ភ្នំពេញ៖ បន្ទាប់ពីមានការរិះគន់ពីអង្គការសង្គមស៊ីវិលមួយចំនួននិងសកម្មជនបក្សប្រឆាំងដែលបានលើកឡើងពីការ តែងតាំងមន្រ្តីចាស់ៗឱ្យកាន់តំណែងថ្មី ហើយបន្ថែមមន្រ្តីថ្មីបន្ថែមទៀតក្នុងជួរថ្នាក់ដឹកនាំរដ្ឋាភិបាលអាណត្តិថ្មីនេះ។ ក្នុងន័យនេះអ្នករិះគន់ទាំងនោះ ចាត់ទុកថាតំណែងរបស់មន្រ្តីមួយចំនួនហាក់តែងតាំងតាមខ្សែរយៈ ជាជាងមើលពីសមត្ថភាព និងផ្តល់ឱកាសដល់អ្នកជំនាន់ថ្មីបញ្ចេញសមត្ថភាព។
ទាក់ទងនឹងរឿងនេះ សម្តេច ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីកម្ពុជា បានទម្លាយសារមួយតាមបណ្ដាញសង្គមតេឡេក្រាមផ្ទាល់ខ្លួនថា នៅអណត្តិថ្មីនេះ សម្តេចគាំទ្រការកែទម្រង់តែលោកមិនគាំទ្រការរៀបចំណាដែលខ្វះការឲ្យតម្លៃចំពោះមនុស្សដែលខំធ្វើការក្នុងរយៈពេលកន្លងមកហើយត្រូវបានដកចេញដោយគ្មានមូលហេតុទេ។ តាមរយៈសារនេះសម្តេចទំនងចង់ឆ្លើយតបទៅនឹងការរិះគន់អំពីការផ្តល់តំណែងទៅកាន់មន្រ្តីថ្មី និងរក្សាចំនួននៃមន្រ្តីចាស់។
យ៉ាងណាមិញអតីតនាយករដ្ឋមន្រ្តីរូបនេះ ឱ្យដឹងផងដែរថាអ្វីដែលខ្លួនបានលើកឡើងនេះមិនមែនទើបតែអណត្តិទី៧នេះឡើយ គឺ ធ្លាប់និយាយក្នុងអង្គប្រជុំដើមអាណត្តិទី៦ឆ្នាំ២០១៨រួចមកហើយ។ ជាថ្មីម្តងទៀតលោកក៏បានលើកឡើងមុនពេលមានការរៀបចំគណៈរដ្ឋមន្ត្រីថ្មីផងដែរ ដោយលោកប្រកាន់យកគុណធម៌ជាគោល ដែលនេះជាការរំលឹកដល់មន្ត្រីបន្តវេនតាមស្ថាប័នឱ្យមានការប្រុងប្រយត្ឋ័លើភាពអគុណធម៍សម្រាប់ការរៀបចំមន្ត្រីក្នុងអាណត្តិថ្មីនេះ៕