នាយិកាប្រតិបត្តិអង្គការមណ្ឌលព័ត៌មានស្ត្រីកម្ពុជា(WMC) ចាត់ទុកសេចក្ដីប្រកាសព័ត៌មានរបស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញដែលការពារការដោះលែងទណ្ឌិតសំប៊ុនយានីមិនបានឆ្លុះបញ្ចាំងពីខ្លឹមសារដើមនៃសាលដីកាស្ថាពររបស់តុលាការកំពូលនោះទេ។ ចំណែកអតីតបុគ្គលិកអង្គការ WMC អះអាងថាករណីទណ្ឌិតសំប៊ុន យ៉ានី នេះបើតុលាការនៅតែបន្តឱ្យនៅក្រៅឃុំ នឹងធ្វើឱ្យមានភាពអសោចសម្រាប់ប្រព័ន្ធយុត្តិធម៌នៅកម្ពុជា។ លោក គីម ចាន់ចាវ រាយការណ៍
ក្នុងសន្និសីទសារព័ត៌មាននារសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ ដែលបានផ្សាយលើគេហទំព័រវិទ្យុស្ត្រី Women’s Radio លោកស្រីបណ្ឌិត អ៊ុង ច័ន្ទថុល នាយិកាប្រតិបត្តិនៃអង្គការមណ្ឌលព័ត៌មានស្ត្រីកម្ពុជា បានចាត់ទុកថា សេចក្ដីប្រកាសព័ត៌មាននេះមិនបានឆ្លុះបញ្ចាំងពីសាលដីកាស្ថាពររបស់តុលាការកំពូលនោះទេ ព្រោះតុលាការកំពូលមិនបានព្យួរទោសដូចដែលបានបកស្រាយ និងបំភ្លឺក្នុងសេចក្ដីប្រកាសព័ត៌មានរបស់តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញឡើយ។
«គាត់លែងដោយផ្អែកលើមូលហេតុពីរ មូលហេតុទី១ ព្យូរដែលនៅក្នុងសាលក្រមមិនមានពាក្យព្យួរទេ គេលុបចោលសាលក្រមរបស់តុលាការភ្នំពេញហើយ។ ហើយចំណុចទី២គាត់លើកពីរឿងបញ្ហាអនុវត្តបង្ខំលើរូបរាងកាយហើយដែលជនល្មើសលើសពីអាយុ៦៥ឆ្នាំមិនអាចចាប់ខ្លួន។ ដូច្នេះការអនុវត្តនេះ មិនស្របទៅតាមការស្នើសុំរបស់មេធាវីយើងទេ ហើយការចាប់ខ្លួននៅក្នុងដីកាចាប់ខ្លួនគឺចាប់ខ្លួនពីបទព្រហ្មទណ្ឌរំលោភលើទំនុកចិត្តសេចក្ដីទុកចិត្តជាពិសេសដោយអភិបាល ហើយដូច្នេះការចេញសេចក្ដីថ្លែងការណ៍នេះគឺថាមណ្ឌលព័ត៌មានស្ត្រីកម្ពុជាមិនអាចទទួលយកបានទេ។ ហើយបើការបកស្រាយឧបមាថាការបកស្រាយសាលក្រមមិនច្បាស់ចុះ សួរថាយុត្តិធម៌ទេដែលអយ្យការបកស្រាយឱ្យជនល្មើសឱ្យទណ្ឌិតរួចខ្លួន? ក្នុងពេលដែលលួចលុយគេអស់ជាង២០ម៉ឺនដុល្លារ ធ្វើឱ្យប៉ះពាល់ដល់ការងាររបស់គេ ធ្វើឱ្យប៉ះពាល់ដល់កិត្តិយសរបស់មណ្ឌល សួរថាតើការបកស្រាយទាំងអស់ហ្នឹង ស្របតាមស្មារតីនៃយុត្តិធម៌ទេ?»
ព័ត៌មាននៃការដោះលែងទណ្ឌិត សំប៊ុន យ៉ានី ត្រូវបានមហាជនចាប់អារម្មណ៍ជាខ្លាំង តាមរយៈអត្ថបទសារព័ត៌មានជាច្រើន ត្បិតអីពួកគេឆ្ងល់ថា ហេតុអ្វីទណ្ឌិតដែលមានទោសទណ្ឌត្រូវបានតុលាការដោះលែងឱ្យរួចខ្លួនវិញ ក្រោយពេលចាប់ខ្លួនបានត្រឹមតែ១ថ្ងៃ?
អ្នកស្រី សំប៊ុន យ៉ានី កាលពីអំឡុងឆ្នាំ២០១០(ឆ្វេង) និងរូបអ្នកស្រី សំប៊ុន យ៉ានី ពេលចាប់ខ្លួន(ស្ដាំ)
ក្រោយមានវែកញែកនឹងសម្ងល់ជាច្រើនតាមបណ្ដាញសង្គម អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដែលបានដោះលែងទណ្ឌិត សំប៊ុន យ៉ានី បានចេញសេក្ដីប្រកាសព័ត៌មានមួយ បកស្រាយហេតុផលពីរដែលត្រូវដោះលែងទណ្ឌិតនេះ។ ទី១-ការសម្រេចផ្តន្ទាទោសដោយតុលាការគ្រប់ជាន់ថ្នាក់ នៅក្នុងករណីនេះ ជាការសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារ ដោយការព្យួរទោស ដោយយោងតាមមាត្រា ១០៧ នៃក្រមព្រហ្មទណ្ឌ។ ដូចនេះ ទណ្ឌិត នឹងមិនត្រូវអនុវត្តទោសរបស់ខ្លួន នៅពន្ធនាគារឡើយ លើកលែងតែបំពានលក្ខខណ្ឌ ដូចមានចែងក្នុងក្រមព្រហ្មទណ្ឌ សម្រាប់ការដកហូតការព្យួរទោស។
ហេតុផលមួយទៀតគឺអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ អះអាងថាទណ្ឌិត ជាស្ត្រីមានជំងឺប្រចាំកាយ និងមានវ័យចាស់ជរា អាយុ ៦៦ឆ្នាំ គិតត្រឹមថ្ងៃចាប់ខ្លួន ដោយយោងតាមមាត្រា ៥៣១ នៃក្រមនីតិវិធីព្រហ្មទណ្ឌ ការបង្ខំដល់រូបកាយ មិនអាចធ្វើទៅលើស្ត្រី ដែលមានអាយុចាប់ពី ៦៥ឆ្នាំ ឡើងទៅ។
ទោះយ៉ាងណា លោកស្រីបណ្ឌិត អ៊ុង ច័ន្ទថុល បានឆ្លើយតបនឹងការបកស្រាយនេះថា៖
«ហើយលើអីដែលគាត់ថា ទណ្ឌិតហ្នឹងមានសុខភាពមិនល្អ? យើងចង់បានភស្ដុតាង ហើយយើងក៏មានភស្ដុតាងដែរថាគាត់ដើរចូលហាងល្អៗ ស្លៀកពាក់ល្អ ជិះឡានល្អរស់ក្នុងផ្ទះល្អមិនមានបញ្ហាសុខភាពឡើយ។ មួយទៀតថាមេធាវីយើងសុំឱ្យអនុវត្តការបង្ខំលើរាងកាយ មេធាវីយើងអត់សុំឱ្យអនុវត្តលើការបង្ខំលើរាងកាយទេ នីតិវិធីផ្សេង ដែលថាមានការសម្រេចចិត្តពីតុលាការឱ្យសងលុយ ម្ចាស់សុំឱ្យអនុវត្តការបង្ខំលើរាងកាយគឺយើងអត់បានសុំទេ មេធាវីយើងសុំឱ្យអនុវត្តដីកាចាប់ខ្លួន ពីបទល្មើសរំលោភលើទំនុកចិត្តដោយអ្នកគ្រប់គ្រង..ហើយការចាប់ខ្លួនដីកាហ្នឹងក៏ចេញដោយព្រះរាជអាជ្ញាឈ្មោះ សឿ ឡង់ឌី ហ្នឹងដែរ ហើយគាត់ក៏យល់ថាដីកាហ្នឹងចាប់ខ្លួនដោយរឿងក្បត់ទំនុកចិត្តហ្នឹងដែរគឺចែងច្បាស់…ហើយគាត់ដដែលគាត់លែងទៅជាថាព្យួរទៅវិញខ្ញុំអត់យល់ដែរ…»។
លោកស្រីបណ្ឌិត អ៊ុង ច័ន្ទថុល នាយិកាប្រតិបត្តិនៃអង្គការមណ្ឌលព័ត៌មានស្ត្រីកម្ពុជា ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី២៨ ខែសីហា
សូមជម្រាបថា ក្នុងសវនាការសាលាដំបូងរាជធានីភ្នំពេញអ្នកស្រី សំ ប៊ុនយ៉ានី ត្រូវបានផ្ដន្ទាទោសឲ្យជាប់ពន្ធនាគាររយៈពេល ១ ឆ្នាំពីបទរំលោភលើសេចក្តីទុកចិត្ត ប៉ុន្តែទោសត្រូវបានព្យួរ ដោយមិនបានជាប់ឃុំសូម្បី១ថ្ងៃ និងត្រូវសងលុយដែលបានលួចវិញ។ ដោយមិនអាចទទួលយកបាននូវសាលក្រមសម្រេចនេះអង្គការមណ្ឌលព័ត៌មានស្ត្រីកម្ពុជា(WMC) បានប្តឹងឧទ្ធរណ៍ចំពោះសេចក្តីសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញ ហើយបទចោទនៅសាលាឧទ្ធរណ៍ត្រូវបានប្តូរទៅជាការរំលោភលើទំនុកចិត្តពិសេស។ នៅទីបំផុត សាលាឧទ្ធរណ៍បានកាត់ទោសអ្នកស្រី សំប៊ុន យ៉ានី ឱ្យជាប់ពន្ធនាគាររយៈពេលពីរឆ្នាំ និងសងលុយជាង២០ម៉ឺនដុល្លារដែលបានលួចពីអង្គការមណ្ឌលព័ត៌មានស្រ្តីកម្ពុជា ដោយគ្មានពាក្យថាព្យួរទោសឡើយ និងសងថ្លៃសេវាច្បាប់១ម៉ឺនដុល្លារបន្ថែមទៀត។
មេធាវីរបស់លោកស្រី សំប៊ុន យ៉ានី មិនយល់ស្របនឹងការផ្ដន្ទាទោសកូនក្តីលោកឲ្យជាប់ពន្ធនាគារពីរឆ្នាំរបស់សាលាឧទ្ធរណ៍នេះទេ ហើយបានប្ដឹងសារទុក្ខទៅតុលាការកំពូលដើម្បីជំទាស់ នឹងការផ្ដន្ទាទោសនេះ។ ក៏ប៉ុន្តែតុលាការកំពូលបានសម្រេចតម្កល់សាលដីការបស់សាលាឧទ្ធរណ៍ កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០ទុកជាបានការដដែល។
បន្ទាប់ពីរងការផ្ដន្ទាទោសអ្នកស្រី សំប៊ុន យ៉ានី បានរត់គេចខ្លួនអស់រយៈពេលជាច្រើនឆ្នាំ។ លោកព្រះរាជអាជ្ញារង សឿ ឡង់ឌីបានចេញដីកាបង្គាប់ឱ្យចាប់ខ្លួននៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២២ ហើយនគរបាលរាជធានីភ្នំពេញ បានចាប់ខ្លួនទណ្ឌិត សំប៊ុន យ៉ានី នៅផ្ទះលេខ១១១ ផ្លូវលេខ១ បុរីពិភពថ្មីចំការដូង១ នៅថ្ងៃព្រហស្បតិ៍ ទី២៤ ខែសីហា ឆ្នាំ២០២៣។ ដំណឹងនេះបានធ្វើឱ្យបុគ្គលិកមណ្ឌលព័ត៌មានស្ត្រីកម្ពុជាទាំងអស់សប្បាយចិត្តជាខ្លាំង ដោយមានអារម្មណ៍ថា នឹងទទួលបានពន្លឺយុត្តិធម៌ហើយ។
ប៉ុន្តែនៅថ្ងៃសុក្រ ទី២៥ ខែសីហា តុលាការរាជធានីភ្នំពេញ បានសម្រេចដោះលែងទណ្ឌិត សំប៊ុន យ៉ានី ឱ្យមានសេរីភាពវិញក្រោយការចាប់ខ្លួនបាន១ថ្ងៃ ខណៈដែលអ្នកស្រីសំប៊ុន យ៉ានី អះអាងថាខ្លួនមិនមានការខ្វាយខ្វល់ក្នុងការសងប្រាក់ដែលបានលួចទាំងនោះឡើយ។
ក៏ប៉ុន្តែក្រោយពីមានសារព័ត៌មានជាច្រើនបានចុះផ្សាយពីការដោះលែងអ្នកស្រី ហើយមានការងឿងឆ្ងល់និងរិះគន់ចំពោះការដោះលែងនេះ ទណ្ឌិត សំប៊ុន យ៉ានី បានចេញវីដេអូឃ្លីបមួយ អះអាងថា ខ្លួនមិនបានគេចវែសទេ ហើយក៏បានត្អូញត្អែថាខ្លួនចាស់និងមានជម្ងឺ។ តែយ៉ាងណាហេតុផលនេះ ហាក់មិនសមស្របឡើយ ដោយថ្នាក់ដឹកនាំអង្គការមណ្ឌលព័ត៌មានស្ត្រីកម្ពុជា បានសង្កេតឃើញថា អ្នកស្រីសំប៊ុន យ៉ានីមានសុខភាពល្អធម្មតា អាចដើរហើរ អាចរស់នៅក្នុងជីវភាពហ៊ឹហាមានផ្ទះរស់នៅល្អសមរម្យ មានឡានទំនើបជិះ និងមានទីតាំងអាជីវកម្មកំសាន្តសម្រាប់កុមារ(Playground)ឈ្មោះ Peeka BOO – ចំការដូង ដែលមានទំហំធំផ្ទះ៤ល្វែងផងដែរ។ លោក រស់ គង់ ផលិតករប្រតិបត្តិវិទ្យុនៃអង្គការមណ្ដលព័ត៌មានស្ត្រីកម្ពុជា បញ្ជាក់ថា៖
«ចុងក្រោយនេះតុលាការសម្រេចដោះលែងសូម្បីតែដៃជាប់ខ្នេះមួយម៉ោងក៏អត់មានដែរ។ គាត់មានសេរីភាពនៅក្រៅឃុំ គាត់ហូបចុកសប្បាយលុយដែលយើងខំរកបាន លុយញើសឈាមដែលអង្គការម្ចាស់ជំនួយអង្គការដៃគូ ខិតខំសម្រាប់យើងយកមកធ្វើសកម្មភាព គេយកមកសប្បាយហ៊ឺហា សូម្បីក្រែម១ដើមក៏គេប្រើអា១ដើម៥០ដុល្លារ ម៉ាស្ការ៉ាលៀបភ្នែកខ្ញុំចាំ១ក៏៧០ដុល្លារដែរ។ កាលនោះខ្ញុំអត់ដឹងទេ អត់ដឹងថាលុយហ្នឹងគេយកទេ រហូតដល់គាត់ជាប់ពិរុទ្ធមានទោសនេះហើយស្បែកជើង១គូក៏គាត់ពាក់១០០ដុល្លារដែរ…»។
លោក រស់ គង់ ផលិតករប្រតិបត្តិវិទ្យុនៃអង្គការមណ្ដលព័ត៌មានស្ត្រីកម្ពុជា ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី២៨ ខែសីហា
ចំណែក អ្នកស្រី ហង្ស សម្ភស្ស អតីតអ្នកគ្រប់គ្រងផ្នែកវិទ្យុ នៃអង្គការមណ្ដលព័ត៌មានស្ត្រីកម្ពុជា បានលើកឡើងថា ករណីដោះលែងទណ្ឌិតនេះមិនត្រឹមតែជាបញ្ហារបស់មណ្ឌលព័ត៌មានស្ត្រីកម្ពុជានោះទេ ប៉ុន្តែជាគំរូមិនល្អដែលចោរលួចលុយមិនទាន់អនុវត្តទោសត្រូវបានតុលាការដោះលែង។
«មានន័យថាអ្វីដែលយើងទាមទារនេះមិនត្រឹមយុត្តិធម៌សម្រាប់មណ្ឌលព័ត៌មានស្ត្រីកម្ពុជាទេ គឺរួមចំណែកលើកស្ទួយប្រព័ន្ធយុត្តិធម៌ផ្ដល់អំណាចដល់ច្បាប់។…ក្នុងនាមខ្ញុំជាពលរដ្ឋខ្មែរ ច្បាប់យើងសំខាន់ណាស់ត្រូវតែផ្ដល់តម្លៃ។ រាល់ថ្ងៃគេកំពុងមានងាយច្បាប់ ទណ្ឌិតកំពុងមើលងាយច្បាប់ហើយ គេមើលងាយថាច្បាប់ខ្មែរអត់តម្លៃទេ គេលួចលុយបានហើយគេមានសេរីភាពទៀត។ អញ្ចឹងសួរថាតុលាការប្រព័ន្ធយុត្តិធម៌ហ្នឹងឈឺអត់?»
អ្នកស្រី សំប៊ុន យ៉ានី ពេលចាប់ខ្លួន(ឆ្វេង) និងរូបអ្នកស្រី សំប៊ុន យ៉ានី កាលពីអំឡុងឆ្នាំ២០១០(ស្ដាំ)
ពាក់ព័ន្ធបញ្ហានេះវិទ្យុស្ត្រីបានព្យាយាមទាក់ទងសុំការឆ្លើយតបពីលោក ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ អំពីបច្ចេកទេសច្បាប់ប៉ុន្តែលោកបដិសេធមិនផ្ដល់អត្ថាធិបាយឡើយ ដោយឱ្យពិនិត្យមើលសេចក្ដីប្រកាសរបស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។
«ហើយអាចមើលទៅទិដ្ឋភាពច្បាប់នៅហ្នឹងហើយ មានសំអាងច្បាប់មានអី ហេតុផលដែលមានច្បាប់ ហើយផ្សាយៗតាមហ្នឹងទៅ វាមិនខុសទេ។ ផ្លូវច្បាប់ហ្នឹងហើយ»។
លោក ជិន ម៉ាលីន អ្នកនំាពាក្យក្រសួងយុត្តិធម៌
ទោះយ៉ាងលោកស្រីអ៊ុង ច័ន្ទថុល នាយិកាប្រតិបត្តិអង្គការមណ្ឌលព័ត៌មានស្ត្រីកម្ពុជា ស្នើយ៉ាងទទូចដល់ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ ឱ្យចាប់ទណ្ឌិត សំប៊ុន យ៉ានី ដាក់ពន្ធនាគារតាមសាលាដីកាស្ថាពររបស់តុលាការកំពូលដែលបានតម្កល់សាលដីកាសាលាឧទ្ធរណ៍ទុកជាបានការ ដើម្បីបង្ខំទណ្ឌិតរូបនេះសងប្រាក់គ្រប់ចំនួនមកអង្គការមណ្ឌលព័ត៌មានស្រ្តីកម្ពុជាវិញ ត្បិតអីតាមការអង្កេតជាក់ស្ដែងទណ្ឌិត សំប៊ុន យានីនៅមានសុខភាពល្អ ដើរហើរគ្រប់ទីកន្លែង មិនទាន់មានលិខិតពីពេទ្យនៅពន្ធនាគារ និងមិនឈឺដូចការការបំភ្លឺរបស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញឡើយ៕