

Share

ព័ត៌មានទាក់ទង

Image