ប្រទេសថៃ៖ នៅថ្ងៃទី៤ដល់ទី៦នេះ ក្រុមបណ្តាញអ្នកស្រលាញ់ភេទដូចគ្នាតំណាងឱ្យ ១១ ប្រទេសបានជួបជុំគ្នាលើកជជែកពីបញ្ហានានាក្នុងសង្គមរស់នៅរបស់អ្នកស្រលាញ់ភេទដូចគ្នាក្នុងបរិបទប្រទេសនីមួយៗ។ កិច្ចពិភាពក្សារយៈពេល៣ថ្ងៃ បានលើកយកបញ្ហាធំមួយចំនួនមកជជែកនឹងឈានទៅរកដំណោះស្រាយដើម្បីស្វែងរកការគាំទ្រក្នុងនោះមានបញ្ហាការឆ្លងមេរោគអេដស៍ បញ្ហាការរើសអើង បញ្ហាសិទ្ធិ ពិសេស គឺបញ្ហាកង្វះអ្នកតំណាងជាយុវជនវ័យក្មេង។
សកម្មភាពតំណាងបណ្តាញ អ្នកស្រលាញ់ភេទដូចគ្នាជជែកលើបញ្ហាមកដោះស្រាយ។រូបភាពពី គង់ ប៊ុនថន។
ក្រុមតំណាងបណ្តាញ អ្នកស្រលាញ់ភេទដូចគ្នា ឬ Youth LEAD Asia-Pacific Regional Network ដែលតំណាងឱ្យ១១ប្រទេស បាននាំគ្នាចូលរួមធ្វើសិក្ខាសាលាជាមួយយុវជនដែលជាយន្តការសម្របសម្រួលថ្នាក់តំបន់(CCM) នៅទីក្រុងបាងកក ប្រទេស ថៃកាលពីថ្ងៃទី៤ដល់ទី៦ខែកញ្ញានេះ។
កិច្ចពិភាក្សារយៈពេល ៣ថ្ងៃលើទឹកដីព្រះជាណាចក្រថៃឡង់ ក្រុមអ្នកស្រលាញ់ភេទដូចគ្នាបានលើកយកបញ្ហាមួយចំនួនដែលអ្នកស្រលាញ់ភេទដូចគ្នាមកជជែក។ដោយក្នុងនោះរួមមានបញ្ហាការឆ្លងមេរោគអេដស៍ ការរើសអើង បញ្ហាសិទ្ធិរបស់អ្នកស្រលាញ់ដូចគ្នា ពិសេស គឺបញ្ហាកង្វះអ្នកតំណាងជាយុវជនវ័យក្មេងដែលករណីនេះនាំឱ្យសំឡេងរបស់អ្នកស្រលាញ់ភេទដូចគ្នាជាយុវជនត្រូវបានគេផាតចេញពីកន្លែងផ្តល់មតិដល់អ្នកធ្វើសេចក្តីសម្រេចចិត្តផ្នែកគោលនយោបាយរបស់ប្រទេសនីមួយៗ។
សិក្ខាសាលារបស់Youth LEAD Asia-Pacific Regional Network។រូបភាពពី គង់ ប៊ុនថន។
នេះបើតាមការគូសបញ្ជាក់របស់លោក គង់ ប៊ុនថន តំណាងគណៈកម្មការសម្របសម្រួលយន្តការមូលនិធិ សកលប្រចាំប្រទេសកម្ពុជា។
លោក គង់ ប៊ុនថន ប្រាប់ថា យុវជនវ័យក្មេងជាតំណាងអ្នកស្រលាញ់ភេទដូចគ្នាមិនថានៅកម្ពុជានិងបណ្តាប្រទេសផ្សេងទៀតនោះទេ គឺសុទ្ធតែជួបបញ្ហាប្រឈមដែលមិនសូវត្រូវបានគេយកចិត្តទុកដាក់ក្នុងការដែលពួកគេតស៊ូមតិទាមទារតម្រូវការជាក់ស្តែងតួយ៉ាងបញ្ហាសិទ្ធិជាដើម។ លោកពន្យល់ថា នៅពេលតំណាងជាយុវជនវ័យក្មេងត្រូវបានផាតចេញពីសង្គមការងារ នោះបញ្ហាប្រឈមនានារបស់ក្រុមអ្នកស្រលាញ់ភេទដូចគ្នានឹងមិនត្រូវបានឈឺឆ្អើលនិងលើកយកទៅធ្វើសេចក្តីសម្រេចចិត្តថ្នាក់គោលនយោបាយឡើយ។
សមាជិកអ្នកចូលរួមថតរូបជុំគ្នា។រូបភាពពី គង់ ប៊ុនថន។
លោក គង់ ប៊ុនថន ដែលជាសិក្ខាកាមរបស់WMCផងដែរនោះបន្ថែមថា នៅពេលរាជរដ្ឋាភិបាលប្រទេសនីមួយបានគិតគូពីសំឡេងរបស់អ្នកតំណាងយុវជនវ័យក្មេងកាន់តែច្រើននោះការទប់ស្កាត់នៃបញ្ហានានាដូចជាបញ្ហាមេរោគអេដស៍ បញ្ហាសិទ្ធិ នឹងត្រូវបានដោះស្រាយដោយមានប្រសិទ្ធភាព។ មានប្រសិទ្ធភាពដ្បិតក្រុមយុវជនវ័យក្មេងមានសក្តានុពលក្នុងការចុះធ្វើសកម្មភាពអប់រំអ្នកស្រលាញ់ភេទដូចគ្នាបានច្រើននិងល្អប្រសើរ។
លោក គង់ ប៊ុនថន៖«ទាក់ទងការប្រជុំភាគីទាំងអស់ដែលបានចូលរួមចង់ឱ្យមានដំណោះស្រាយទាក់ទងធ្វើយ៉ាងណាបង្កើតឱ្យមានតំណាងវ័យក្មេងក្នុងប្រទេសនីមួយៗហ្នឹង។ ចំណែកប្រទេសកម្ពុជាវិញ យើងក៏មានផែនការក្នុងការបង្កើតបណ្តាញយុវជនងាយរងគ្រោះវ័យក្មេងក្រោមការគាំទ្រពីអង្គការUNAIDs.»។
លោក គង់ ប៊ុនថន តំណាងគណៈកម្មការសម្របសម្រួលយន្តការមូលនិធិ សកលប្រចាំប្រទេសកម្ពុជា។រូបភាពពី គង់ ប៊ុនថន។
តាមការបញ្ជាក់ពីលោក គង់ ប៊ុនថន «Youth LEAD Asia-Pacific Regional Network» មានមូលដ្ឋាននៅទីក្រុងបាងកក ប្រទេសថៃ ដែលធ្វើការលើភាពជាអ្នកដឹកនាំ ការអប់រំ ការតស៊ូមតិ និងការអភិវឌ្ឍន៍។ ក្រុមនេះកំពុងចូលរួមយ៉ាងសកម្មជាមួយដៃគូប្រទេស និងអង្គការដែលដឹកនាំដោយយុវជនដើម្បីពង្រឹងការឆ្លើយតបនឹងមេរោគអេដស៍ និងការចូលរួមរបស់យុវជននៅក្នុងដំណើរការទាក់ទងនឹងមូលនិធិសកល ជាពិសេសនៅក្នុងយន្តការសម្របសម្រួលប្រទេស (CCM) នៅក្នុងតំបន់។
Youth LEAD បានធ្វើការយ៉ាងជិតស្និទ្ធជាមួយ CCMs តំបន់អាស៊ីប៉ាស៊ីហ្វិក តាមរយៈ”ការធ្វើផែនទីនៃសមាជិក CCM តំណាងឱ្យយុវជន”។ ចំណែកការវិភាគស្ថានភាពក្នុងតំបន់របស់ក្រុម Youth LEAD ដែលមានចំណងជើងថា “ការចូលរួមរបស់យុវជននៅក្នុង CCM និងដំណើរការមូលនិធិសកលនៅអាស៊ីប៉ាស៊ីហ្វិក” ត្រូវបានចាប់ផ្តើមនៅក្នុង ឆ្នាំ ២០២២ហើយលទ្ធផលបានគូសបញ្ជាក់ពីសារៈសំខាន់នៃការចូលរួមរបស់យុវជននៅក្នុងដំណើរការដែលទាក់ទងនឹងមូលនិធិសកល។
វត្តមានរបស់អ្នកចូលរួម។រូបភាព គង់ ប៊ុនថន។
សូមបញ្ជាក់ថា សិក្ខាសាលានេះមានការចូលរួមដោយយុវជនសំខាន់ៗនៃការចម្លងមេរោគអេដស៍ ដូចជា ក្រុមបុរសរួមភេទជាមួយបុរសនិងអ្នកក្លែងភេទ(MSM/TG) និងអ្នកដែលប្រើប្រាស់គ្រឿងញៀន អ្នករកស៊ីផ្លូវភេទ និងអ្នកដែលរស់នៅជាមួយមេរោគអេដស៍ពីប្រទេសកម្ពុជា ថៃ វៀតណាម ឡាវ ហ្វីលីពីន ឥណ្ឌូនេស៊ី ម៉ាឡេស៊ី នេប៉ាល់ , ឥណ្ឌា ម៉ុងហ្គោលី និងប៊ូតាន។
ក្នុងសកម្មភាពនៃសិក្ខាសាលាពួកគេបានរួមគ្នាមកចែករំលែកនូវបទពិសោធន៍ក៏ដូចជាការយល់ដឹងស្តីពីមូលិធិសកល និងដំណើរការនៃការចូលរួមរបស់យុវជនវ័យក្នុងដំណើរការស្នើសុំថវិការរបស់មូលិធិសកលផងដែរ៕
អត្ថបទខ្លីសរសេរដោយ គង់ ប៊ុនថន សិក្ខាកាមក្នុងវគ្គបណ្តុះបណ្តាលអំពីអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ (MIL) រៀបចំដោយអង្គការមណ្ឌលព័ត៌មានស្រ្តីកម្ពុជា(WMC)៕