ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ីបានរាយការណ៍ថាយន្តហោះគ្មានមនុស្សបានបើកការវាយប្រហារទៅលើអាកាសយានដ្ឋានមួយនៅភាគពាយព្យនៃទីក្រុង Pskov នៃប្រទេសរុស្ស៊ីបានធ្វើឱ្យខូចខាតដល់យន្តហោះដឹកជញ្ជូនយោធាចំនួនពីរគ្រឿង។
សេចក្ដីរាយការណ៍បានឱ្យដឹងថា យន្តហោះដឹកជញ្ជូនម៉ាក Ilyushin 76 ចំនួន២គ្រឿងបានឆេះដោយការវាយប្រហារពីយន្តហោះគ្មានមនុស្សបើក។មន្រ្តីក្នុងតំបន់បាននិយាយថាយោធាកំពុងទប់ទល់នឹងការវាយប្រហារនេះ។ មន្រ្តីរូបនេះបានបង្ហោះវីដេអូដែលបង្ហាញពីអគ្គិភ័យដ៏ធំ និងមានសំឡេងផ្ទុះផងដែរ។
ទីក្រុង Pskov មានចម្ងាយជាង ៦០០គីឡូម៉ែត្រពីប្រទេសអ៊ុយក្រែន ជាប់ព្រំដែនជាមួយប្រទេស Estonia។ទោះយ៉ាងណាប្រទេសអ៊ុយក្រែនមិនបាននិយាយថាខ្លួនមានជាប់ពាក់ព័ន្ធនឹងការវាយប្រហារនេះទេ ប៉ុន្តែជាទូទៅប្រទេសអ៊ុយក្រែនកម្រនឹងធ្វើអត្ថាធិប្បាយអំពីការវាយប្រហារនៅក្នុងប្រទេសរុស្ស៊ីណាស់។ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ប្រទេសអ៊ុយក្រែនត្រូវបានគេជឿថាបានបង្កើនការប្រើប្រាស់យន្តហោះគ្មានមនុស្សបើកវាយប្រហារគោលដៅនានានៅក្នុងប្រទេសរុស្ស៊ី។
អភិបាលតំបន់ Pskov លោក Mikhail Vedernikov បាននិយាយនៅលើ Telegram ថា “ក្រសួងការពារជាតិកំពុងវាយទប់ទល់នឹងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកនៅលើអាកាសយានដ្ឋាន Pskov” ។លោក Vedernikov បាននិយាយថាលោកនៅកន្លែងកើតហេតុនោះបានបន្ថែមថា “យោងទៅតាមព័ត៌មានបឋមមិនមានជនរងគ្រោះទេ”។
របាយការណ៍ដំបូងពីទីភ្នាក់ងារសារព័ត៌មាន Tass របស់រុស្ស៊ី ដែលដកស្រង់ពីសេវាសង្គ្រោះបន្ទាន់ បាននិយាយថា យន្តហោះ Ilyushin 76 (Il-76) ចំនួន៤គ្រឿងបានរងការខូចខាត ក្នុងនោះ២គ្រឿងបានផ្ទុះឆេះជាអណ្តាតភ្លើង” ។ ជាមួយគ្នានេះទីភ្នាក់ងារសារព័ត៌មាន Ria បានផ្សាយនៅពេលបន្ទាប់ថា យន្តហោះ Il-76 ពីរគ្រឿងបានឆេះ។
តំបន់ Pskov ពីមុនជាគោលដៅវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកកាលពីចុងខែឧសភា។
មន្ត្រីរុស្ស៊ីបាននិយាយថា ការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកលើតំបន់ Belgorod របស់រុស្ស៊ីបានសម្លាប់មនុស្សបីនាក់កាលពីសប្តាហ៍មុន ប៉ុន្មានម៉ោងបន្ទាប់ពីយន្តហោះគ្មានមនុស្សបើកបានវាយប្រហារនៅកណ្តាលទីក្រុងម៉ូស្គូ។
ការវាយប្រហារនេះបានកើតឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីយន្តហោះទម្លាក់គ្រាប់បែកចម្ងាយឆ្ងាយរបស់រុស្ស៊ីមួយគ្រឿងត្រូវបានបំផ្លាញនៅក្នុងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែននៅជិតទីក្រុង St Petersburg។
ទោះបីជាអ៊ុយក្រែនមិនបាននិយាយថាខ្លួនបានវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកជាក់លាក់ក៏ដោយ ប៉ុន្តែប្រធានាធិបតី Volodymyr Zelensky ធ្លាប់បាននិយាយថានៅពេលដែលសង្រ្គាមជាមួយរុស្ស៊ីនៅតែបន្តការវាយប្រហារលើទឹកដីរុស្ស៊ីគឺជា “ដំណើរការដែលមិនអាចជៀសបាន ធម្មជាតិ និងយុត្តិធម៌”៕
ប្រភព៖ BBC ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣