កម្មករជាង ២០០ នាក់ មកពីរោងចក្រ អ៊ែជ្យាយ ស្វេតធ័រ នៅក្រុងច្បារមន ខេត្តកំពង់ស្ពឺ នៅថ្ងៃសុក្រនេះ បានឡើងមកតវ៉ានៅមុខក្រសួងការងារ ជាថ្មីម្ដងទៀត ដើម្បីជំរុញឱ្យក្រសួងជួយដោះស្រាយបញ្ហារបស់ពួកគេ ដូចដែលបានដាក់ញត្តិកាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៥ កន្លងមកថ្មីៗនេះ ។
នេះជាលើកទីពីរហើយ ដែលកម្មករ-កម្មការិនី រោងចក្រ អ៊ែជ្យាយ ស្វេតធ័រ បានឡើងមកធ្វើការតវ៉ានៅមុខក្រសួងការងារ ដើម្បីជំរុញឱ្យក្រសួងនេះពន្លឿនការដោះស្រាយបញ្ហាជូនពួកគេ តាមញ្ញត្ដិដែលបានដាក់ជូនក្រសួងកាលពីចុង ខែធ្នូឆ្នាំមុន។
ការឡើងមកតវ៉ានេះធ្វើឡើង នៅថ្ងៃសុក្រ ទី០៨ ខែធ្នូ ឆ្នាំ២០១៦ នៅវេលាម៉ោង ១០ និង ៣០ នាទីព្រឹក ស្ថិតនៅមុខក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ រាជធានីភ្នំពេញ។ នៅក្នុងព្រឹត្ដិការណ៍តវ៉ារបស់កម្មករ-កម្មការនី កាលពីព្រឹកមិញនេះ គឺពុំការប៉ះទង្គិចគ្នា រវាងអាជ្ញារធរ និងកម្មករ កម្មការនីឡើយ។
ទាក់ទងនឹងបញ្ហានេះ លោក ព្រុំ ប៊ុនថន ជាមន្ដ្រីទទួលបន្ទុកផ្នែកព័ត៌មាន នៅសហជីពកម្មករកាត់ដេរកម្ពុជា បានមានប្រសាសន៍ប្រាប់អ្នកសារព័ត៌មានរបស់វិទ្យុស្ដ្រី FM 102 នៃមណ្ឌលព័ត៌មានស្ដ្រីកម្ពុជាថា ការឡើងមកតវ៉ា នេះដោយសារតែកម្មករកម្មការនី មានការលំបាកពេក ព្រោះរង់ចាំដំណោះស្រាយពីក្រសួងការងារតាំងពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំមុនមកដល់ពេលនេះនៅតែមិនឃើញមន្ដ្រីក្រសួងការងារ ចុះទៅដោះស្រាយ។
លោកបន្ថែមថា៖ «កម្មករ មកដើម្បីជំរុញឱ្យរដ្ឋមន្ដ្រីដោះស្រាយនៅសំណើ របស់គាត់ ដែលគាត់ (កម្មករ) បានអូសបន្លាយ បញ្ហាកូដកម្មតាំងពីថ្ងៃទី២៥ ធ្នូ ២០១៥ មក គឺការអូសបន្លាយ បញ្ហាកូដកម្មនេះ មានរយៈពេលជិតមួយខែហើយ ហើយអត់មានដំណោះស្រាយ យើងឃើញថាអាជ្ញាធរ ខេត្ដកំពង់ស្ពឺ គាត់មិនបានយកចិត្ដទុកដាក់ដោះស្រាយ ជូនកម្មករទេ ចឹងហើយទើបគាត់អស់ជម្រើស ហើយនិងអស់ជំនឿលើអាជ្ញាធរ ខេត្ដកំពង់ស្ពឺហ្នឹង បានជាគាត់នាំគ្នាឡើងមកភ្នំពេញ ដើម្បីជំរុញឱ្យក្រសួងរកដំណោះស្រាយជូនពួកគាត់»។
ចំណែក លោក ប៉ាវ ស៊ីណា ប្រធានសហព័ន្ធសហជីពចលនាកម្មករ បានលើកឡើងថា បញ្ហា របស់កម្មករកម្មការនីនាពេលនេះ បើសិនជាមានដំណោះស្រាយជូនពួកគាត់បានសមស្រប ពួកគាត់ក៏មិនចាំបាច់ ឡើងមកតវ៉ា ខាតទាំងពេល ខាតទាំងកម្លាំងឡើយ។ លោកបន្ដ ថា ផ្ទុយទៅវិញបើមើលទៅអាជ្ញារធរហាក់ដូចមិនចង់រកដំណោះស្រាយជូនកម្មករកម្មការនីទេ បើមិនដូច្នេះ ក៏មិនមែនពន្យារពេលរកដំណោះស្រាយ ជូនកម្មករតាំងពី ចុងខែធ្នូ ឆ្នាំមុនមកនោះឡើយ។
លោកបន្ថែមថា៖ «ខ្ញុំគ្រាន់តែមើលឃើញ ដោយសារវាជាទម្លាប់ហើយ វាក៏ជាបទពិសោធដែរ បើយើងមិនបានឱ្យគាត់ មកដល់ក្រសួង ឬក៏ទៅកាន់ស្ថាប័នណាដែលជាស្ថាប័នកំពូលរបស់រដ្ឋ ទេ ដំណោះស្រាយកម្មករ ហាក់បីដូចជាមិនត្រូវបានយកចិត្ដទុកដាក់ដោះស្រាយទេ ជាក់ស្ដែងប្រសិនមានឆន្ទៈ គឺមិនចាំបាច់ឲ្យកម្មករ កូដកម្មតាំងពីថ្ងៃទី២៥ ធ្នូ មកដល់ម៉ោងនេះទេ ហើយយើងឃើញថា រោងចក្រខ្លះធ្វើកូដកម្ម ១ ខែ ២ ខែ ៣ខែ សួរថាហេតុអ្វីបានចាំបាច់ឱ្យយកម្មករធ្វើកូដកម្មច្រើន ម៉ោងច្រើនពេលអញ្ចឹង»។
វិទ្យុស្ត្រីមិនអាចទាក់ទងលោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដើម្បីសុំការបំភ្លឺបានទេនៅល្ងាចថ្ងៃសុក្រនេះ។ ប៉ុន្តែបើតាមលោក ប៉ាវ ស៊ីណា ប្រធានសហព័ន្ធសហជីពចលនាកម្មករ បានបញ្ជាក់ថា ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានសន្យាថា នឹងចុះទៅដោះស្រាយជូនកម្មករ កម្មការនីទាំងនោះ នៅថ្ងៃចន្ទ ទី១១ ខែមករា ខាងមុខនេះ។
លោក ប៉ាវ ស៊ីណា បន្ថែមថា កម្មករកម្មការនី និងសហជីព សម្រេចបញ្ឈប់ការតវ៉ានៅថ្ងៃនេះសិន ដោយរង់ចាំមើលដំណោះស្រាយរបស់ក្រសួង ។ លោកប៉ាវ ស៊ីណា បញ្ជាក់ថា បើសិននៅថ្ងៃចន្ទ សប្ដាហ៍ក្រោយ នៅតែមិនមានដំណោះស្រាយទៀត ក្រុមកម្មករ កម្មការនី សហជីព នឹងហែរកូដកម្មទៅមុខផ្ទះរបស់សម្ដេច ហ៊ុន សែន និងមុខរដ្ឋសភាពទៀតដើម្បីរកដំណោះស្រាយ៕