en     km
en     km

ពលរដ្ឋមានទំនាស់ដីធ្លីខេត្តកោះកុង ទាមទារតុលាការទម្លាក់បទចោទ និងដោះលែងតំណាងរបស់ពួកគេ

Share

ប្រជាពលរដ្ឋដែលមានវិវាទដីធ្លីនៅខេត្តកោះកុងប្រមាណ១០០នាក់ បានមកជួបជុំគ្នានៅសាលាឧទ្ធរណ៍ខេត្តព្រះសីហនុដើម្បីស្នើសុំអោយតុលាការទម្លាក់ចោលគ្រប់បទចោទ និងដោះលែង តំណាងពលរដ្ឋដែលកំពង់ជាប់ឃុំ នៅព័ន្ធធនាគារខេត្តកោះកុង ចំនួន៩នាក់អោយមានសេរីភាពវិញ នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣។ លោក គីម ចាន់ចាវ រាយការណ៍

ការ​ទាមទារ​នេះ​ ​គឺធ្វើឡើងភ្លាមៗ​បន្ទាប់ពី​សាលាឧទ្ធរណ៍ខេត្ត​ព្រះ​សី​ហ​នុ ​នៅ​ថ្ងៃ​ទី​២​៩​ ខែ​សីហា​ ​សម្រេច​ក្ដីលើសកម្មជន​ដីធ្លី​ ​ខេត្ត​កោះ​កុង​ទាំង​៩​នាក់​ ​ក្រោម​បទ​ញុះញង់​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម។ ​ ក្នុងនោះសាលាឧទ្ធរណ៍ព្រះសីហនុសម្រេចឱ្យសកម្មជន​៧​នាក់ ​ ​ត្រូវ​បាន​ដោះលែង​ឲ្យ​នៅ​ក្រៅ​ឃុំ​ ​ចំណែក​សកម្មជន​២​នាក់​ផ្សេងទៀត​ជាស្ត្រី ​មិន​ត្រូវ​បាន​ដោះលែង​ឡើយ ដោយហេតុថាអ្នកទាំង២​ត្រូវ​បាន​តុលា​ការចោទប្រកាន់​ពាក់ព័ន្ធ​នឹង​បទ​បរិ​ហា​បង្កាច់​កេរ្តិ៍​មួយ​ករណី​ទៀត​។​ ​សកម្មជន​ដែល​ត្រូវ​បាន​ដោះលែង​ ​ទាំង​៧​នាក់​នោះ​រួម​មាន​ ​លោកស្រី​ យឿន​ ​ខ្មៅ​ ​លោកស្រី ​ដេ​ត​ ​ហួរ​ ​លោកស្រី​ ​យី​ ​គន្ធា​ ​លោកស្រី ​ទី​ន​ ​តាំង​ ​លោក​ឡាំង​ ចៀ​វ​ ​លោក​ ហេង​ ជៃ ​និង​លោក​សុខ​ ជៃ​។

ចំណែកសកម្មជន២នាក់ផ្សេងទៀតជាស្ត្រី រួមមានលោកស្រី ផាវ ញើង និងលោកស្រី សេង លីន ត្រូវបន្តឃុំខ្លួននៅពន្ធនាគារ ក្រោមបទចោទបរិហាបង្កាច់កេរ្តិ៍។ ប្រជាសហគមន៍ដែលមកតវ៉ាយល់ថា ការចោទប្រកាន់មួយនេះ គឺជាអយុត្តិធម៌សម្រាប់សកម្មជនដីធ្លីដែលខិតខំការពារដីសហគមន៍ និងដីអាស្រ័យផលរបស់ខ្លួន។

«សូមអំពាវនាវដល់ឯកឧត្តមនាយករដ្ឋមន្ត្រីថ្មីមេត្តា ទម្លាក់បទចោទប្រកាន់និងដោះលែងសកម្មជនពួកខ្ញុំទាំង៩ដែលគេចាប់តាំងថ្ងៃទី២៩ ខែ៦ គាត់រយៈពេល២ខែហើយគាត់នៅក្នុងគុកលំបាកវេទនាអត់បានអត់ទឹក ព្រមទាំងមានជម្ងឺ… សូម្បីអ្នកស្រីផាវ ញ៉ើង គាត់មានកូនង៉ែតយកគាត់ទៅដាក់ក្នុងគុកចឹង គាត់ឈឺផងអីផង។ ចាប់គាត់ដោយអត់មានបទចោទប្រកាន់អីច្បាស់លាស់..»

 

ពាក់ព័ន្ធបញ្ហានេះវិទ្យុស្ត្រីបានព្យាយាមទាក់ទងសុំការបំភ្លឺជាច្រើនសារពីលោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ ប៉ុន្តែលោកមិនឆ្លើយតបសំនួររបស់វិទ្យុស្ត្រីនោះទេ ។ ទោះយ៉ាងណា លោក អំ សំអាត នាយកកិច្ចការទូទៅអង្គការលីកាដូ បានលើកឡើងថា ដំណោះស្រាយដែលប្រើប្រព័ន្ធតុលាការចោទប្រកាន់សកម្មជនដីធ្លីនេះ គឺជារឿងអយុត្តិធម៌សម្រាប់ពួកគេដ្បិតលោកយល់ថា ការកាត់ទោស ឬការឃុំខ្លួនពួកគេនឹងធ្វើឱ្យប៉ះពាល់ដល់ប្រព័ន្ធយុត្តិធម៌ និងមុខមាត់រាជរដ្ឋាភិបាលទៅវិញទេ។

«បញ្ហាដីធ្លីរបស់ប្រជាពលរដ្ឋនេះវាកើតឡើងរ៉ាំរ៉ៃហើយយូរមកហើយអត់មានដំណោះស្រាយ ប៉ុន្តែត្រូវបានតុលាការធ្វើការចោទប្រកាន់ហើយនឹងកាត់ទោសពួកគាត់ទៅវិញណា។ អញ្ចឹងវាប៉ះពាល់ដល់ប្រព័ន្ធយុត្តិធម៌ ប៉ះពាល់ដល់មុខមាត់អាជ្ញាធរ មុខមាត់របស់រាជរដ្ឋាភិបាលទៅវិញ។ អញ្ចឹងយើងឃើញថាទោះបីជាប្រើប្រាស់ឬក៏តុលាការកាត់ទោសពួកគាត់យ៉ាងណាក៏ដោយក៏មិនអាចបំបិទសំឡេងពួកគាត់ មិនអាចបំបិទមិនឱ្យគាត់តវ៉ាបានទេ យើងឃើញហើយផ្ទុយទៅវិញកាន់តែមានការតវ៉ាទាមទារឱ្យមានការដោះលែងអីជាដើម…»។

លោក អំ សំអាត នាយកកិច្ចការទូទៅអង្គការលីកាដូ

ប្រជាសហគមន៍ដែលទៅចូលរួមគាំទ្រតំណាងរបស់ខ្លួននៅមុខសាលាឧទ្ធរណ៍ព្រះសីហនុទាំងអស់ បានស្នើសុំកិច្ចអន្តរាគមពីសម្តេចហ៊ុន សែន និងលោក ហ៊ុនម៉ាណែត ជានាយករដ្ឋមន្ត្រី នៃកម្ពុជា ជួយអន្តរាគមន៍ទម្លាក់ចោលគ្រប់បទចោទ និងដោះលែងពួកគាត់ទាំងអស់អោយមានសេរីភាពវិញ៕

Share

ព័ត៌មានទាក់ទង

Image