ជាទូទៅនៅតាមសាលារៀនរដ្ឋមួយចំនួន ការសាងសង់បង្គន់អនាម័យនៅក្នុងសាលារៀន មិនទាន់សមស្របទៅតាមស្តង់ដារនៅឡើយ ក្នុងនោះមានទាំងអនាម័យ ទាំងសមាមាត្របែងចែកបង្គន់ស្រី និងបង្គន់ប្រុសពុំទាន់ល្អប្រសើរ រួមផ្សំទាំងកង្វះប្រព័ន្ធទឹកស្អាត និងអគ្គិសនីផង។ តើកង្វះបង្គន់អនាម័យតាមសាលារៀនពិតជាធ្វើឱ្យប៉ះពាល់ដល់សុខភាព និងការក្រេបជញ្ជក់ចំណេះដឹងរបស់សិស្សស្រីជាងសិស្សប្រុសមែនឬ?
សូមស្ដាប់បទវិភាគដែលរៀបរៀងជូនដោយលោក ធូ វិរៈ ដូចតទៅ៖
អ្នកវិភាគសង្គម និងមន្ត្រីអង្គការសង្គមស៊ីវិលបានលើកឡើងថា បញ្ហាបង្គន់អនាម័យនៅតាមសាលារៀនរដ្ឋមួយចំនួនធំ នៅពុំទាន់មានស្តង់ដារនៅឡើយ។ បញ្ហាបង្គន់អនាម័យតាមសាលារៀនរដ្ឋ ដែលមិនគោរពតាមស្តង់ដារនេះ បានធ្វើឱ្យប៉ះពាល់ដល់សុខភាពសិស្សានុសិស្ស ពិសេសប៉ះពាល់សតិអារម្មណ៍របស់សិស្សស្រី ដោយសារពួកគេមិនអាចរំដោះទុក្ខបាន។
អ្នកស្រី ជា វណ្ណាត អ្នកវិភាគបញ្ហាសង្គមបានលើកឡើងថា ការសាងសងបង្គន់អនាម័យមិនគ្រប់គ្រាន់ដោយមិនបានបែងចែកបង្គន់សម្រាប់សិស្សស្រី និងសិស្សប្រុស។ អ្នកស្រី ថា ពិសេស បង្គន់អនាម័យ គ្មានស្តង់ដារ ហើយបញ្ហានេះ អាចនឹងធ្វើឱ្យប៉ះដល់សុខភាពសិស្សានុសិស្ស និងពេលខ្លះអាចធ្វើឱ្យសិស្សបោះបង់ការសិក្សា ក៏អាចថាបានដែរ។
អ្នកស្រី វណ្ណាត បានបន្ថែមថា ដើម្បីឱ្យបង្គន់អនាម័យនៅតាមសាលារៀនមានអនាម័យល្អ ទាំងនាយកសាលា លោកគ្រូ-អ្នកគ្រូ រួមទាំងសិស្សានុសិស្សគួរតែប្រើប្រាស់បង្គន់រួមគ្នា ដោយមិនចាំបាច់បែងចែកបង្គន់សម្រាប់សិស្ស និងគ្រូឡើយ។ អ្នកស្រី ថា ធ្វើបែបនេះអាចនឹងចេះអនាម័យបន្ទប់ទឹកបានល្អ។
ស្រដៀងគ្នានេះដែរ លោក កៅ ពឿន នាយកប្រតិបត្តិវិទ្យាស្ថានខ្មែរសម្រាប់អភិវឌ្ឍជាតិបានឱ្យដឹងថា សាលារៀនរដ្ឋភាគច្រើនសាងសង់បង្គន់គ្មានស្តង់ដារត្រឹមត្រូវល្អ អាចទទួលយកបាននៅឡើយទេ។ លោក ពឿន ថា ការខ្វះស្តង់ដារបង្គន់នេះ អាចជាបញ្ហាមួយជះឥទ្ធិពលទៅដល់សិស្សស្រីក្នុងការទទួលយកចំណេះដឹង ទោះបីជាគ្មានការសិក្សាស្រាវជ្រាវណាមួយបញ្ជាក់ពីហេតុផលនេះដ៏ដោយ។
លោកបន្តថា ពេលខ្លះឪពុកម្តាយមួយចំនួនបានបង់ថ្លៃជួលបន្ទប់ទឹក ដើម្បីឱ្យកូនពួកគេអាចប្រើប្រាស់បង្គន់អនាម័យប្រកបដោយសុវត្ថិភាព និងផាសុខភាព ក៏ព្រោះតែបង្គន់អនាម័យតាមសាលារៀនខ្វះការអនាម័យ។
នាយកប្រតិបត្តិវិទ្យាស្ថានខ្មែរសម្រាប់អភិវឌ្ឍជាតិរូបនេះ បញ្ជាក់ថា មានកត្តាមួយចំនួនដែលបណ្តាលឱ្យការសាងសង់បង្គន់អនាម័យមិនមានស្តង់ដារគ្រប់លក្ខណៈគឺ ខ្វះប្រព័ន្ធទឹក និងអគ្គិសនី ប្រើប្រាស់តាមសាលាគ្រប់គ្រាន់។ ម្យ៉ាងទៀតសេវាកម្មភ្ជាប់ប្រព័ន្ធទឹក និងអគ្គិសនី មានតម្លៃខ្ពស់ផង។
ទាំងអ្នកវិភាគសង្គម និងទាំងមន្ត្រីអង្គការសង្គមស៊ីវិលធ្វើការពាក់ព័ន្ធទៅនឹងសាលាសាធារណៈរបស់រដ្ឋបានលើកឡើងដូចគ្នាថា តាមការអង្កេតរបស់អ្នកទាំងពីរខាងលើឃើញថា ការសាងសង់បង្គន់តាមសាលារៀនមួយចំនួនធំ គឺមិនបានគិតពីចំនួនបង្គន់អនាម័យឱ្យមានសមាមាត្រគ្នាជាមួយសិស្សដែលជាអ្នកប្រើប្រាស់ និងមិនទាន់មានស្តង់ដារត្រឹមត្រូវអាចទទួលយកបាននៅឡើយ។
យោងតាមអ្នកវិភាគ និងមន្ត្រីអង្គការសង្គមស៊ីវិលខាងលើទាំងពីរ អាចធ្វើការសន្តិដ្ឋានបានថា ការខ្វះបង្គន់អនាម័យតាមសាលារៀនរបស់រដ្ឋ អាចធ្វើប៉ះពាល់កង្វះអនាម័យសុខភាពដល់សិស្សានុសិស្ស ហើយបញ្ហានេះបណ្តាលឱ្យប៉ះពាល់គុណភាពសិក្សារបស់សិស្ស ពិសេសសិស្សស្រី រហូតអាចឱ្យស្រីទាំងនោះបោះបង់ការសិក្សាផងក៏មិនដឹង។
ទោះបីជាគ្មានការសិក្សាស្រាវជ្រាវណាមួយបញ្ជាក់ពីបញ្ហាសិស្សបោះបង់ការសិក្សាដោយសារបញ្ហាបង្គន់អនាម័យក៏ដោយ ក៏ប៉ុន្តែទាំងអ្នកវិភាគសង្គម និងទាំងមន្ត្រីសង្គមស៊ីវិលបានផ្តល់អនុសាសន៍ដល់រាជរដ្ឋាភិបាល ឱ្យយកចិត្តទុកដាក់ទៅលើការសាងសង់បង្គន់អនាម័យតាមសាលារៀនរបស់រដ្ឋឱ្យកាន់តែប្រសើរនោះគឺ រាជរដ្ឋាភិបាលត្រូវតែមានយន្តការច្បាស់លាស់ធ្វើយ៉ាងណាធានានៅប្រព័ន្ធទឹកស្អាត និងភ្លើង រួមទាំងសេវាលាងសម្អាតបង្គន់ មានគ្រប់សាលាដោយស្តង់ដារតែមួយដូចគ្នា ពិសេសក្រសួងអប់រំត្រូវតែបង្កើនកញ្ចប់ថវិកាជាតិទៅលើផ្នែកនេះឱ្យបានគ្រប់គ្រាន់៕