ភ្នំពេញ ៖ អ្នកនាំពាក្យអគ្គស្នងការនគរបាលជាលើកឡើងថា ការផាកពិន័យក្នុងច្បាប់ចរាចរណ៍ផ្លូវគោកថ្មីនៅតែបន្តអនុវត្ត បើទោះបីមានការបន្ធូរបន្ថយចំណុចមួយចំនួននៅក្នុងច្បាប់ចរាចរណ៍ផ្លូវគោកថ្មីនេះក៏ដោយ។
តាមច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ការផាកពិន័យក្នុងច្បាប់នេះ នៅតែបន្តអនុវត្ត បើទោះបីមានការបន្ធូរបន្ថយចំណុចមួយចំនួននៅក្នុងច្បាប់ចរាចរណ៍ផ្លូវគោកថ្មីនេះក៏ដោយ នេះបើតាមការលើកឡើងរបស់អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ។
លោកឧត្តមសេនីយ៍ឯក គៀត ច័ន្ទថារិទ្ធ អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ មានប្រសាសន៍បែបនេះ នៅក្នុងសន្និសីទកាសែត ដែលបានរៀបចំឡើងនៅទីស្នាក់ការអគ្គស្នងការដ្ឋាននគរបាលជាតិ នាថ្ងៃសុក្រ ទី៨ ខែមករា ឆ្នាំ២០១៦នេះ។
លោកថា ការបន្ធូរបន្ថយចំណុចមួយចំនួនដូចជា អនុញ្ញាតមិនឱ្យពលរដ្ឋធ្វើបណ្ណសម្គាល់យានយន្តកម្រិត ១២៥ CC ចុះក្រោម ការបន្ថយតម្លៃធ្វើបណ្ណបើកបរពី ៦ម៉ឺនរៀល មកត្រឹម ២ម៉ឺន ប្រាំពាន់រៀល និងការអនុញ្ញាតឱ្យម្ចាស់យានយន្តគ្មានស្លាកលេខ ដែលសមត្ថកិច្ចឃាត់យានយន្តទុកប្រមាណជិត ៨០០ គ្រឿងទៅយកម៉ូតូរបស់ខ្លួន មកប្រើប្រាស់ដូចធម្មតា ជាដើម។
លោក គៀត ច័ន្ទថារិទ្ធ បានបញ្ជាក់ថា នគរបានចរាចរណ៍នឹងផាកពិន័យដាច់ខាត ចំពោះយាន្តយន្តដែលគ្មានស្លាកលេខ ដោយយោងទៅតាមការពិន័យ មានការចែងក្នុងច្បាប់ចរាចរណ៍ផ្លូវគោកថ្មី។ លោកថា ច្បាប់ដែលបានដាក់ចេញហើយ គឺតំរូវឱ្យប្រជាពលរដ្ឋអនុវត្ត។
«ជាគោលការណ៍ ច្បាប់មិនអនុញ្ញាតឱ្យយានយន្តគ្មានស្លាកលេខបើកបរលើទ្រូងផ្លូវនោះទេ បើគាត់នៅតែបើក គឺនគរបាលចរាចរណ៍ នឹងផាកពិន័យគាត់ហើយ… »។
ក្នុងនោះដែរ លោក គៀត ច័ន្ទថារិទ្ធ បានលើកឡើងដោយសង្កត់ធ្ងន់ថា នគរបានចរាចរណ៍នឹងណែនាំ អប់រំដល់ពលរដ្ឋឱ្យយល់ដឹងពីច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ឱ្យបានច្រើនជាងការផាកពិន័យ។
ទន្ទឹមគ្នានេះដែរ លោក គៀត ច័ន្ទថារិទ្ធ បានលើកឡើងថា រយៈពេល ៧ ថ្ងៃ បន្ទាប់ពីដាក់ឱ្យអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្មីនេះ ប្រជាពលរដ្ឋមានភាគច្រើនបានចូលរួមគាំទ្រ និងចូលរួមអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកបានយ៉ាងល្អប្រសើរ។ លោកថា ការគាំទ្រនេះ ដោយសារពលរដ្ឋយល់ដឹងសារៈសំខាន់នៃការអនុវត្តច្បាប់នេះ ប្រជាពលរដ្ឋបានបង្កលក្ខណៈងាយស្រួល ដល់នគរបាលចរាចរណ៍ធ្វើប្រតិបត្តិការនៅលើដងផ្លូវ និងបង្កលក្ខណៈឱ្យមន្ត្រីនគរបាលចរាចរ បានធ្វើការត្រួតពិនិត្យនូវរាល់ការស្នើសុំ ដោយមិនមានការគេចវេស។
តាមរបាយការណ៍របស់សមត្ថកិច្ច បានឱ្យដឹងថា រយៈពេល ៧ ថ្ងៃមកនេះ មានយានយន្ត ចំនួន ៤៥,២៨០គ្រឿង ក្នុងនោះមានម៉ូតូ ចំនួន ៥៣.៥៩ % បានចូលឱ្យនគរបាលចរាចរណ៍ទូទាំងប្រទេសត្រួតពិនិត្យ។ នគរបាលចរាចរណ៍ទូទាំងប្រទេសអប់រំ និងពន្យល់ច្បាប់ដល់ម្ចាស់យានយន្តចំនួន ២៤,១០៤ គ្រឿង ស្មើ ៥៣.២៧ %។ ក្រៅពីនោះ មានយានយន្ត ២១,១៥៩ គ្រឿង ត្រូវបានផាកពិន័យ ដែលក្នុងនោះពលរដ្ឋដែលបង់ប្រាក់មាន ៧៩ % ផងដែរ។
សូមជម្រាបថា លទ្ធផលត្រួតពិនិត្យអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្មី រយៈពេល ៧ ថ្ងៃ ចាប់ពីថ្ងៃទី ០១ ដល់ថ្ងៃទី៧ មករា កម្លាំងនគរបាលចរាចរបានឃាត់ទុកយានយន្តគ្មានស្លាកលេខប្រមាណជិត ៨០០ គ្រឿង ក្នុងនោះមានរថយន្ត ១៣ គ្រឿង នៅខេត្តចំនួន ១៤ ក្នុងប្រទេសកម្ពុជា៕