en     km
en     km

ពលរដ្ឋភូមិឡកំបោរ​ដែលត្រូវជនជាតិវៀតណាម​វាយ​នឹង​ដំបងឆក់ អះអាងថា​ខ្លួននៅតែ​មិនទាន់ទទួល​បាន​យុត្តិធម៌

Share

ក្រុមប្រជាពលរដ្ឋនៅភូមិឡកំបោរដែលអះអាងថាជាជនរងគ្រោះបញ្ជាក់ថាខ្លួននៅតែមិនសុខចិត្តចំពោះដំណោះស្រាយដែល តុលាការក្រុងភ្នំពេញ និងសមត្ថកិច្ចខណ្ឌផ្ដល់ឱ្យ និងអះអាងថាខ្លួននៅតែមិនទាន់ទទួលបានយុត្តិធម៌។ ពួកគេ ទាមទារឱ្យមានការដោះស្រាយផ្ដល់សំណងដែលពួកគេរងគ្រោះទាំងរបួសលើរូបរាងកាយ និងខូចខាតទ្រព្យសម្បត្តិ។ លោក គីម ចាន់ចាវ រាយការណ៍

 

​អ្នកស្រី រឿង អូន ដែលមានកូនប្រុសបង្កើត ឈ្មោះ ឃឿន សុខហេង និងកូនប្រសារឈ្មោះ ថាច់ សុធា ត្រូវរបួសក្នុងហេតុការណ៍នេះបានប្រាប់វិទ្យុស្ត្រីថា តុលាការក្រុងភ្នំពេញ បានសម្រេចឱ្យអ្នកពាក់ព័ន្ធទាំងអស់នៅក្រៅឃុំវិញ រួមទាំងកូនប្រុសអ្នកស្រីផងដែរ ដោយភ្ជាប់នូវលក្ខខណ្ឌបញ្ចប់រឿងនេះ។ អ្នកស្រីបន្តថា អ្នកស្រីមិនសុខចិត្តលើករណីនេះទេ ដោយសារកូនប្រុសរបស់អ្នកស្រី និងកូនប្រសារ ត្រូវបានភាគីជនជាតិវៀតណាមវាយរងរបួសយ៉ាងធ្ងន់ធ្ងរ និងត្រូវបានគេវាយម៉ូតូដឹកយកទៅ ទាំងដែលអ្នកស្រីអះអាងថា អ្នកទាំងពីរមិនបានប៉ះពាល់ដល់ជនជាតិវៀតណាមទាំងនោះឡើយ កូនទាំងពីរដែលអ្នកស្រីអះអាងថាជាជនរងគ្រោះ បែរជាត្រូវបានជាប់ឃុំឃាំង ហើយគេដោះលែងមកវិញ​ភ្ជាប់នូវលក្ខខណ្ឌ និងមិនមានសំណង។

 «ហើយសំណងសងវា(ភាគីវៀតណាម) និយាយជាមួយជនរងគ្រោះនៅមន្ទីរឃុំឃាំងថាសងសំណងក៏វាអត់សងដែរ សូម្បីតែម៉ូតូក៏វាអត់លោះឱ្យយើងដែរ ហើយឡានវាៗយកចេញ ប្រហែលជា៤ថ្ងៃហើយឡានវាហ្នឹង»»

ភាគីជនជាតិវៀតណាម

ព្រឹត្តិការណ៍ហិង្សាកាប់ចាក់ដោយចេតនា បង្កឱ្យមានរងរបួសធ្ងន់ធ្ងរ ដែលកើតឡើងរវាងអ្នកភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ជាមួយជនជាតិវៀតណាមនៅកម្ពុជា កាលពីយប់ថ្ងៃទី១៨ ខែសីហា បានធ្វើឱ្យមានការភ្ជាក់ផ្អើលជាខ្លាំងចំពោះហិង្សាដ៏ធ្ងន់ធ្ងរនៅក្នុងទីក្រុងភ្នំពេញនេះ។ ក្រុមប្រជាពលរដ្ឋទាំងនោះអះអាងថាក្រុមជនជាតិវៀតណាមបានលើកគ្នា៣ឡានតាមដេញវ៉ៃពួកគេដោយមានចងចំណង និងប្រើដំបងឆក់ ហើយមានការបើកឡានដេញបុកអ្នកភូមិ និងដឹកម៉ូតូកូនអ្នកស្រីរឿង អូន ដាក់ឡានផងដែរ។

ភាគីអ្នកភូមឡកំបោរ(ពលរដ្ឋខ្មែរ) ដែលរងរបួស

 ពាក់ព័ន្ធបញ្ហានេះវិទ្យុស្ត្រីបានព្យាយាមទាក់ទងសុំការបំភ្លឺពី អធិការខណ្ឌឬស្សីកែវ លោក ហៀង សារ៉េត  ប៉ុន្តែលោកមិនលើកទូរសព្ទឡើយគិតត្រឹមល្ងាចថ្ងៃទី៣១ សីហានេះ ហើយកាលពីពេលកន្លងទៅលោកធ្លាប់ បានបដិសេដក្នុងការផ្ដល់បទសម្ភាសតាមទូរសព្ទ។ យ៉ាងណាក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី២១ ខែសីហា  លោកបញ្ជាក់ថាពាក់ព័ន្ធការប្រព្រឹត្តអំពើហិង្សាវាយគ្នាទៅវិញទៅមកប្រដាប់ដោយឈើជ្រុង ដាវកែច្នៃ កាំបិតបុ័ងតោ កាំបិតផ្គាក់ ដំបងឆក់ បណ្តាលឱ្យមានរបួសធ្ងន់ស្រាលទាំងសងខាងនេះ គឺដោយសារគូភាគីម្ខាងដែលជាជនជាតិខ្មែរបានចូលទៅលួចស្ទួចត្រីក្នុងស្រះរបស់ភាគីម្ខាងទៀតដែលជាជនជាតិវៀតណាមរស់នៅស្រុកខ្មែរ។

 ក៏ប៉ុន្តែការអះអាងនេះ ត្រូវបានអ្នកស្រី រឿង អូន បដិសេដដោយអ្នកស្រីចាត់ទុកថា ជាការចោទប្រកាន់គ្មានភស្ដុតាង។ អ្នកស្រីអះអាងថា អ្នកស្រីមិនពេញចិត្តក្នុងការបញ្ចប់រឿងនេះឡើយ ប៉ុន្តែដោយសារតែកូនប្រុសរបស់ខ្លួនពិបាកមិនអាចទ្រាំជាប់ឃុំបណ្ដោះអាសន្ននៅក្នុងមន្ទីរឃុំឃាំងខណ្ឌឫស្សីកែវ ទើបកូនប្រុសអ្នកស្រី និងអ្នកជាប់ឃុំផ្សេងទៀតបង្ខំចិត្តផ្ដិតមេដៃបញ្ចប់រឿងដើម្បីបាននៅក្រៅឃុំ ហើយការផ្ដិតមេដៃកាលនោះភាគីវៀតណាមអះអាងថាសងសំណង និងជួសជុលការខូចខាត។ នេះបើតាមការបញ្ជាក់របស់អ្នកស្រី រឿង អូន ។

«ហើយវាបង្ខំឱ្យកូនខ្ញុំផ្ដិតមេដៃ ហើយអាយួនហ្នឹងអាមេបង្កហ្នឹងថា ឱ្យតែកូនខ្ញុំផ្ដិតមេដៃឱ្យវាទៅវានឹងធ្វើម៉ូតូ វាលួងកូនខ្ញុំនៅក្នុងហ្នឹង(មន្ទីរឃុំឃាំង) លួងដើម្បីលែងមានសេរីភាពមកនៅផ្ទះវិញ។ ហើយវាសន្យាថាវាសងលុយថ្លៃពេទ្យថ្លៃអីហ្នឹងឱ្យ ហើយនឹងធ្វើម៉ូតូធ្វើអីឱ្យ។ ដល់ពេលឥលូវ..វាមានណា វាលោះតែឡានវាចេញ ហើយម៉ូតូខ្ញុំនៅជាប់នៅក្នុងហ្នឹងហើយឥលូវឮថាបញ្ជូនដល់វាលស្បូវ។ អញ្ចឹងបានថាខ្ញុំឥលូវវាអត់មែនទែនហ្មងណា៎ ខ្ញុំសួរគេទៅគេថាទាល់តែមាន២០០(ដុល្លារ) បានៗម៉ូតូហ្នឹង ទៅលួសម៉ូតូហ្នឹងមកវិញ។ ចឹងខ្ញុំអត់់មានអា២០០(ដុល្លារ)ហ្នឹងអត់មាន លោកគ្រូឯង។»

រថយន្តនិងឧបករណ៍របស់ភាគីជនជាតិវៀតណាម

របាយការណ៍របស់អធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវបង្ហាញថា ក្នុងសំណុំរឿងនេះ សមត្ថកិច្ច បានហៅគូភាគីទាំងពីរ មកអង្គភាពនគរបាល ដើម្បីបំភ្លឺដោយអនុវត្តទៅតាមនីវិធី បន្ទាប់ពីការបំភ្លឺរួច មានអ្នកពាក់ព័ន្ធនឹងករណីបង្កហិង្សានេះ ចំនួន ១២នាក់ ក្នុងនោះ ខាងភាគីខាងជនជាតិវៀតណាម ចំនួន ០៦នាក់ និងភាគីខាងជនជាតិខ្មែរ ចំនួន ០៦នាក់(បញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត្រ ០១នាក់) ។

ភាគីអ្នកភូមឡកំបោរ(ពលរដ្ឋខ្មែរ) ដែលរងរបួស

ក៏ប៉ុន្តែពេលនេះអ្នកទាំងនោះត្រូវបានដោះលែងវិញហើយ។ ទោះយ៉ាងណាពលរដ្ឋ ដែលមានទំនាស់ជាមួយជនជាតិវៀតណាមទាំងអស់នៅភូមិឡកំបោរនេះ នៅតែអះអាងថាខ្លួនជាជនរងគ្រោះដោយការវាយដុំកាប់ចាក់ពីសំណាក់ក្រុមជនជាតិវៀតណាម។  អ្នកស្រីរឿង អូន អះអាងថា អ្នកស្រី និងពលរដ្ឋក្នុងភូមិផ្សេងទៀត នឹងប្ដឹងទៅកាន់ស្នងការនគរបាលជាតិ និងក្រសួងមហាផ្ទៃ ដើម្បីសុំឱ្យស្ថាប័នជាន់ខ្ពស់ទាំងពីរនេះជួយអន្តរាគមន៍ក្នុងរឿងនេះ៕

 

Share

ព័ត៌មានទាក់ទង

Image